កាលពីកន្លងទៅនេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម បានមានប្រសសាសន៍ថា សម្រាប់ ក្រុមហ៊ុន គ្រឹះស្ថាន និងសហគ្រាសណាដែលមិនធ្វើប័ណ្ណ ប.ស.ស ឱ្យបុគ្គលិកនឹងត្រូវរងការពិន័យពី បេឡាសន្តិសុខសង្គម។
លោក សុក បូរ៉ា បានមានប្រសាសន៍បន្តថា “ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលប្រើប្រាស់បុគ្គលិក ឬកម្មករ ចាប់ពីម្នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជិកា មកក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)”។
លោកបន្ថែមថា ក្នុងករណីដែល ប.ស.ស. រកឃើញថា ម្ចាស់ក្រុមហ៊ុន ឬសហគ្រាស គ្រឹះស្ថាន ដែលកំពុងប្រើប្រាស់បុគ្គលិក ឬកម្មករ ហើយមិនបានចុះបញ្ជីមកក្នុង ប.ស.ស. នោះ ប.ស.ស. នឹងប្រើប្រាស់យន្តការចុះធ្វើអធិការកិច្ច ហើយបន្ទាប់ពីការចុះធ្វើអធិការកិច្ចរួចហើយ ក្រុមហ៊ុន ឬសហគ្រាស គ្រឹះស្ថានទាំងនោះ នៅតែមិនព្រមចុះបញ្ជីឱ្យបុគ្គលិក ឬកម្មកររបស់ខ្លួនទៀត នោះនឹងត្រូវរងការផាកពិន័យតាមការកំណត់ ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម។ ហើយចំពោះការផាកពិន័យនេះ គឺម្ចាស់ក្រុមហ៊ុនជាអ្នករ៉ាប់រងទាំងស្រុងក្រោយការពិន័យរួច ហើយកាតព្វកិច្ចចុះបញ្ជីនៅ ប.ស.ស. នៅតែបន្តធ្វើដដែរ។
គួរជម្រាបថា បេឡាជាតិសន្តិសុខសង្គម សរសេរអក្សរកាត់ថា ប.ស.ស. ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជន តាមរយ:ការផ្តល់នូវតាវកាលិក (ប្រាក់ឧបត្ថម្ភ) លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និង ផ្នែកប្រាក់សោធន។ចំពោះប័ណ្ណ ប.ស.ស. នេះមានវិសាលភាពទៅលើបុគ្គលដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារទាំង វិស័យសាធារណៈ វិស័យឯកជន បុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ អ្នកបម្រើតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍៕