វប្បធម៌ប្រទេសកម្ពុជាយើងពេលរៀបហើយការរស់នៅជាប្ដីប្រពន្ធ ពេលរកចំណូលគឺស្រ្តីជាប្រពន្ធជាអ្នកកាន់លុយហើយបុរសជាប្ដីដកលុយមួយផ្នែកតូចនៃចំណូលប្រចាំខែសម្រាប់ចំណាយផ្ទាល់ខ្លួនតែប៉ុណ្ណោះ
ទាក់ទងនឹងអ្នកកាន់លុយនៅក្នុងគ្រួសារនេះដែរ អ្នកស្រី ប្រាក់ លឹមហ៊ាង គ្រូបង្គោលនៃក្រុមសន្សំប្រាក់នារីបានលើកឡើងថាជុំវិញញ្ហាថាតើអ្នកណាជាអ្នកកាន់លុយនៅក្នុងគ្រួសារវាមិនសំខាន់នោះទេ តែអ្វីដែលសំខាន់អ្នកណាដែលពូកែទុកដាក់និងចាត់ចាត់លុយគឺគួរតែឲ្យអ្នកហ្នឹងជាអ្នកកាន់។
អ្វីដែលគាត់បានលើកឡើងខាងលើនេះគឺមានន័យមិនមែនត្រូវតែជាប្រពន្ធជាអ្នកកាន់លុយនោះទេពោលគឺបើបុរសជាប្ដីគាត់ពូកែក្នុងការគ្រប់គ្រងលុយកាក់គឺបុរសជាប្ដីគឺជាអ្នកទុកដាក់លុយចំណូលចំណាយប្រចាំខែ។
ជាការពិតណាស់ ការគ្រប់គ្រងលុយកាក់ប្រចាំខែមិនត្រូវតែស្រ្តីជាអ្នកកាន់លុយនោះទេ។ ជាក់ស្ដែងប្រសិនបើឲ្យស្រ្តីជាប្រពន្ធជាអ្នកកាន់តែគាត់មិនចេះគ្រង់គ្រងលុយគិតតែពីចាយផ្ដេសផ្ដាស់ច្បាស់ណាស់ទោះរកបានប៉ុន្មានក៏គ្មានសល់ហើយជីវភាពគ្រួសារមិនងាយធូរធារដូចគេដូចឯងឡើយ។
លើសពីនេះនៅពេលដែលអ្នកនៅជាមួយគ្នាជាប្ដីប្រពន្ធ អ្នកត្រូវមានកុងធនាគារធនាគារចំនួន៣បើចង់ឲ្យគ្រួសារមានជីវភាពធូរធារ៖
១. កុងចំណាយផ្ទាល់ខ្លួន
ទោះបីជានៅជាមួយគ្នាជាប្ដីប្រពន្ធពិតមែនតែអ្នកក៏មានចំណាយផ្ទាល់ខ្លួនរៀងខ្លួនប្រចាំថ្ងៃដែរ។ ដូច្នេះអ្នកនិងដៃគូគួរមានកុងសម្រាប់ចំណាយផ្ទាល់ខ្លួនហើយរាល់ថ្ងៃអ្នកអាចចាយលុយផ្ទាល់ខ្លួនកាត់ចេញពីកុងនេះ។ ឧទាហរណ៍ចំណាយលើការអាហាពេលព្រឹក ចំណាយលើការធ្វើដំណើរនិងចំណាយផ្សេងៗផ្ទាល់ខ្លួនអ្នកអាចចាយចេញពីកុងមួយនេះ។
២. កុងចំណាយរួម
អ្នកគួរមានកុងចំណាយរួមនៅក្នុងគ្រួសារ។ ត្រង់នេះដំបូងដៃអ្នកត្រូវកត់ត្រានូវចំណាយរួមនៅក្នុងគ្រួសារថាតើមួយខែៗជាមធ្យមក្នុងគ្រួសារអ្នកចំណាយរួមមានអ្វីខ្លះហើយចំណាយប៉ុន្មានប្រចាំខែ។ ចំណាយរួមក្នុងគ្រួសារ មានដូចជា ថ្លៃស្នាក់នៅ ទឹកភ្លើង អាហារនិងចំណាយរួមផ្សេងៗទៀត។ ត្រង់នេះឧទាហរណ៍ចំណាយរួមក្នុងគ្រួសារអ្នកមួយខែជាមធ្យម៣០០ដុល្លារ ពេលបើកប្រាក់ខែមកអាចដក៣០០ដុល្លារមកដាក់ក្នុងកុងរួមចំណាយសម្រាប់ចំណាយប្រចាំខែ។ កុងចំណាយរួមនេះ ពេលដៃគូអ្នកចាយលើអ្វីមួយគឺអ្នកទាំង២ដឹងដោយសារកុងនេះអាចភ្ជាប់ប្រើប្រាស់បានរួមគ្នា។
៣. កុងសន្សំរួម
អ្នកត្រូវមានគោលដៅសន្សំរួមព្រោះអ្នកបានសម្រេចរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ។ ដូច្នេះអ្នកគួរមានកុងសន្សំរួមគ្នាដើម្បីងាយសម្រេចគោលដៅរួម។ ជាធម្មតាពេលមនុស្សចាប់ផ្ដើមកសាងគ្រួសារ ពួកគាត់តែងតែមានគោលដៅសំខាន់ៗដូចជា ទិញផ្ទះ ទិញឡាន ចេញរកស៊ីនិងវិនិយោគជាដើម។ ដូច្នេះអ្នកនិងដៃគូត្រូវតែមានគោលដៅសន្សំរួមគ្នាទើបងាយនឹងសម្រេចគោលដៅទាំងនេះ។ អញ្ចឹងកុងសន្សំរួមគឺពិតជាសំខាន់ដែលអ្នកមិនគួរមើលរំលងឡើយ៕