ទម្លាប់ពន្យារពេលវេលាមិនបានហុចផលល្អនោះឡើយ ព្រោះវាជាឃាតករឈាមត្រជាក់ដែលបានពន្លិចចោលនូវមាសប្រាក់របស់អ្នកឱ្យលិចទៅបាត់តាមពេលវេលា។ យោងតាមការសិក្សាស្រាវជ្រាវមនុស្សដែលមានទម្លាប់ពន្យារពេលច្រើនជាមនុស្សដែលរងវិបត្តិច្រើននិងវង្វេងគោលដៅ។ យ៉ាងណាមិញតើគួរធ្វើយ៉ាងណាដើម្បីផលិតភាពការងារនិងបោះជំហានរួចចេញពីពាក្យចាំសិន? សាកអនុវត្តទម្លាប់៣នេះ៖
១.កត់ចំណាំរឿងសំខាន់ៗ
គេថាបើអ្នកផ្តោតលើបញ្ហាជីវិតនឹងស្គាល់តែបញ្ហា ផ្តោតលើដំណោះស្រាយនិងអាចមើលឃើញផ្លូវ។ មិនខុសអ្វីពីការកត់ចំណាំនៅអ្វីដែលអ្នកត្រូវការធ្វើបំផុតនោះទេ ចាប់ផ្តើមកត់រឿងធំៗ និងមានខ្លឹមសារបំផុតនៅលើក្រដាសមួយ និងកាលវេលាត្រូវចាប់ផ្តើមនិងបញ្ចប់ទៅវិញ។ គម្រោងកាន់តែធំនិងសំខាន់កាន់ ចូរដាក់ពេលកំណត់កាលវិភាគកាន់តែឆាប់កាន់តែល្អព្រោះអ្នកនឹងគ្មានអារម្មណ៍ពន្យាពេលសូម្បីបន្តិច។
២.ធ្វើយឺតៗតែមានថាមពលវិជ្ជមាន
ភាពយឹតយ៉ាវហាក់ដូចជាមិនមានការគ្រប់គ្រងពេលវេលា ប៉ុន្តែបើនៅចាំសិនគឺស្ថានការកាន់តែអាក្រក់ឡើងព្រោះមិនបានធ្វើអ្វីសោះ។ យោងតាមការសិក្សាស្រាវជ្រាវមនុស្ស២%ប៉ុណ្ណោះដែលប្រើពេលវេលាតិចតែធ្វើការបានច្រើនមុខ។ ដូច្នេះហើយការធ្វើការងារយឺតៗក៏អាចជាវិធីមួយបង្កើននូវភាពផ្តោត និងកាត់បន្ថយភាពតានតឹងផងដែរ។ មិនខុសអ្វីពីច្បាប់៨០លើ២០នោះទេ ធ្វើការក្នុងមួយម៉ោង និងសម្រាក១៥នាទី។
៣.ដាក់ម៉ោងរោទ៍
ជម្រើសចុងក្រោយគឺកំណត់នាទី កំណត់ម៉ោង បើនៅពន្យាពេល ដាក់ពិន័យដល់ខ្លួនឯង។ ការប្រើប្រាស់ពេលវេលាមួយ១នាទីឱ្យមានប្រយោជន៍បំផុតគឺ យកពេល១នាទីធ្វើការសម្រេចចិត្តលើរឿងណាមួយប្រកបដោយប្រសិទ្ធិ និងយកពេល១នាទីដើម្បីបង្កើតទម្លាប់ថ្មីមួយ ទោះបន្តិចក្តីតែធ្វើរាល់ថ្ងៃនិងធ្លាប់ខ្លួនមិនខាន។
យ៉ាងណាមិញការដោះស្រាយបញ្ហាដែលធុញថប់និងស្មុគស្មាញ អ្នកជំនាញបានណែនាំឱ្យបំបែកបញ្ហាឱ្យដល់ស្នូលស្វែងរកការងារណាដែលចាំបាច់បំផុតមកដោះស្រាយមុនគេ កាន់តែឆាប់គឺកាន់តែល្អ ព្រោះអ្នកអាចចាប់ឱកាសទៅធ្វើរឿងដែលតូចបំផុតកាន់តែល្អឡើងៗ”៕
អត្ថបទដោយ៖ ពីង ជូអេង