ក្តីបារម្ភរបស់ឪពុកម្តាយ! នេះជា៥របៀប ក្នុងការចិញ្ចឹមកូន អាយុក្រោម១៨ឆ្នាំ ក្នុងសម័យឌីជីថល
Ping Chou EngAPRIL 25 2024901 views

បណ្តេញសង្គម និងវេទិកាឌីជីថលនានា បានបម្រើតម្រូវការរបស់មនុស្សស្ទើរតែគ្រប់វ័យ និងបានជះឥទ្ធិពលទាំងវិជ្ជមាននិងអវិជ្ជមានជាពិសេសចំពោះកុមារ លើការកម្សាន្ត។ ក្នុងនោះដើម្បីធានាថាការប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់កូនៗមានសុខភាពល្អនិងសុវត្ថិភាព ឪពុកម្តាយនាសម័យថ្មីនេះ ហាក់មានការព្រួយបារម្ភជាខ្លាំង លើការចិញ្ចឹមនិងអប់រំកូនៗ ដែលពុំទាន់ដឹងក្តី។

យ៉ាងណាមិញបើតាមប្រភពពីសមាគមន៍សុខមាលភាពកុមារនៃ American Academy of Pediatrics បានឱ្យដឹងថា ផ្អែកទៅលើការស្រាវជ្រាវ មានវិធីសាស្រ្តដ៏មានប្រសិទ្ធិភាព ចំនួន៥ជារបៀបដែលឪពុកម្តាយ អាចចិញ្ចឹមនិងអប់រំកូនមានអាយុក្រោម១៨ឆ្នាំ ​នាសម័យឌីជីថលនេះឱ្យមានភាពត្រឹមត្រូវបាន។

. កំណត់គម្រោងបណ្តាញសង្គម ទាំងកូននិងឪពុកម្តាយ៖​ឪពុកម្តាយគួរតែបង្កើតផែនការគម្រោងសម្រាប់គ្រួសារមួយដែលមានតុល្យភាពលើពេលវេលាដោយមាននិងគ្មានឧបករណ៍ ព្រមទាំងធ្វើការកំណត់ច្បាប់ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងគ្រួសារ បង្កើតម៉ោង និងទីកន្លែងដែលត្រូវតែគ្មានការប្រើប្រាស់អេក្រង់ទូរស័ព្ទ ដូចជាពេលឬទទួលអាហារ ម៉ោងគេងឬពេលវេលាចុងសប្តាហ៍សម្រាប់កូនៗជាដើម។

. ជជែកពីរបៀបប្រើប្រាស់៖ជាឪពុកម្តាយគួរតែមានការពិភាក្សាជាទៀងទាត់ជាមួយក្រុមគ្រួសារអំពីសកម្មភាពលើអនឡាញ ព័ត៌មានអនឡាញដែលមានភាពវិជ្ជមាន និងបទពិសោធន៍មិនល្អមួយចំនួន ដែលអ្នកចង់ឱ្យកូនៗចៀសវាងនិងមិនគួរយកគំរូតាម។ ក្នុងនោះឪពុកម្តាយត្រូវប្រាកដថាកូនៗរបស់អ្នកមានអារម្មណ៍កក់ក្តៅ ថាពួកគេអាចមករកអ្នកសួរអំពីបទពិសោធន៍ បញ្ហា និងចម្ងល់លើអ៊ីនធើណិត ទោះបីជាពួកគេមានអារម្មណ៍ខ្មាសអៀនក៏ដោយ។

. បង្ហាញកូនអំពីការពិតនិងការក្លែងបន្លំ៖នាសម័យនេះសកម្មភាពពិតនិងការក្លែងបន្លំមួយចំនួនកាន់តែមានភាពលាយឡំគ្នាជាខ្លាំង ខណៈមនុស្សមិនសូវយល់ច្បាស់ពីឌីជីថលមួយចំនួនអាចមានការភាន់ច្រឡំ ជាពិសេសក្មេងៗ។ ដូច្នេះឪពុកម្តាយគួរតែជួយកូននិងកុមារតូចៗឱ្យយល់ពីអ្វីដែលជាការពិត និងអ្វីដែលជាសិប្បនិមិត្ត កាត់ត ការក្លែងបន្លំ ការសម្គាល់អំពីការផ្សាយពាណិជ្ជកម្មឬខ្លឹមសារមិនសមរម្យជាដើម។

. ធ្វើជាគំរូ៖ ឪពុកម្តាយអាចធ្វើជាគំរូដ៏ល្អមួយសម្រាប់កូនៗ ដោយរួមបញ្ចូលទាំងទម្លាប់ផ្ទាល់ខ្លួនរបស់អ្នកលើការប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយត្រូវដឹងពីពេលដែលអ្នកគួរយកចិត្តទុកដាក់លើការប្រើប្រាស់បណ្តេញសង្គម និងពេលដែលអ្នកអាចចំណាយពេលជាគំរូ ជាមួយកូនៗ។ ក្នុងនោះនៅពេលដែលអ្នកត្រូវប្រើទូរស័ព្ទរបស់អ្នកនៅជុំវិញកូនៗ សូមប្រាប់កូនរបស់អ្នកនូវហេតុផលដែលអ្នកកំពុងធ្វើនិងភាពសំខាន់របស់វាចំពោះអ្នក ដូចជាការរកស៊ីឬធ្វើអាជីវកម្មតាមអនឡាញជាដើម។

. គិតពីវ័យរបស់កូន ក្នុងការប្រើទូរស័ព្ទ៖ សម្រាប់ឪពុកម្តាយគួរតែពិចារណាអំពីក្នុងកម្រិតវ័យមួយណា ដែលស័ក្តិសមឱ្យកូនៗរបស់អ្នកប្រើស្មាតហ្វូនផ្ទាល់ខ្លួន ជាពិសេសការកំណត់ប្រភេទមាតិកានិងប្រភពណាមួយ ផ្អែកទៅតាមវ័យ សម្រាប់កូនៗប្រើប្រាស់ក្នុងទូរស័ព្ទឬឧបករណ៍របស់ពួកគេផងដែរ។ 

ជាការពិតណាស់សព្វថ្ងៃក្តីបារម្ភដ៏ធំបំផុតរបស់ឪពុកម្តាយគឺខ្លាចកូនត្រូវទទួលរងគ្រោះថា្នក់ដោយសារបណ្តេញសង្គមអូសទាញ មានទំនាក់ទំនងមិត្តភក្តិមិនល្អ ការបោកប្រាស់តាមអនឡាញ ការប្រព្រឹត្តិអំពើខុសច្បាប់ ពុលបណ្តេញសង្គម ភ្លេចខិតខំរៀនសូត្រ ជាពិសេសក្មេងៗជំទង់ៗដែលមានអាយុក្រោម១៨ឆ្នាំ ដែលសង្គមយល់ថាជាមនុស្សមិនទាន់ពេញវ័យ ងាយទទួលរងគ្រោះបំផុត៕

អត្ថបទដោយ៖​​ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia