កាលពីមុននៅពេលដែលនិយាយអំពីឱសថល្បីៗ គេប្រាកដជានឹកឃើញដល់គុណភាពថ្នាំរបស់ប្រទេសបារាំង និងបណ្ដាប្រទេសមួយចំនួនទៀត។ ប៉ុន្តែទន្ទឹមនឹងនេះដែរ គេក៏មិនអាចបដិសេធបានទេថា កម្ពុជាក៏មានសហគ្រាសផលិតឱសថថ្នាំគីណាល់ ដ៏មានកិត្តិនាម ដែលបានបម្រើសុខភាពប្រជាជនខ្មែរ អស់រយៈពេលរាប់ទសវត្សរ៍មកទល់នឹងបច្ចុប្បន្ននេះ។ លោក ឧកញ៉ា ហៃ លីអ៊ាង ជាឱសថបណ្ឌិត និងជាសហគ្រិនដ៏ចាស់វស្សាមួយរូប គឺជាអគ្គនាយកក្រុមហ៊ុន PPM ដែលមានសមត្ថភាពអាចផលិតឱសថនៅខ្មែរជាង២០០មុខ និងចែកចាយ៥០មុខ ទៅកាន់២០ប្រទេសជុំវិញពិភពលោក រហូតធ្វើឱ្យអន្តរជាតិទទួលស្គាល់ជាង២ទសវត្សរ៍។
ក្រឡេកមើលជីវប្រវត្តិរបស់បុគ្គលសំខាន់ នៅពីក្រោយយីហោក្នុងស្រុកដ៏ល្បីឈ្មោះនេះ គឺលោកឧកញ៉ា ហៃ លីអ៊ាង បានកើតនៅក្នុងឆ្នាំ ១៩៥៣ នៅភូមិជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ សហគ្រិនវ័យ៦៩ឆ្នាំរូបនេះគឺជាតួអង្គសំខាន់មួយរូបដែលបានអភិវឌ្ឍន៍ និងលើកកម្ពស់ឱសថគីណាល់ឱ្យមានជីវិតរស់រានយ៉ាងមានកិត្យានុភាពនិងទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានឡើងវិញ។ ឱសថគីណាល់គឺជាឱសថដំបូងគេរបស់ខ្មែរដែលបានបង្កើតឡើងដោយ លោកឱសថបណ្ឌិត កុក សុខគីម តាំងពីទស្សវត្សរ៍ទី៦០មកម្ល៉េះ ដែលលោកត្រូវជាលោកឪពុកក្មេកលោក ឧកញ៉ា ហៃ លីអ៊ាង។
គួបផ្សំប្រសាសន៍របស់លោក ឧកញ៉ា ឱសថបណ្ឌិត ថ្លែងប្រាប់ក្រុមការងារ Business Cambodia បានឱ្យដឹងថាបច្ចុប្បន្ននេះសហគ្រាសបានផលិតឱសថ ជាង២០០មុខហើយនិងបាននាំចេញចំនួន៥០មុខទៅកាន់២០ប្រទេស ព្រមទាំងមានការទទួលស្គាល់យ៉ាងសស្រាក់សស្រាំ នៅលើទីផ្សារអន្តរជាតិ។
មកទល់ចំណុចនេះមនុស្សជាច្រើនច្បាស់ជាមានចម្ងល់ហើយថា តើអ្វីដែលជារោងចក្រផលិតភាពឆ្នើមរបស់សហគ្រិនឆ្អិនវស្សារូបនេះក្នុងការដឹកនាំយីហោក្នុងស្រុក? ចម្លើយគឺ ក្នុងក្រអៅបេះដូងរបស់លោកឧកញ៉ាមានតែពាក្យមួយម៉ាត់ថា “ដើម្បីកម្ពុជា” គឺជាឆន្ទៈរបស់លោកឧកញ៉ា ចាប់តាំងពីពេលត្រឡប់ពីស្រុកបារាំងជាន់មាតុភូមិជាទីស្នេហាម្តងទៀត ក្រោយភ្លើងសង្គ្រាមដ៏ខ្មៅងងឹតត្រូវបានរលត់។
ជាមួយគ្នានេះដែរលោកឧកញ៉ាឱសថបណ្ឌិតលើកឡើងថាលោកមានគោលការណ៍៣ធំៗ ក្នុងការដឹកនាំក្រុមហ៊ុនឱ្យរីកចម្រើនតាំងពីដើមរៀងមកទល់សព្វថ្ងៃនេះគឺ៖
១. រស់ជាមួយមនុស្សរស់៖ ចូររស់នៅចេះចែករំលែក ផ្តល់ឱ្យប្រៀបដូចជាសេដ្ឋកិច្ចវិលជុំ ចេះរស់នៅដាក់ក្តីស្រឡាញ់ ក្តីមេត្តាដល់មនុស្សដែលជ្រកក្រោមម្លប់របស់យើង។
២. យើងក៏មាន គេក៏បាន៖ ធ្វើជំនួញបើយើងមានហើយ សូមឱ្យគេបានដែរ លោកឱកញ៉ាបានបន្ថែមថា “ដូចពាក្យចាស់លោកពោលថា អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅពឹងសំប៉ាន” ដែលនេះជាគោលដៅធ្វើជំនួញយូរអង្វែង។
៣.ការបើកចំហរ៖ សេចក្តីទុកចិត្ត ការបើកចំហរទូលាយ យល់ពីមនុស្សជុំវិញខ្លួននិងសហការីជាដើមដោយមិនប្រកាន់ថាខ្លួនមានឋានៈធំជាងឬមានចំណេះដឹងច្រើនជាងនោះទេ។
គួរជម្រាបផងដែរថា លោកឧកញ៉ាមិនត្រឹមតែជាឱសថបណ្ឌិតដែលបានបង្កើតសហគ្រាសឱសថ PPM នៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានបង្កើតនូវក្រុមហ៊ុនមួយទៀតដែលមានគោលដៅថែរក្សាកេរដំណែលដូនតា គឺក្រុមហ៊ុន Confirel ដែលជាកសិឧស្សាហកម្មក្នុងស្រុកកៃច្នៃកសិផលរបស់កសិករឱ្យក្លាយជាផលិតផលនាំចេញទៅក្រៅប្រទេសដែលមានដូច ជាស្ករត្នោត ទឹកត្នោត ម្រេច និងផលិតកសិកម្មជាច្រើនមុខទៀត៕
អត្ថបទដោយ៖ ពីង ជូអេង