ប្រសិនជាអ្នកចង់បានចំណូលកើន ហើយចង់បានចំណូលមួយដែលហ្នឹងថឹងពិតប្រាកដនោះ អ្នកមិនគួររកចំណូលតែ១ផ្លូវទេ ព្រោះកាលណាដែលយើងមានចំណូលតែមួយផ្លូវនោះនៅពេលអ្នករកលេងកើតវាប្រាកដក្លាយជាធ្នាក់ទាក់ឱ្យអ្នកធ្លាក់ខ្លួនជាមិនខានឡើយ។ ដូច្នេះខាងក្រោមនេះ ជាចំណូល ៣ប្រភពដែលអ្នកគួរពិចារណាកសាងប្រសិនជាចង់ឱ្យចំណូលកើន៖
បច្ចុប្បន្ននេះ បើយើងមើលនិន្នាការប្រទេសកម្ពុជាគឺយើងស្ថិតក្នុងសម័យឌីជីថលហើយ ដូចនេះក្រៅពីទំនេរពីការងារដែលយើងធ្វើការយកប្រាក់ខែ យើងអាចឆ្លៀតរកស៊ីក្រៅម៉ោងបន្ថែមបានពោលយើងអាចលក់ផលិតផលណាដែលយើងមើលទៅវាជាផលិតផលដែលកំពុងតែអំណោយផលសម្រាប់ទីផ្សារ។
យ៉ាងណាមិញដើម្បីឱ្យរបររកស៊ីក្រៅម៉ោងនេះអាចទទួលបានផ្លែផ្កាទៅបាន យើងគប្បីតែខំកសាងបណ្តាញសង្គមជាមុនសិន ដូចជាកសាងហ្វេសប៊ុកផេក Instagram ឬ Tik Tok ជាដើម ព្រោះបើយើងមើលសង្គមឥលូវគេពេញនិយមលេង Tik Tok ច្រើនណាស់ហើយការកសាងកេរ្តី៍ឈ្មោះនៅលើបណ្តាញសង្គមមួយនេះក៏ឆាប់ល្បីលឿនដែរ ហើយបើចង់លក់ផលិតផលដាច់យើងត្រូវកសាងឱ្យគេជឿទុកចិត្តសិនកាលណាដែលគេមានទំនុកចិត្តលើយើងកាន់តែខ្ពស់ផលិតផលរបស់យើងក៏លក់ដាច់ទៅតាមនឹងដែរ។
នៅត្រង់ចំណុចនេះ មិនមែនមានន័យថាក្រៅពីទំនេរការងារសុទ្ធសឹងតែឱ្យលោកអ្នកមកលក់ផលិតផលតាមអនឡាញទាំងអស់នោះឡើយ ពោលយើងអាចចាប់របរណាមួយក្រៅពីលក់អនឡាញបានដោយរបរនោះយើងអាចដឹងថាយើងអាចគ្រប់គ្រងបានបន្ទាប់ពីការងារប្រចាំថ្ងៃជាដើម។
២. ចំណូលប្រចាំខែ (ចំណូលប្រាក់ខែ ថ្លៃជួលតូប ជួលផ្ទះ)
ទាក់ទិនជាមួយចំណូលប្រចាំខែនេះដែរ ក្រៅពីរំពឹងទៅលើប្រាក់ខែយើងគួរតែមានប្រភពចំណូលបន្ថែមទៀត គឺមានដូចជាថ្លៃជួបតូច ឬថ្លៃជួលផ្ទះជាដើម ប៉ុន្តែដើម្បីឱ្យបានចំណូលទាំងនេះបន្ថែមទៀត យើងគួរតែឆ្លៀតសន្សំលុយយើងឱ្យបានសមល្មមដើម្បីយកទៅទិញដីនៅទីតាំងណាមួយដែលអាចទិញហើយយើងមានតូបសម្រាប់ជួលដើម្បីបានចំណូលបន្ថែម។
មួយវិញទៀតប្រសិនបើអ្នកមានដី អ្នកអាចដាក់ជួលឱ្យគេក៏ជាជម្រើសដ៏ល្អ ព្រោះអ្នកអាចទទួលបានចំណូលមួយផ្នែកហើយ រយៈពេលកន្លងផុតទៅកាន់តែយូរដីរបស់អ្នកក៏អាចនឹងកើនតម្លៃកាន់តែថ្លៃផងដែរ។
៣. ចំណូលប្រចាំឆ្នាំ (ភាគលាភ)
នៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ ភាគហ៊ុនគឺជាការវិនិយោគដ៏ពេញនិយមបំផុតមួយ ដែលវាអាចផ្ដល់ប្រាក់ចំណូលពីការទិញថោកលក់ថ្លៃយកចំណេញ ឬមួយក៏រក្សាភាគហ៊ុនទុកហើយចាំទទួលយកភាគលាភទូទាត់ប្រចាំឆ្នាំនៅពេលដែលក្រុមហ៊ុនចំណេញក៏បាន។
សម្រាប់ប្រទេសកម្ពុជា ការទិញលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក៏កំពុងមានការចាប់អារម្មណ៍គួរសមដែរ ហើយវាក៏ជាពេលវេលាដ៏ល្អបំផុតដែលអ្នកត្រូវចាប់ផ្ដើមសិក្សាស្វែងយល់បន្ថែម និងរៀនវិនិយោគតាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រោះពេលដែលអ្នកត្រៀមខ្លួនបានរួចរាល់ ហើយឱកាសមកដល់ អ្នកនឹងអាចចាប់យកឱកាសល្អៗបានមុនគេជាក់ជាពុំខាន។ ដូច្នេះបើបងប្អូនចង់ចេះវិនិយោគភាគហ៊ុនអាចតាមដានFacebook page របស់លោក Toeuy Hong-ទឿយ ហុង។
សូមបញ្ជាក់ថា ចំណុចកសាងប្រភពចំណូលទាំង៣ ខាងលើនេះ គ្រាន់តែជាការចែករំឡេកគំនិតសម្រាប់អ្នកអានគួរពិចារណាតែប៉ុណ្ណោះ ហើយប្រាកដណាស់ថាជម្រើសទាំង៣ ខាងលើនេះ វាអាចត្រូវនឹងមិនត្រូវមនុស្សគ្រប់រូបឡើង ព្រោះប្រសិនជាលោកអ្នករវល់ជាមួយការងារខ្លាំងពេក ហើយយើងឆ្លៀតទៅកសាងប្រភពខាងលើបន្ថែមទៀត វាអាចធ្វើឱ្យយើងបាត់បង់ការផ្តោតលើការងារខ្លះដែរ។
ជម្រើសដ៏ល្អបំផុតមួយ អ្នកត្រូវគិតគូរធ្វើឱ្យអាជីពដែលអ្នកកំពុងធ្វើឱ្យមានភាពរីកចម្រើន ចំណូលកើន ហើយបន្ទាប់មកត្រូវចេះសន្សំចំណូលមួយផ្នែកទុកវាដូចជាគ្រាប់ពូជ ហើយនៅពេលដែលមានឱកាសល្អ អ្នកអាចយកវាទៅវិនិយោគ ឬចាប់ផ្ដើមអាជីវម្មផ្សេងៗដែលអ្នកមានជំនាញ នោះមិនយូរនោះទេអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលលែងរស់នៅពឹងលើប្រាក់ខែទាំងស្រុងតទៅទៀត ឬសល់ប្រាក់ស្តុកស្តម្ភក៏ថាបាន៕
អត្ថបទ៖ ធី ស្រីល័ក្ខ