ស្ត្រីអ្នកដឹកនាំឆ្នើម លោកជំទាវបណ្ឌិត ជា សិរី ទទួលបានពានរង្វាន់អតីតនិស្សិតឆ្នើមពីអូស្ត្រាលី
ឡុង វឌ្ឍនៈMAY 3 2023763 views

នៅថ្ងៃនេះដែរ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្ដែងការចូលរួមអបអរចំពោះលោកជំទាវ បណ្ឌិត ជា សិរី ដែលទទួលបានពានរង្វាន់អតីតនិស្សិតឆ្នើមប្រចាំឆ្នាំ ២០២២ ដែលរៀបចំដោយសមាគមអតីតនិស្សិតកម្ពុជាពីអូស្ត្រាលី (Australian Alumni Association of Cambodia) ទទួលស្គាល់ស្នាដៃឆ្នើមរបស់អតីតនិស្សិតអូស្ត្រាលី ដែលបានប្រើប្រាស់ជំនាញរបស់ពួកគេ ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោកជំទាវ បណ្ឌិត ជា សិរី បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Adelaide (The University of Adelaide) និងជាសមាជិកនៃអ្នកដឹកនាំសកលវ័យក្មេងរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។

ក្នុងនាមជាឧបការីទេសាភិបាលរបស់ធនាគារជាតិនៃកម្ពុជា លោកជំទាវ បណ្ឌិត ជា សិរី បំពេញការងារយ៉ាងស្វិតស្វាញ ដើម្បីអោយមានបរិយាបន្នភាពក្នុងវិស័យហិរញ្ញវត្ថុ និងការផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។

ក្រោមការដឹកនាំរបស់លោកជំទាវ លោកជំទាវបានបង្កើត ការិយាល័យឥណទានកម្ពុជាក្នុងឆ្នាំ២០១២ កម្មវិធីបាគងដែលជាប្រព័ន្ធទូទាត់ប្រាក់តាមអេឡិកត្រូនិកលឿនរហ័ស និងរួមបញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីអប់រំទូទៅរបស់កម្ពុជា។ អ្វីដែលរឹតតែពិសេស ក្រោយពេលដែលលោកជំទាវជំរុញឱ្យបង្កើតបាននូវប្រព័ន្ធបាគង បានធ្វើឱ្យប្រតិបត្តិការទូទាត់របស់ធនាគារជាច្រើនក្នុងស្រុក បានខិតជិតគ្នានៅលើប្រព័ន្ធរួមគ្នាមួយ កាន់តែងាយស្រួលជាងមុនមួយកម្រិតទៀត ហើយក៏បានជំរុញឱ្យវិស័យសេវាឌីជីថលក្នុងស្រុក មានកំណើនកើនឡើងខ្ពស់រហូតដល់ទៅ ៣០០%ឯនោះ។

គួរជម្រាបថានាពេលកន្លងមក លោកជំទាវក៏ធ្លាប់បានចែករំលែកនូវទស្សនៈល្អៗជាច្រើន ដើម្បីជួយឱ្យស្រ្តីកាន់តែក្លាហាន រឹងមាំ ឯករាជ្យ និងអាចក្លាយជាអ្នកដឹកនាំផងដែរ។ ខាងក្រោមនេះគឺជាទស្សនៈដ៏មានតម្លៃចំនួន ៣របស់លោកជំទាវ៖

ទស្សនៈទី១៖ បើថ្ងៃណាមួយគេឱ្យអ្នកជ្រើសរើសរវាងការរស់នៅស្រួលតែគ្មានគោលដៅ និង ការរស់នៅលំបាកបន្ដិចតែមានគោលដៅច្បាស់លាស់ក្នុងជីវិត អ្នកគួរជ្រើសរើសជម្រើសទី២។ រស់នៅស្រួលៗតែគ្មានគោលដៅ ជីវិតគ្មានន័យទេប្រៀបដូចបើកឡានទៅមុខលើថ្នល់ធំរលោងល្អ តែមិនមានគោលដៅឈប់ ចេះតែបិតភ្នែកបើកទៅ ។ តែបើប្រថុយបើកលើផ្លូវដី រលាក់ខ្លះ ហ៊ុយដីខ្លះ កាត់អូរខ្លះ នោះអ្នកនឹងមិនងាយធុញទ្រាន់ជីវិតដ៏វែងឆ្ងាយនោះទេ។ ពេលបានទៅដល់គោលដៅអ្នកនឹងបានឈប់សម្រាក និង មានមោទកភាពលើភាពជោគជ័យរបស់អ្នក។

ទស្សនៈទី២៖ យើងត្រូវជឿជាក់លើខ្លួនឯងថាអាចធ្វើបាន ប្រសិនបើយើងមិនជឿលើខ្លួនឯងទេ​គ្មាននរណាជឿជាក់លើយើងនោះទេ។ ដើម្បីជម្នះឧបសគ្គ យើងត្រូវដឹងច្បាស់ពីគោលជំហរខ្លួនឯងថាចង់បានអ្វីឱ្យប្រាកដ ហើយតស៊ូអំណត់អត់ធ្មត់ រហូតគេអាចយល់ច្បាស់ពីជំហររបស់យើង។

ទស្សនៈទី៣៖ ជំនឿទុកចិត្តលើខ្លួនឯងកើតឡើងពីការមានចំណេះវិជ្ជា និងឥរិយាបថសមរម្យ។ ជាទូទៅស្ត្រីភាគច្រើនតែងតែគិតថា រូបសម្បត្តិជាកត្តាសំខាន់ដើម្បីចូលចំណោមគេចុះ។ វាមិនត្រឹមត្រូវទាំងស្រុងឡើយ។ នេះមិនមែនមានន័យថា រូបសម្បត្តិមិនសំខាន់ទេ។ វាក៏សំខាន់ដែរ ដើម្បីទាក់ទាញអារម្មណ៍អ្នកដទៃពេលជួបគ្នាដំបូង។ ប៉ុន្តែចំណេះវិជ្ជា បញ្ញា និងឥរិយាបថសមរម្យឯណោះទេ ដែលធ្វើឱ្យគេដក់អារម្មណ៍ ចងចាំយើងបានយូរអង្វែង៕

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia