រកស៊ី២ឆ្នាំ ខាតលុយ១៥ម៉ឺន$! លោក khoo kar kiat ប្រាប់កំហុសធំ ២ អ្នករកស៊ីគួរជៀសវាង
Kan DaraAUGUST 18 20259 views

លោក Khoo Kar Kiat បានខាតបង់លុយខ្ទង់ ១៥ម៉ឺនដុល្លារ ក្រោយបើកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ Fastbee ក្នុងរយៈពេល ២២ខែ។ ខាងក្រោមនេះគឺជា កំហុសឆ្គងក្នុងអាជីវកម្មធំៗចំនួន ២ ដែលលោកណែនាំឲ្យអ្នករកស៊ីគ្រប់រូបគួរជៀសវាងឲ្យឆ្ងាយ បើមិនចង់ឆាប់បិទទ្វា៖

១/. ភាពទន់ខ្សោយក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម

ប្រតិបត្តិការអាជីវកម្មគឺពិតជាសំខាន់បំផុតក្នុងការរកស៊ី ព្រោះប្រសិនបើយើងមិនមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ទេ វានឹងបង្កនូវបញ្ហាជាច្រើនដល់ម្ចាស់អាជីវកម្ម។ ជាក់ស្ដែងសម្រាប់ថ្ងៃចាប់ផ្ដើមអាជីវកម្មដំបូងរបស់លោក khoo kar kiat បានផ្ដល់នូវបញ្ហាឈឺក្បាលជាច្រើនតាំងពីថ្ងៃទី១មកម៉្លេះ។

អ្នកដឹកជញ្ជូនមិនបានមកដឹកម្ហូបអាហារទៅដាក់ក្នុងទូ ដូច្នេះលោកត្រូវដឹកជញ្ជូនដោយខ្លួនឯង ពេលខ្លះទូខូចត្រូវជួសជុល និងពេលខ្លះអតិថិជនប្រាប់ថាបើកទូមិនចេញ ហើយខ្លះទៀតដាក់អាហារឱ្យអតិថិជនខុស រហូតពេលខ្លះត្រូវហួសម៉ោងញ៉ាំអាហារបស់អតិថិជនក៏មាន។ នេះជាកំហុសឆ្គងដ៏ធំមួយរបស់លោកក្នុងការចាប់ផ្ដើមអាជីវកម្ម។

/. សម្ពាធពីតម្រូវការទុនពីអ្នកវិនិយោគ

ក្រោយចាប់ផ្ដើមបានមួយរយៈ អាជីវកម្មលោកក៏ត្រូវការទុនបន្ថែមដើម្បីទ្រទ្រង់អាជីវកម្ម និងចង់ពង្រីកខ្លួនឱ្យកាន់តែធំជាងមុន។ ប៉ុន្តែអ្នកវិនិយោគតម្រូវឱ្យលោកពង្រីកទូសម្រាប់ផ្ទុកអាហារឱ្យបាន ១០កន្លែង នៅក្នុងរយៈពេល ៦ខែ ទើបគេនឹងពិចារណាក្នុងការវិនិយោគ។ លោកខំពង្រីកទូមិនទាន់បាន ១០កន្លែងផង ស្រាប់តែក្រុមហ៊ុនជួបបញ្ហាហិរញ្ញវត្ថុដោយអស់លុយសម្រាប់ប្រតិបត្តិការអាជីវកម្ម។

ដូច្នេះជម្រើសលោកបានព្យាយាមទាក់ទងទៅអ្នកវិនិយោគជាច្រើននាក់ដើម្បីមកបណ្ដាក់ទុន ប៉ុន្តែជាលទ្ធផល អាជីវកម្មមួយនេះ មិនអាចគៀងគរទុនពីអ្នកវិនិយោគណាម្នាក់ទាល់តែសោះ ​បើទោះបីជាលោកព្យាយាមខ្លាំងយ៉ាងណាក៏ដោយ។ ជម្រើសចុងក្រោយ លោកក៏សម្រេចចិត្តបិទទ្វារអាជីវកម្មខ្លួនក្រោយដំណើរការបាន ២២ខែ។

ក្រោយបិទទ្វាអាជីវកម្ម និងមានសាព័ត៌មានមួយចំនួនចុះផ្សាយពីលោក ​ធ្វើឱ្យមានសាធារណជនជាច្រើនបានផ្ញើសារមកលើកទឹកចិត្តលោកកុំឱ្យអស់សង្ឃឹម និងចែករំលែកបទពិសោធន៍ស្រដៀងគ្នានឹងលោកផងដែរ ដែលធ្វើឱ្យលោកកាន់តែមានកម្លាំងចិត្ត និងមិនអស់សង្ឃឹមនឹងភាពបរាជ័យនេះ។ 

តាមរយៈបទពិសោធន៍បរាជ័យរបស់លោក បានលើកទឹកចិត្តកុំឱ្យអ្នករកស៊ីជំនាន់ក្រោយខ្លាចរអារជាមយភាពបរាជ័យ ប៉ុន្តែត្រូវគិតថាយើងជាមនុស្ស ហើយគ្មានអ្នកណាអាចជៀសផុតពីកំហុសឆ្គងនោះទេ សំខាន់អ្នកហ៊ានសាកល្បងអ្វីដែលអ្នកចង់ធ្វើ ចេះរៀនសូត្រពីកំហុសទាំងនោះ និងហ៊ានសាកល្បងជាថ្មីម្ដងទៀត៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia