អ្នកស្រី ហាន កាំង (Han Kang) មានវ័យ៥៣ឆ្នាំ ជាអ្នកនិពន្ធនិងសរសេរ ជនជាតិកូរ៉េខាងត្បូងដំបូងគេ ដែល បានទទួលរង្វាន់ណូបែល ផ្នែកអក្សរសាស្ត្រ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅប្រទេសស៊ុយអែត ជាមួួយនឹងសៀវភៅប្រលោមលោកមួយក្បាលដែលមានចំណងជើងថា "The Vegetarian" បោះពុម្ពផ្សាយក្នុងប្រទេសកូរ៉េកាលពីឆ្នាំ២០០៧។
ពានរង្វាន់ណូបែលរបស់ អ្នកស្រី ហាន គឺជាការភ្ញាក់ផ្អើលមួយរបស់មហាជន ពិសេសប្រជាជាតិកូរ៉េខាងត្បូង ព្រោះមិននឹកស្មានដល់ ខណៈនាពេលកន្លងមកពានរង្វាន់ណូបែលផ្នែកអក្សរសាស្រ្តនេះ គេតែងរំពឹងទុកលើអ្នកនិពន្ធមកពីទ្វីបអាមេរិកឬអឺរ៉ុប ហើយអ្នកនិពន្ធអាស៊ីគេរំពឹងថានឹងមកពីប្រទេសចិន។
ប្រលោមលោកបែបអក្សរសាស្រ្តច្នៃប្រឌិត “The Vegetarian”- អ្នកហូបបួស បានបោះពុម្ពដំបូងបំផុតនៅប្រទេសកូរ៉េក្នុងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០០៧ និងបានពានរង្វាន់ International Booker Prize នៅប្រទេសអង់គ្លេសនាឆ្នាំ២០១៦បន្ទាប់ពីសៀវភៅចំណងជើងនេះត្រូវបានបកប្រែជាភាសាអង់គ្លេស។
សៀវភៅនេះបានលើកឡើងអំពីជីវិតស្ត្រីមេផ្ទះដែលបាក់ទឹកចិត្ត យល់សប្តិច្រើនដងអំពីការសម្លាប់សត្វ រហូតធ្វើឲ្យគ្រួសារនាងតក់ស្លុត នៅពេលនាងឈប់បរិភោគសាច់ រហូតដល់នាងឈប់បរិភោគទាំងស្រុង ហើយប្រាថ្នាចង់ក្លាយខ្លួនជាដើមឈើ។
The Vegetarian ជាសៀវភៅដំបូងរបស់ Han ដែលនាងបានបកប្រែជាភាសាអង់គ្លេស បន្ទាប់ពីនាងបានទទួលការបំផុសគំនិត អំពីបន្លែ និង រុក្ខជាតិ នៅពេលជានិស្សិតសាកលវិទ្យាល័យ នាងបានឃើញស្នាដៃរបស់អ្នកនិពន្ធជនជាតិកូរ៉េឈ្មោះ Yi Sang។
យ៉ាងណាមិញចំពោះការឈ្នះពានរង្វាន់នេះ ប្រធានាធិបតីកូរ៉េលោក Yoon Suk Yeol បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "នេះគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយសម្រាប់អក្សរសិល្ប៍កូរ៉េខាងត្បូង និងជាឱកាសសម្រាប់ការប្រារព្ធពិធីជាតិ"។
ចំពោះសមទ្ធិផលរបស់អ្នកស្រី ហាន កាំង នៅក្នុងពេលនេះ ធ្វើឱ្យមនុស្សក្នុងប្រទេសមានការភ្ញាក់ផ្អើលនិងជឿជាក់ថានេះជាពេលមួយដែល វិស័យអក្សរសាស្រ្តក្នុងប្រទេសកូរ៉េខាងត្បូងដល់បរិបទដែលត្រូវផ្លាស់ប្តូរ ពីព្រោះអ្នកស្រីក៏ជាគ្រូបង្រៀន ការសរសេរច្នៃប្រឌិតនៅវិទ្យាស្ថានដ៏ល្បីក្នុងប្រទេសកូរ៉េផងដែរ។
គួរជម្រាបផងដែរថាពានរង្វាន់ណូបែល (Nobel Prizes) គឺជាពានរង្វាន់បែងចែក ចំនួនវិស័យ៥ ដាច់ដោយឡែកពីគ្នា មានដូចជា៖ រូបវិទ្យា គីមីវិទ្យា សរីរវិទ្យាឬឱសថ អក្សរសាស្ត្រនិងសន្តិភាព សម្រាប់ប្រគល់ជូនអ្នកទាំងឡាយណា ដែលបានធ្វើសមិទ្ធផលដ៏អស្ចារ្យផ្តល់អត្ថប្រយោជន៍បំផុតដល់មនុស្សជាតិ៕
អត្ថបទដោយ៖ ពីង ជូអេង