មួយរយៈចុងក្រោយនេះកម្ពុជាហាក់មានភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិគួរឱ្យកត់សម្គាល់ ខណៈប្រទេសខ្មែរបានកត់ត្រាចូលសៀវភៅកំណត់ត្រាពិភពលោក Guinness World Records ជាច្រើន ត្រឹមដើមឆ្នាំ២០២៣។ ចុះស្ថាប័ននេះ មានដើមកំណើតមកពីណា? តើនរណាជាអ្នកបង្កើតឡើង? ហេតុអ្វីកំពូលមនុស្សជាច្រើនត្រូវបានកត់ត្រាចូលសៀវភៅនេះ?
មានអាយុកាលជិត១០០ឆ្នាំមកហើយ Guinness World Records បានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ ដោយមានគំនិតផ្តួចផ្តើមពីវិស្វករជនជាតិអង់គ្លេសលោក Sir Hugh Beaver និងសហស្ថាបនិកដែលជាបងប្អូនភ្លោះ២នាក់ទៀតគឺលោក Norris និងលោក Ross McWhirter សុទ្ធសឹងតែជាអ្នកនិពន្ធនិងជាអ្នកកាសែតដ៏ល្បីនាទីក្រុងឡុង។
រូបភាព៖ លោក Sir Hugh Beaver
ស្ថាប័ននេះត្រូវបានបង្កើតឡើងក្រោមមូលហេតុធំ១របស់ស្ថាបនិក គឺលោកចង់ឱ្យមនុស្សដែលធ្វើរឿងអ្វីមួយសម្រេចបានដោយធំធេងនឹងត្រូវបានចារទុកក្នុងសៀវភៅជាប្រវត្តិសាស្រ្ត ដែលពិភពលោកបានដឹងលឺ ហើយសៀវភៅនោះនឹងត្រូវបកប្រែជាង៤០ភាសានិងបោះពុម្ពទៅទូទាំងពិភពលោក។
រូបភាព៖ បងប្អូនភ្លោះ លោក Norris និងលោក Ross McWhirter
គំនិតបង្កើតសៀវភៅកំណត់ត្រាពិភពលោកនេះបានផុសឡើងបន្ទាប់ពីលោក Beaver បានចូលរួមពិធីជប់លៀងមួយអំឡុងឆ្នាំ១៩៥០ ក្រោយមនុស្សក្នុងពិធីឈ្លោះប្រកែកគ្នាក្នុងការស្វែងរកការពិតដ៏ជាក់លាក់មួយមិនឃើញអំពីហ្គេមបាញ់ធ្នូ។
លទ្ធផលដែលសម្រេចបានស្ថាប័ននេះបានធ្វើកំណត់ត្រាអំពីរឿងរ៉ាវប្លែកៗ ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត ធម្មជាតិនិងកំពូលមនុស្ស តារាល្បីៗ មហាសេដ្ឋីជាច្រើនដែលបានបំបែកកំណត់ត្រា Guinness នេះ។ យ៉ាងណាមិញកម្ពុជាក៏បានបំបែកកំណត់ត្រាអំពីភាពល្អឯក និងអរិច្ឆយៈភាព ដូចជាសិក្ខាសាលាទាក់ទងនឹងអាជីវកម្មធំបំផុតដូចរបស់ក្រសួងអប់រំកម្ពុជាកាលពីឆ្នាំ២០១៧, ទូកងរវែងបំផុត, ផ្សោតយក្សធំបំផុត, និងព្រឹត្តិការណ៍ជាច្រើនទៀត។
គួរជម្រាបផងដែរថាគុណតម្លៃរួមមួយរបស់អង្គការនេះគឺវិញ្ញាបនបត្រ Guinness World Record ត្រូវទទួលស្គាល់អច្ឆរិយភាពទូទាំងពិភពលោក ហើយអ្នកកាន់វិញ្ញាបនបត្រនេះត្រូវបានគេទទួលស្គាល់ជាសកល។ នាពេលបច្ចុប្បន្នស្ថាប័ននេះមានការិយាល័យនៅទីក្រុងឡុងដ៍ សហរដ្ឋអាមេរិក ប៉េកាំង តូក្យូ ឌូបៃនិងសហភាពអឺរ៉ុប៕
អត្ថបទដោយ៖ ពីង ជូអេង