ក្រុមមួយអាចរីកលូតលាស់ ឬរុះរោយ គឺអាស្រ័យទៅលើសមត្ថភាព និងអត្តចរិត របស់មេដឹកនាំ។ ក្នុងនោះ អ្នកនិពន្ធល្បីឈ្មោះ Simon Sinek បានពោលថា មេដឹកនាំដែលអស្ចារ្យ គឺជាអ្នកបម្រើ ដោយផ្អែកទៅលើមេរៀនទាំង១៣ ខាងក្រោមនេះ៖
១/. “មេដឹកនាំបរិភោគក្រោយគេ” ប្រយោគនេះជាពាក្យប្រៀបធៀបសម្រាប់ថ្នាក់ដឹកនាំដែលដាក់តម្រូវការក្រុមមុន ហើយមានឆន្ទៈលះបង់ដើម្បីប្រយោជន៍ក្រុម។
២/. “ការជឿទុកចិត្ត គឺជាមូលដ្ឋានគ្រឹះនៃក្រុមដ៏អស្ចារ្យ” អ្នកដឹកនាំដែលបង្កើតវប្បធម៌នៃការជឿទុកចិត្ត និងសុវត្ថិភាព ផ្តល់អំណាចដល់សមាជិកក្រុមរបស់ពួកគេក្នុងការប្រថុយប្រថាន និងមានភាពច្នៃប្រឌិត។
៣/. “អ្នកដឹកនាំដ៏អស្ចារ្យ បំផុសសមាជិកក្រុមឱ្យជឿលើបុព្វហេតុរួមមួយ” ពួកគេមានចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគត ហើយអាចសំយោគទស្សនៈវិស័យនោះតាមរបៀបដែលស្របនឹងក្រុមរបស់ខ្លួន។
៤/. “អ្នកដឹកនាំដ៏អស្ចារ្យ តែងបន្ទាបខ្លួន និងជាអ្នកបម្រើ” ពួកគេមិនខ្លាចនឹងទទួលខុសត្រូវឡើយ ហើយពួកគេតែងតែមានឆន្ទៈក្នុងការរៀនសូត្រ និងអភិវឌ្ឍខ្លួនឲ្យរីកចម្រើនជាប់ជានិច្ច។
៥/. “អ្នកដឹកនាំដ៏អស្ចារ្យ មានឆន្ទៈប្រជែងនឹងស្ថានភាពបច្ចុប្បន្ន” ពួកគេមិនខ្លាចនឹងគិតក្រៅប្រអប់ឡើយ ហើយតែងរកវិធីថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីដោះស្រាយបញ្ហាកំពុងប្រឈម។
៦/. “អ្នកដឹកនាំដ៏អស្ចារ្យ ចេះយល់ចិត្ត និងអាណិតអាសូរ” ពួកគេយកចិត្តទុកដាក់ចំពោះសមាជិកក្រុមស្មើៗគ្នា ហើយតែងមានឆន្ទៈក្នុងការផ្តល់ជំនួយ។
៧/. “អ្នកដឹកនាំដ៏អស្ចារ្យ ជាអ្នកសម្រេចចិត្ត និងចាត់វិធានការ” ពួកគេមិនពន្យារពេល ឬខ្មាស់អៀន ឬក៏រត់គេចពីការសម្រេចចិត្តដ៏លំបាកនោះទេ។
៨/. “អ្នកដឹកនាំដ៏អស្ចារ្យ មានទំនួលខុសត្រូវ” ពួកគេចាត់ទុកខ្លួនឯង និងសមាជិកក្រុម ជាក្រុមមនុស្សដែលមានទទួលខុសត្រូវខ្ពស់ចំពោះសកម្មភាព និងលទ្ធផលរបស់ខ្លួន។
៩/. “អ្នកដឹកនាំដ៏អស្ចារ្យ ចេះអបអរសាទរចំពោះភាពជោគជ័យ” ពួកគេទទួលស្គាល់ និងផ្តល់រង្វាន់ដល់សមាជិកក្រុមសម្រាប់ស្នាដៃដែលបានកសាង។
១០/. “អ្នកដឹកនាំដ៏អស្ចារ្យ វិនិយោគលើសមាជិកក្រុម” ពួកគេផ្តល់ឱ្យសមាជិកក្រុមនូវការបណ្តុះបណ្តាល និងធនធានដែលក្រុមត្រូវការ ដើម្បីទទួលបានជោគជ័យ។
១១/. “អ្នកដឹកនាំដ៏អស្ចារ្យ បង្កើតវប្បធម៌នៃការរៀនសូត្រជាបន្តបន្ទាប់ និងការកែលម្អ” ពួកគេលើកទឹកចិត្តសមាជិកក្រុមឱ្យរៀនអ្វីថ្មីៗ និងបង្កើនជំនាញរបស់ខ្លួនជាប្រចាំ។
១២/. “អ្នកដឹកនាំដ៏អស្ចារ្យ បង្កើតទំនាក់ទំនងរឹងមាំជាមួយសមាជិកក្រុម” ពួកគេស្គាល់សមាជិកក្រុម ក្នុងកម្រិតផ្ទាល់ខ្លួន ហើយវិនិយោគទៅលើការកសាងទំនុកចិត្ត និងទំនាក់ទំនងរឹងមាំ។
១៣/. “អ្នកដឹកនាំដ៏អស្ចារ្យ បង្កើតបរិយាកាសការងារវិជ្ជមាន” ពួកគេធ្វើឱ្យប្រាកដថាសមាជិកក្រុមមានអារម្មណ៍សុខស្រួល និងមានតម្លៃ។
យ៉ាងណាមិញនិយមន័យនៃ ភាពជាអ្នកដឹកនាំ គឺជាអ្នកបម្រើ គាំទ្រ លើកស្ទួយ សមាជិកក្រុមឲ្យទទួលបាននូវភាពរីកចម្រើនជាបន្តបន្ទាប់ និងបណ្តុះស្មារតីសាមគ្គីក្រុមជាធ្លុងមួយឆ្ពោះទៅកាន់ការសម្រេចគោលដៅរួម ដូចសុភាសិតខ្មែរពោលថា «ចង្កឹះមួយបាច់ កាច់មិនបាក់»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦