ក្រុមហ៊ុន Grab Holdings Inc គឺជាក្រុមហ៊ុនបច្ចេកវិទ្យាបម្រើសេវាកម្មដឹកជញ្ជូន ចែកចាយអាហារ មធ្យោបាយធ្វើដំណើរ និងសេវាកម្មទូទាត់ប្រាក់ឌីជីថលដែលបានបង្កើតឡើងក្នុងឆ្នាំ២០១២ មានមូលដ្ឋាននៅសិង្ហបុរី។
ជាក្រុមហ៊ុននេះល្បីខ្លាំងនៅអាស៊ី រួមទាំងប្រទេសកម្ពុជា តើនរណាជាស្ថាបនិកក្រុមហ៊ុន Grab? ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយបុគ្គលជាបុរសនិងស្រ្តី២រូបដែលជាមិត្តនឹងគ្នា។
ក្នុងនោះលោក Anthony Tan ជាបុរសជនជាតិម៉ាឡេស៊ីកាត់សិង្ហបុរី វ័យ៤២ឆ្នាំ ដែលបានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម មកពីសាកលវិទ្យាល័យ Havard និងបរិញ្ញាបត្រសិល្បៈវិទ្យាសាស្ត្រ ពីសាកលវិទ្យាល័យ Chicago។
កាលពីឆ្នាំ២០២១ ទស្សនាវដ្តី Forbes បានចាត់លោកចូលជាបុគ្គលដែលមានទ្រព្យច្រើនបំផុតលេខទី៤៧នៅសិង្ហបុរី ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ៧៩០លានដុល្លារ។
រីឯសហស្ថាបនិកមួយរូបទៀតគឺអ្នកនាង Tan Hooi Ling ជាជនជាតិម៉ាឡេស៊ី វ័យ៣៩ឆ្នាំ បានរៀនចប់ពីសាលាធុរកិច្ច Harvard ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មក្នុងឆ្នាំ ២០១១ និងបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Bath ក្នុងប្រទេសសិង្ហបុរី លើបរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិច។
គិតត្រឹមឆ្នាំ២០២១ អ្នកនាង Tan Hooi Ling មានទ្រព្យសម្បត្តិប្រមាណ ២២៤លានដុល្លារ។
នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន Grab Holdings Inc កំពុងប្រតិបត្តិការនៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម ដែលជាប់ឈ្មោះជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយក្នុងតំបន់ អាស៊ីអាគ្នេយ៍ ហើយគិតត្រឹមឆ្នាំ២០២៣ Grab មានតម្លៃក្រុមហ៊ុនជាង១៤ពាន់លានដុល្លាអាមេរិក៕
អត្ថបទដោយ៖ ពីង ជូអេង