កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ មាសបានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតប្រចាំឆ្នាំ២០២២ ពោលគឺដល់ ១,៦២៧ដុល្លារក្នុងមួយអោន (មួយតម្លឹង ១,៩៦០ដុល្លារ)។ ក៏ប៉ុន្តែបន្ទាប់ពីនោះតម្លៃរបស់មាសក៏មានការរង្គើឡើងវិញប៉ុន្មានថ្ងៃជាប់ៗគ្នាតែម្ដង។ នេះបើយោងតាមទិន្នន័យពីគេហទំព័រ Gold Price។
អ្នកជំនាញទីផ្សារជាន់ខ្ពស់នៅ RJO Futures លោក Daniel Pavilonis បានលើកឡើងថា "មាសបានធ្លាក់ថ្លៃរបស់ពេលជាច្រើនខែបន្តបន្ទាប់គ្នា ដោយសារតែធនាគារកណ្ដាលអាមេរិកខិតខំចាត់វិធានការដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់ជាមួយនឹងអតិផរណា"។ ហេតុនេះហើយវិនិយោគិនភាគច្រើនមិនបាន ជ្រើសរើសទៅវិនិយោគលើលោហៈធាតុណាឡើយ ព្រោះយល់ថាប្រាក់ដុល្លារកំពុងតែមានតម្លៃខ្លាំង។
អ្នកជំនាញទីផ្សាររូបនេះបានបន្តថា "តម្លៃរបស់មាសបានរង្គើឡើងដោយស្ងាត់ស្ងៀម បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាដើម្បីបញ្ចូលតំបន់អ៊ុយក្រែនចំនួន៤ ដើម្បីឱ្យកងកម្លាំងរបស់គាត់បានកាន់កាប់ដោយផ្នែក"។ បើតាមសារព័ត៌មាន The Guardian បានបញ្ជាក់ឱ្យដឹងថា វាគឺជាការបញ្ជូលតំបន់កាន់កាប់ដោយខុសច្បាប់១ ដែលត្រូវបានកត់សម្គាល់ជាការបង្ខិតបង្ខំដ៏ធំបំផុតនៃទឹកដីនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
ពិធីចុះហត្ថលេខាដែលបានធ្វើឡើងដោយផ្គើននឹងច្បាប់អន្តរជាតិបានធ្វើឡើងនៅក្នុងវិមាន Grand Kremlin ក្នុងវត្តមានរបស់ឥស្សរជននយោបាយរបស់ប្រទេស ហើយបានឈានទៅដល់ការ ធ្វើប្រជាមតិក្លែងក្លាយដែលរៀបចំដោយវិមានក្រឹមឡាំង នៅក្នុងតំបន់៖ Kherson, Zaporizhzhia, Luhansk និង Donetsk ។ឮ
សូមជម្រាបផងដែរថា នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ នេះមាសមានតម្លៃ ១,៦៦០ដុល្លារក្នុងមួយអោន (មួយតម្លឹង ២,០០០ដុល្លារ)៕
អត្ថបទដោយ៖ សូ សុខលី