មាសធ្លាក់ថ្លៃវិញហើយ! ព័ត៌មានសំខាន់មួយចេញពីទឹកដីអាមេរិករុញហាងឆេងមាសធ្លាក់ថ្លៃគំហុក
Toeuy HongMAY 17 202315.6 K views

នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ហាងឆេងមាសលើទីផ្សារអន្តរជាតិបានឡើងថ្លៃដល់ជាង២ពាន់ដុល្លារក្នុងមួយអោន( ស្មើនឹង២៤០៩ដុល្លារក្នុងមួយតម្លឹង)ដោយសារមានការព្រួយបារម្ភខណៈធនាគារអាមេរិកដួលបះជើងជាបន្តបន្ទាប់។ មួយវិញទៀតបញ្ហាបំណុលអាមេរិកឈានដល់ពិដានក៏ជាកត្តាធ្វើឲ្យមាសឡើងផងដែរ។

យ៉ាងណាមិញគិតត្រឹមយប់មិញហាងឆេងមាសបានចាប់ផ្ដើមដាំក្បាលចុះគំហុកពោលគឺធ្លាក់ថ្លៃពីជាង២ពាន់ដុល្លារក្នុងមួយអោនមកត្រឹម១៩៨៥ដុល្លារក្នុងមួយអោន។

បើយោងតាមវេបសាយ Kitco ដែលជាវេបសាយវិភាគនិងតាមដានទីផ្សារមាសបានឲ្យដឹងថាអាមេរិកអាចនឹងឈានមកដល់ការដំឡើងពិដានបំណុលដែលនេះគឺជាព័ត៌មានដ៏ល្អមួយសម្រាប់សេដ្ឋកិច្ចអាមេរិក ហើយព័ត៌មាននេះចាប់ផ្ដើមដាក់សម្ពាធលើមាសឲ្យដាំក្បាលចុះ

 បើតាមការលើកឡើងរបស់លោកស្រី Janet Yellen ប្រធានរតនាគាររបស់អាមេរិកបានឲ្យដឹងនាពេលកន្លងមកថាបំណុលអាមេរិកបានដល់ពិដានដែលមានន័យថាអាមេរិកមិនអាចបន្តលុយខ្ចីលុយគេទៀតបានឡើយ។ ការមិនអាចបន្តខ្ចីលុយគេបានទៀតនេះអាចបង្កហានិភ័យធំដល់សេដ្ឋកិច្ចអាមេរិក ខណៈអាមេរិកអាចអស់សាច់ប្រាក់សម្រាប់ទ្រទ្រង់ការចំណាយផ្សេងៗដូចជា ទាហាន កងទ័ព និងបុគ្គលិកមន្រ្តីរាជការជាដើម។

យ៉ាងណាមិញកាលពីថ្ងៃម្សិលមិញនេះលោក Joe Biden ប្រធានាធិបតីរបស់អាមេរិកបន្ទាប់ពីបានជួបប្រជុំជាមួយមន្រ្តីរដ្ឋសភាកំពូលចំនួន៤រូប បានប្រកាសថាឥឡូវនេះគឺជាសញ្ញាល្អព្រោះអាមេរិកនឹងឈានដល់លទ្ធភាពក្នុងការដំឡើងពិដានបំណុល( Debt ceiling) ដូច្នេះអាមេរិកនឹងអាចបន្តខ្ចីលុយគេ យកមកទ្រទ្រង់ការចំណាយក្នុងសេដ្ឋកិច្ច លែងជាក្ដីបារម្ភសម្រាប់សេដ្ឋកិច្ចអអាមេរិក។ អ៊ីចឹងដំណឹងនៃការដំឡើងពិដានបំណុលបានរុញតម្លៃហាងឆេងមាសឲ្យធ្លាក់ចុះ។

 យ៉ាងណាមិញ លោក Adward Moya អ្នកវិភាគទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុនOANDA បានឲ្យដឹងថា បើទោះបីជាមាសចាប់ផ្ដើមធ្លាក់ថ្លៃពិតមែនប៉ុន្ដែនៅតែមានបញ្ហាជាច្រើនដែលនៅជាក្ដីបារម្ភដូចជាបញ្ហាបំណុលអាមេរិកដល់ពិដាន និងបញ្ហាវិបត្តិធនាគារអាមេរិក។ ដូច្នេះបញ្ហាទាំងនេះធ្វើឲ្យមាសគឺនៅតែជាជម្រើសវិនិយោគដ៏ល្អមួយសម្រាប់អ្នកវិនិយោគខណៈសេដ្ឋកិច្ចអាមេរិកមិនទាន់នឹងន។

យើងងាកមកមើលហាងឆេងមាសនៅកម្ពុជាវិញឃើញថាហាងឆេងមាសក្នុងស្រុកចាប់ផ្ដើមធ្លាក់ចុះមកវិញបន្តិច។ ជាក់ស្ដែងហាង ចែ ពៅ លក់គ្រឿងអលង្ការធ្លាក់បន្តិចមក២៣២ដុល្លារក្នុងមួយជី៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia