ក្រុមហ៊ុន Glorank (HK) ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន បានចុះមកកម្ពុជាផ្ទាល់ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា លើការដំឡើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី ផលិតអាគុយ រួមទាំងឧស្សាកម្មគាំទ្រដល់វិស័យនេះផងដែរ។
យោងតាមការដកស្រង់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក Wang Jiawei អគ្គនាយកក្រុមហ៊ុន Glorank (HK) បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នៅក្នុងជំនួបនោះ ឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយបានបញ្ជាក់ជូនថាអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ គម្រោងប្រភេទនេះជាគម្រោងដែលទទួលបានការលើកទឹកចិត្ត ជាពិសេសគាំទ្រដល់កិច្ចការពារបរិស្ថាន។ បន្ថែមលើនេះ ឯកឧត្តមអគ្កលេខាធិការក៏បានបរិយាយយ៉ាងក្បោះក្បាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបបលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគផលិតទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី។
ជាការឆ្លើយតប លោក Wang Jiawei បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមអគ្គលេខាធិការ ដែលបានទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយស្តីពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេស ពាក់ព័ន្ធនឹងវិស័យដែលក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលការណ៍នេះ បានធ្វើឱ្យក្រុមហ៊ុនកាន់តែមានជំនឿជឿជាក់ក្នុងការសម្រេចចិតបណ្តាក់ទុនវិនិយោគ។
ជាចុងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីមានឱកាសដណ្តើមយកចំណែកទីផ្សារដែលកំពុងមានសក្តានុពល និងទទួលផលចំណេញឆាប់។ ម្យ៉ាងវិញទៀត ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យក្រុមហ៊ុនធ្វើការគិតគូរពិនិត្យលទ្ធភាពវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតតែទៅលើការប្រមូលផ្តុំចង្កោមឧស្សាហកម្មក្នុងវិស័យផលិតទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនីនេះ៕