នៅប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យអចលទ្រព្យនៅប្រទេសកម្ពុជាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយសារតែវិបត្តិសេដ្ឋកិច្ចសកលដែលបានជះឥទ្ធិពលដល់វិស័យសំខាន់ៗជាច្រើន ដែលនាំឲ្យការទិញលក់អចលនទ្រព្យមានការរាំងស្ទះខ្លាំង បើធៀបនឹងក្រោយឆ្នាំ២០១៨។
ទាក់ទិននឹងបញ្ហានេះដែរ អ្នកជំនាញផ្នែកអចលនទ្រព្យឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង បានលើកឡើងថា អចលនទ្រព្យងើបឡើងឬធ្លាក់ចុះ ត្រូវមើលលើវិស័យពាក់ព័ន្ធសំខាន់ៗដួចជា វិស័យកសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធមួយចំនួនទៀត។ បើវិស័យទាំងនោះកើនឡើងនោះការទិញលក់ក្នុងវិស័យអចលនទ្រព្យ ក៏នឹងកើនឡើងដូចគ្នា ព្រោះប្រជាជនមានលុយក្នុងការទិញរបស់ដែលខ្លួនចង់បាន។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia កាលពីពេលថ្មីៗកន្លងទៅនេះលោកមានប្រសាសន៍ដូច្នេះ “ ដីធ្លីឡើងឬចុះមិនមែនយើងជាអ្នកកំណត់នោះទេ អចលនទ្រព្យឡើងថ្លៃឬចុះថ្លៃមិនមែនយើងកំណត់ខ្លួនឯងនោះទេ យើងមើលតែផ្នែកពាក់ព័ន្ធទៅ បើថាទេសចរណ៍ឡើង កសិកម្មឡើង ឧស្សាហកម្មឡើង ស្អីផ្សេងឡើង ដីផ្ទះស្រួលលក់។ ហើយនៅពេលដែលទេសរចណ៍ កសិកម្ម ឧស្សាហកម្ម និងផ្សេងៗធ្លាក់ មនុស្សអត់លុយ គ្មានអ្នកទិញ ដីធ្លីនឹងធ្លាក់ហើយ»។
ជុំវិញនឹងវិស័យអចលនទ្រព្យនេះដែរ អ្នកជំនាញរូបនេះ មើលឃើញថានៅឆ្នាំ២០២៥ ខាងមុខអចលនទ្រព្យអាចនឹងល្អប្រសើរឡើងវិញក្នុងកម្រិតណាមួយ ដោយសារនៅឆ្នាំ២០២៥ សេដ្ឋកិច្ចពិភពលោកនឹងល្អប្រសើរជាឆ្នាំ២០២៤ ដោយផ្អែកលើសហរដ្ឋអាមេរិកមានមេដឹកនាំថ្មី (Donald Trum) ដែលជាអ្នករកស៊ី ហើយបើលោក Donald Trum ទម្លាក់អត្រាការប្រាក់នៅអាមេរិកនោះអ្នកមានលុយ នឹងដកលុយយកទៅប្រើការច្រើន នោះសេដ្ឋកិច្ចសកលនឹងកើន។
ទន្ទឹមគ្នានេះដែររដ្ឋាភិបាលប្រទេសចិនមានគម្រោងបញ្ចេញលុយ១១ទ្រីលានដុល្លាដើម្បីជួយអ្នកអភិវឌ្ឍន៍នៅក្នុងប្រទេសខ្លួន ហើយបើសិនក្រុមហ៊ុនអចលនទ្រព្យស្រុកចិនដើរបានល្អ នោះវិនិយោគអចលនទ្រព្យនៅកម្ពុជាក៏កើនឡើងដែរ ដោយសារតែបច្ចុប្បន្នចិនជាអ្នកវិនិយោគច្រើនជាងគេនៅខ្មែរ៕