ម្ចាស់ក្រុមហ៊ុនជីបម៉ុង ស្គាល់ហើយ! ងាកមកស្គាល់ CEO ធនាគារ ជីប ម៉ុង ចូលកាន់តំណែងតាំងពីឆ្នាំ២០២១
Ping Chou EngDECEMBER 13 2024725 views

ធនាគារ ជីប ម៉ុង (CHIP MONG BANK) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ ដែលផ្ដោតសេវាកម្មហិរញ្ញវត្ថុ បម្រើសេវាជូនអតិថិជនជាផ្លូវការនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ បច្ចុប្បន្នធនាគារខ្មែរមួយនេះបានពង្រីកសាខាពេញប្រទេសកម្ពុជា ក្រោមបុត្រសម្ព័ន្ធ  Chip Mong Group ដែលមានលោកជំទាវលោកអ្នកឧកញ៉ា ភាព ហៀក ជាស្ថាបនិក។

 

បច្ចុប្បន្នធនាគារជីប ម៉ុង មានលោក John Charles Bell ជានាយកប្រតិបត្តិដែលបានចូលកាន់តំណែងនៅធនាគារ ជីប ម៉ុង ចាប់តាំងពីខែមករា ឆ្នាំ២០២១។ ជានាយកប្រតិបត្តិជនជាតិម៉ុងហ្គោ ដែលមានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងការគ្រប់គ្រងដឹកនាំអាជីវកម្មធនាគារខ្នាតតូចនិងមធ្យម ឱ្យក្លាយទៅជាធនាគារដែលមានការរីកចម្រើនជឿនលឿន នៅតំបន់អឺរ៉ុបកណ្តាលនិងខាងកើត។

 

លោកធ្លាប់កាន់តំណែងនៅធនាគារបរទេសដូចជា Citibank, ABN-AMRO និង Royal Bank of Scotland។ នៅក្រោមការគ្រប់់គ្រងរបស់់លោក ធនាគារ Citibank និង RBS បានឈ្នះពានរង្វាន់់លើសេវាកម្មបម្រើអតិថិជនល្អបំផុត និងផលិតផលដែលមានភាពច្នៃប្រឌិតខ្ពស់់បំផុត។

 

នៅឆ្នាំ២០១៤ លោក John Bell បានដឹកនាំគំនិតផ្តួចផ្តើមបង្កើតពាណិជ្ជកម្មកាតឥណទានម៉ូណូនៅអឺរ៉ុបកណ្តាលដែលមានមូលដ្ឋាននៅ Bucharest ប្រទេសរ៉ូម៉ានី ដែលពាណិជ្ជកម្មនោះបានដាក់ដំណើរការក្នុងនៅខែមេសា ឆ្នាំ២០១៥ យ៉ាងជោគជ័យ។

 

ក្នុងឆ្នាំ២០១៥ ដដែលនោះលោកបានចូលកាន់តំណែងនៅធនាគារ Khan ក្នុងប្រទេសម៉ុងហ្គោលី ដោយមានឋានៈជានាយកប្រតិបត្តិនិងបានដឹកនាំដោយជោគជ័យលើការផ្លាស់ប្តូរប្រតិបត្តិការធនាគារទៅជាធនាគារឌីជីថល។ រហូតឆ្នាំ២០១៧ ធនាគារ Khan បានក្លាយជាធនាគារដែលរកប្រាក់ចំណេញបានច្រើនបំផុតនៅក្នុងទីផ្សារម៉ុងហ្គោលី ដោយផ្តោតលើការទូទាត់តាមឌីជីថលនិងកាត។

 

ជាមួយនឹងចំណេះដឹងជ្រៅជ្រះអំពីវិស័យធនាគារលោក John Bell បានបញ្ចប់ការសិក្សានិងទទួលបានបរិញ្ញាបត្រពីសាកលវិទ្យាល័យ Loyola University Maryland និងជាអតីតនិស្សិតនៃសាកលវិទ្យាល័យ George Washington ផងដែរ។

 

តាមរយៈរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារបានឱ្យដឹងថា ក្រោមការដឹកនាំរបស់លោក John Charles Bell ជិត៣ឆ្នាំមកនេះ ធនាគារ ជីប ម៉ុង សម្រេចបាននូវកំណើនទ្រព្យសកម្មសរុបចំនួន ១.៣ពាន់លានដុល្លារ ដោយមានទំហំទឹកប្រាក់កម្ចីជាង៧១២លានដុល្លារ និងប្រាក់បញ្ញើរបស់អតិថិជនកើនឡើងដល់ ១ពាន់លានដុល្លារ នៅឆ្នាំ២០២៣។

 

យ៉ាងណាមិញគិតមកត្រឹមពេលនេះសាខាធនាគារនិងទូ ATMs នៅទូទាំងប្រទេសកម្ពុជារបស់ ជីប ម៉ុង មានចំនួនសរុប ១៥សាខា និង ៤២ ទូ ATMs/CRMs ភ្នាក់ងារចំនួន២៣ហើយនិងបានបង្កើនភាពជាដៃគូជាមួយពាណិជ្ជករចំនួន ៧,៥០០កន្លែង៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia