សមាគមសម្ពន្ធសហគ្រាសធុនតូច និងមធ្យមសកល (Global Alliance of SMEs) ដែលជាសមាគមវិនិយោគអន្តរជាតិមកពីប្រទេសចិន កំពុងបំពេញទស្សនកិច្ចស្វែងយល់ និងសម្លឹងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ក្នុងនោះក៏បានចាប់អារម្មណ៍លើការវិនិយោគវិស័យទេសចរណ៍ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។
តាមការបញ្ជាក់ពីក្រសួង គណៈប្រតិភូនៃសមាគម Global Alliance of SMEs ដឹកនាំដោយឯកឧត្ដម ឆាវ ហ្វាង (Cao Fang) អគ្គលេខាធិការសមាគម បានចូលជួបពិភាក្សាជាមួយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។
ឯកឧត្ដម ឆាវ បានរៀបរាប់ថា សមាគមលោកមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាលក្ខណៈអន្តរជាតិ។ សមាគមនេះត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសហគ្រិនឆ្នើមដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍទូទៅប្រទេសផ្សេងៗ។ បច្ចុប្បន្ននេះការិយាល័យទំនាក់ទំនងនៃសមាគម Global Alliance of SMEs ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន កម្ពុជា ថៃ សិង្ហបុរី ម៉ាឡេស៉ី វៀតណាម ឥណ្ឌូណេស៉ី ឡាវ ហ្វីលីពីន ស្រីលង្កា កូរ៉េខាងត្បូង ជប៉ុន ទីក្រុងហុងកុង ទីក្រុងម៉ាកាវ ក្រិក អារ៉ាប់រួម អាហ្វ្រិកខាងត្បូង តួកគី បារាំង អ៉ីតាលី អាល្លឺម៉ង់ សហរដ្ឋអាមេរិក នូវែលសេឡង់ អូស្ត្រាលី រុស្ស៉ី និងតំបន់ផ្សេងទៀត។
ឯកឧត្ដមអគ្គលេខាធិការបានបន្តថា សមាគម Global Alliance of SMEs មានគោលបំណងផ្ដោតលើការតភ្ជាប់ទំនាក់ទំនង និងការប្រឹក្សាយោបល់រួមគ្នារវាងចិននិងកម្ពុជា និងរួមគ្នាចែករំលែកយុទ្ធសាស្ត្រឈ្នះ-ឈ្នះទាំងអស់គ្នា ដើម្បីបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសហគ្រិនមកពីជុំវិញពិភពលោក សំដៅចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។
នាឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងដែរថា កម្ពុជានៅតែមានចំណុចសំខាន់ៗក្នុងការវិនិយោគ ក្នុងនោះកម្ពុជាមានសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកថា «សន្តិភាពជានិរន្តរ៍ គឺ ជាកត្តាគន្លឹះ ដែលផ្ដល់នូវការជឿទុកចិត្តដល់វិនិយោគិន»>
អត្ថបទ៖ កឹម ប៊ុនធឿន