គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងផ្លូវទឹកដ៏ធំ និងជាលើកដំបូងក្នុងប្រវត្ដិសាស្ដ្រកម្ពុជា ខណៈគម្រោងនេះត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ បើតាមការបញ្ជាក់ពីក្រុមការងារអន្ដរក្រសួង និងត្រូវបានដកស្រង់ដោយរដ្ឋបាលខេត្ដកណ្ដាល កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ គម្រោងនេះនឹងដាក់គ្រឿងចក្រសាងសង់ចាប់ពីចំណុចបឹងយុវជន ស្ថិតនៅក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្ដកណ្ដា សម្រាប់ដំណាក់កាលទី១។
ក្រុមការងារអន្តរក្រសួង បានឱ្យដឹងថា៖ ការចាប់ផ្ដើមសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី១ ពីទន្លេមេគង្គ ដល់ទន្លេបាសាក់ ដោយបានបោះនិយាមការរួចរាល់ហើយ ចូលមកដល់ដំណាក់កាលទី២ គឺក្រុមការងារដោះស្រាយផលប៉ះពាល់ បានចុះទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដើម្បីដំណើរការនីតិវិធីក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដោយចុះកុងត្រាកិច្ចសន្យារវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការដោះស្រាយផលប៉ះពាល់ ជាមួយនិងម្ចាស់ដី និងម្ចាស់ទ្រព្យ ដើម្បីឈានទៅដល់ការចុះអនុវត្តការសាងសង់ព្រែកជីកហ្វូណនតេជោ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹង នៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងនេះត្រូវបានចែកចេញជា ២ ដំណាក់កាលគឺ ដំណាក់កាលទី១ ជាកំណាត់ផ្លូវទឹក «ព្រែកតាកែវ-ព្រែកពោធិ៍» មានចម្ងាយ ២១គីឡូម៉ែត្រ និងផ្នែកទី២ ជាកំណាត់ផ្លូវទឹក «ទន្លេបាសាក់ត្រង់ចំណុចព្រែកពោធិ៍-សមុទ្រខេត្តកែប» មានចម្ងាយ ១៥៩គីឡូម៉ែត្រ។
គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ ព្រមទាំងបង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ និងជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅតំបន់ភាគនិរតី៕