ផ្តើមចេញពីអាជីវកម្មលក្ខណៈគ្រួសារតូចមួយ យីហោម្ជូរវត្តភ្នំ១៦៨ បានវិវត្តន៍ខ្លួនបន្តិចម្តងៗ រហូតអាចមានហាងលក់ផ្ទាល់ខ្លួន និងមានការពង្រីកអាជីវកម្មបែបហ្វ្រេនឆាយ មានសាខាប្រមាណជាង៥០កន្លែង នៅទូទាំងរាជធានីខេត្ត ការរៀបចំប៉ូហ្វេម្ជូរនៅតាមកម្មវិធីតូចធំ រហូតដល់ចុងក្រោយនេះ បាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេសថែមទៀតផង។
យីហោម្ជូរវត្តភ្នំ១៦៨ ត្រូវបានបង្កើតឡើងដោយលោកស្រី លាភ ដាណេ ដែលជាអ្នកស្រលាញ់ការលក់ម្ជូរតាំងតែពីក្មេង រហូតអាចកែប្រែរបៀបញ៊ាំម្ជូរនៅស្រុកខ្មែរ ពីការញ៊ាំត្រឹមតែអំបិលបុកធម្មតា ទៅជាការញ៊ាំដែលមានគ្រឿងជ្រលក់ពិសេសៗជាច្រេីនមុខ ធ្វើឱ្យអតិថិជនគ្រប់លំដាប់ថ្នាក់ ទទួលស្គាល់ពីរសជាតិ គុណភាព អនាម័យ និងបានផ្លាស់ប្តូររបរដែលគេមិនសូវចាប់អារម្មណ៍មួយនេះ ឱ្យក្លាយជារបរមួយដែលអាចជួយផ្តល់ចំណូលដល់ស្ត្រីៗជាច្រើននាក់ រកចំណូលជួយគ្រួសារ និងបានក្លាយជាចំណែកធំមួយ នៅក្នុងការជួយលើកម្ពស់វិស័យកសិកម្ម ក៏ដូចជាផលិតផលខ្មែរ ផងដែរ។
ចេញពីការខំប្រឹងប្រែងនៅក្នុងការកសាងអាជីវកម្មម្ជូរអស់រយៈពេលជាច្រើនឆ្នាំមកនេះ យីហោម្ជូរវត្តភ្នំ១៦៨ នាពេលបច្ចុប្បន្ននេះ បាននាំចេញម្ជូរនិងគ្រឿងជ្រលក់ពិសេសៗរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេសបានមួយចំនួនរួចទៅហើយ ដោយទីផ្សារនាំចេញមានដូចជា សហរដ្ឋអាមេរិក បារាំង ចិន កូរ៉េ និងអូស្រ្តាលី ជាដើម។
ជាមួយគ្នានេះ ដើម្បីពង្រឹងនូវគុណភាព ស្តង់ដារផលិតផល និងអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរឹងមាំ យីហោ ម្ជូរវត្តភ្នំ១៦៨ កាលពីពេលថ្មីៗនេះ បានសម្រេចចិត្តចាប់ដៃគ្នាជាមួយក្រុមហ៊ុន LFB Trading co.,Ltd របស់លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប ដើម្បីបោះជំហានអាជីវកម្មម្ជូរវត្តភ្នំ១៦៨ ឱ្យកាន់តែលេចធ្លោ និងពង្រីកទីផ្សារទាំងនៅក្នុងតំបន់ និងក្រៅប្រទេស។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ យីហោម្ជូរវត្តភ្នំ១៦៨ បានពង្រីកសាខារបស់ប្រមាណជាង ៥០សាខារួចមកហើយ ដោយអាជីវកម្មមួយនេះ បានផ្តោតការរកស៊ីជាសំខាន់នោះគឺ សុខចិត្តលក់ចំណេញតិច ឱ្យតែបានភ្ញៀវច្រើន និងការនាំយកផលិតផល ក៏ដូចជារូបមន្តអំបិលថ្មីៗ សម្រាប់អតិថិជនរបស់ខ្លួន ៕