ឆ្នាំថ្មីទិញដីត្រូវមើលលើហុងស៊ុយ! នេះជាគន្លឹះទិញដីឱ្យបានល្អតាមក្បួនហុងស៊ុយ
Bunthoeun KoemDECEMBER 28 2022556 views

ការទិញដីគឺជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សយើង វាមិនដូចជាម៉ូតូឡានដែលប្រើប្រាស់ហើយ អាចលក់ចេញ ឬដូរចោលភ្លាមៗនោះទេ ពោលគឺយើងអាចបន្សល់ដីនោះទុកជាមរតក សម្រាប់កូនចៅជំនាន់ក្រោយក្នុងការសង់ផ្ទះដើម្បីរស់នៅបន្ត ឬប្រកបរបរស៊ីរាប់រយឆ្នាំបន្ថែមទៀតបានប្រសិនបើយើងរើសទីតាំងដែលបានល្អ។ មែនទែនទៅគេជឿថាដីល្អនឹងនាំមកនូវភាពរុងរឿងដល់ម្ចាស់ផ្ទះ និង សមាជិកគ្រួសារ។  ផ្អែកលើ ក្បួន ហុងស៊ុយ ស្ថានភាព និង ទិសរបស់ដី គឺជាលក្ខណៈវិនិច្ឆ័យចម្បងសម្រាប់ការជ្រើសរើសដី។ ម្យ៉ាងវិញទៀត ដីដែលមានថាមពល ហ៊ុងស៊ុយ ទាប ក៏នឹងអាចប៉ះពាល់ដល់ម្ចាស់ផងដែរ។ ដូច្នេះលោកអ្នកគួរមើលពីរបៀបដែលជាគោលការណ៍របស់ ហុងស៊ុយ ដែលបានផ្តល់ឱ្យសម្រាប់ការជ្រើសរើសមើលទិញដី។

យោងតាមការដកស្រង់ចេញពីគេហទំព័រ SCB របស់ប្រទេសថៃបានបង្ហាញពីគន្លឹះ មួយចំនួនដែលលោកអ្នកត្រូវដឹង ដើម្បីទិញដីត្រូវតាមក្បួនហុងស៊ុយ៖

១. ពិនិត្យប្រភពដើមនៃដី

ពិតណាស់ការឆែកមើលប្រវត្តិដីមុនពេលទិញគឺជារឿងដែលោកអ្នកមិនអាចរំលងបាន ហើយការឆែកមើលនេះគឺដើម្បីមើលពីរបៀបដែលវាត្រូវបានប្រើប្រាស់ពីមុនមក។ គេចាត់ទុកដីដែលល្អ គឺជាដីដែលមិនត្រូវបានប្រើប្រាស់ទាក់ទងនឹងបញ្ហា ឬការស្លាប់ពីមុនមក ដូចជា មន្ទីរពេទ្យ ឃាតកម្ម ភ្លើងឆេះផ្ទះជាដើម។ ក្រៅ​ពី​នេះ មិន​ត្រូវ​មាន​មនុស្ស​ស្លាប់​នៅ​ក្នុងដី​នោះ​ឡើយ។ បើ​មាន​គួរ​រៀបចំ​ពិធី​សាសនា​ដើម្បី​ថ្វាយបង្គំ​ខាង​វិញ្ញាណ។ ជាងនេះទៅទៀត អតីតម្ចាស់ដីត្រូវតែមានបំណងប្រគល់ដីនោះទៅឱ្យម្ចាស់ថ្មី ដោយសុច្ចចិត្ត ព្រោះដីខ្លះ ម្ចាស់ថ្មីអាចនឹងរងនូវបណ្តាសាពីបុព្វបុរស ដែលជាម្ចាស់ដីដើមមិនមែនជាសមាជិកគ្រួសាររបស់គេ។ ដោយផ្អែកលើ ហុងស៊ុយ ដីដែលត្រូវបានប្រើប្រាស់ជាប្រចាំ នឹងមានថាមពលខ្លាំង ហើយថាមពលនោះនៅតែដំណើរការនៅពេលដែលដីត្រូវបានផ្លាស់ប្តូរទៅម្ចាស់ថ្មីមួយទៀត។ ដូច្នេះ​សូម​ណែនាំ​ឱ្យ​តាមដាន​ប្រភពដើម​នៃ​ដី​នោះ​មុន​នឹង​ធ្វើ​ការសម្រេចចិត្ត​ទិញ​ថា​តើ​អតីត​ម្ចាស់​មាន​សុខុមាលភាព ឬ​មាន​បញ្ហា​អ្វី​ខ្លះ​។ ឧទាហរណ៍៖ ដីធ្លាប់ធ្វើជារោងចក្រ ហើយបន្ទាប់មកម្ចាស់បានលក់វាទៅទិញដីថ្មីសម្រាប់ពង្រីកអាជីវកម្ម ដែលមានន័យថាដីនេះពោរពេញដោយថាមពលវិជ្ជមាន។

២. ស្ថានភាពដី

ដីដែលមានរាងការ៉េ គឺល្អបំផុត ព្រោះកន្លែងអាចប្រើប្រាស់បានពេញលេញ និងងាយស្រួលរៀបចំរចនាសម្ព័ន្ធផ្សេងៗ។ វាល្អសម្រាប់ដំណើរការអាជីវកម្មគ្រប់ប្រភេទ ឬសាងសង់លំនៅដ្ឋាន ដោយសារការសាងសង់មានកម្រិតតិចតួច ហើយបើលក់បន្តក៏មានតំលៃខ្ពស់ផងដែរ។ ដីប្រភេទទីពីរ គឺមានរាងចតុកោណកែង ជាពិសេសកន្លែងដែលទទឹងរបស់វាតភ្ជាប់ទៅផ្លូវធំ ដែលសាកសមសម្រាប់អាជីវកម្ម ពាណិជ្ជកម្ម ដោយសារមានច្រកចូល និង ច្រកចេញជាច្រើន។ លើសពីនេះ ដីចតុកោណកែងដែលមានផ្នែកខាងមុខតូចចង្អៀត និងជម្រៅវែងសក្តិសមនឹងការធ្វើរោងចក្រផលិត ឬ ផ្ទះដ៏ល្អ ដោយសារវាមានភាពឯកជន។ យោងទៅតាមក្បួន ហុងស៊ុយ បើអាចធ្វើទៅបាន សូមកុំជ្រើសរើសដីដែលមានរាងត្រីកោណ ព្រោះវាបង្កប់ន័យអសន្តិសុខដែលនឹងនាំមកនូវជំងឺ ឬអាជីវកម្មបរាជ័យដល់ម្ចាស់ដី។ នៅពេលពិចារណាលើការប្រើប្រាស់ ដីរាងត្រីកោណមិនផ្តល់មុខងារប្រើប្រាស់ច្រើនទេ ហើយវាពិបាកក្នុងការលក់វិញ បើប្រៀបធៀបនឹងទម្រង់ផ្សេងទៀតនៃដី។

៣.បរិស្ថានជុំវិញដី

ដីល្អត្រូវតែមានភាពអ៊ូអរ ហើយហ៊ុំព័ទ្ធដោយផ្លូវថ្នល់ ទន្លេ សំបូរទៅដោយមនុស្សឆ្លងកាត់ ហើយជាកន្លែងដែលងាយស្រួសក្នុងការធ្វើដំណើរ។ ដោយសារដីប្រៀបបាននឹងវដ្តជីវិត ទីតាំងល្អសម្រាប់ប្រកបអាជីវកម្ម និងរកប្រាក់បាន ព្រោះស្ថិតនៅតំបន់សហគមន៍ដែលមានភាពអ៊ូអរ។ វាក៏មានអត្ថប្រយោជន៍ផងដែរ ដែលងាយស្រួលចូលទៅរហ័សដល់ទីតាំង។ ដីនឹងកាន់តែល្អប្រសិនបើវានៅជាប់ផ្លូវធំ និងតំបន់អំណោយផល។ ជាងនេះទៅទៀត ដីដែលមានច្រកចេញចូលច្រើនពេក ត្រូវបានគេចាត់ទុកថាមិនល្អ ។ ខាងក្រោយដី មិនគួរជាប់ជាមួយផ្លូវ ទន្លេ ឬប្រឡាយឡើយ។ ប្រសិនបើមានផ្លូវ ឬប្រឡាយ នោះក៏មិនគួរនៅជិតរបងផ្ទះពេកទេ។ វាចាំបាច់ណាស់ក្នុងការត្រួតពិនិត្យដីជុំវិញថាតើមានផ្ទះដែលគេបោះបង់ចោល លូបង្ហូរទឹកស្អុយ ព្រៃរបោះ ទីបញ្ចុះសព ឬទីបូជា ទីតាំងដែលមានដែនទំនាញជាដើម។ មូលហេតុដែលមិនចង់អោយមានរបស់ទាំងនោះ ព្រោះវានឹងបំផ្លាញទេសភាព ហើយវានឹងពិបាកក្នុងការលក់ដីនោះផងដែរ។ តាមហុងស៊ុយ ជឿថាទ្រព្យសម្បត្តិដែលគ្របដណ្តប់ដីអាចផ្តល់ថាមពលអវិជ្ជមានដល់ដីក្បែរៗនោះ។

៤. ទិសនៃដី

ជៀសវាង​ការ​ជ្រើសរើស​ដី​បែរ​មុខ​ទៅ​ទិស​ខាង​លិច ព្រោះ​វា​ស្ថិត​ក្នុង​តំបន់​ក្តៅ​ដែល​មាន​ពន្លឺ​ថ្ងៃ​ចាំង​ពេញមួយ​ពេល​រសៀល។ វានឹងធ្វើឱ្យអ្នករស់នៅ ឬអ្នកលក់ដូររស់នៅមិនសប្បាយចិត្តនៅទីនោះ។ ដំណោះ​ស្រាយ​ គឺ​ដាំ​ដើម​ឈើ​ជា​ម្លប់ពេលមាន​ពន្លឺ​ថ្ងៃ ឬ​ជីក​ស្រះ​នៅ​មុខ​ផ្ទះ ឬ​លំនៅឋាន ដើម្បី​កាត់​បន្ថយ​កម្ដៅ។

៥.ពិនិត្យមើលថាតើដីនេះមិនធ្លាប់ជាផ្លូវសាធារណៈទេ

ដីល្អមិនត្រូវប្រើប្រាស់ជាផ្លូវសាធារណៈសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ឡើយ។ តាមក្បួនហុងស៊ុយ គេជឿថាប្រសិនបើមនុស្សអាចដើរឆ្លងកាត់បាន វិញ្ញាណក៏អាចធ្វើដូច្នោះបានផងដែរ។

៦. ដីមិនត្រូវនៅជាប់ជាមួយផ្លូវដែលមានរាងត្រីកោណទេ

នៅក្នុងក្បួនហុងស៊ុងគេ ចាត់​ទុក​ផ្លូវ​រាង​ត្រីកោណ​ជា​ផ្លូវ​ខ្មោច​ដែល​មិន​ស័ក្តិសម​សម្រាប់​ការ​ធ្វើ​អាជីវកម្ម ​ឬ​ការ​ស្នាក់​នៅ។ តាមពិត ផ្លូវត្រីកោណអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយពិបាករកកន្លែងចតឡានថែមទៀតផង។ ការស្វែងរកដីទំនេរតាមការដែលចង់បានគឺពិតជាមិនងាយស្រួលទេ លើសពីនេះការរកអោយបានត្រឹមត្រូវតាមក្បួន ហុងស៊ុយ។ ដូច្នេះកុំគិតច្រើន ប្រសិនបើអ្នករកបានដីល្អ ប៉ុន្តែធាតុមួយចំនួនអាចមិនត្រូវ នឹងក្បូន ហុងស៊ុយព្រោះថា ជាទូទៅក្បួន ហ៊ុងស៊ុយ គឺជាគោលការណ៍ណែនាំសម្រាប់ជ្រើសរើសទិស និងស្ថានភាព ដី៕

Photo 2022 12 11 11 34 35 (2)

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia