គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី៧ ខែមិថុនា ខាងមុខនេះហើយ ខណៈផ្លូវនេះនឹងធ្វើដំណើរត្រឹមតែជាង១ ម៉ោងតែប៉ុណ្ណោះពីភ្នំពេញទៅក្រុងបាវិត នៅពេលសាងសង់រួច។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិត កាលពីព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបានមានប្រសាសន៍ថា “ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង១៣៨ គីឡូម៉ែត្រ លឿនបើកតែ១២០ ចឹងពីល្វាឯម ទៅបាវិត ប្រហែល១ ម៉ោង១០នាទី ដូច្នេះចំណេញពេលវេលា ការដឹកជញ្ជូន -ល-“ ។
សូមជម្រាបផងដែរថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី២ របស់ កម្ពុជា ដែលនឹងសាងសង់ លើផ្លូវថ្មីសុទ្ធ ប្រវែង ១៣៨ គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ។ ផ្លូវនេះត្រូវសាងសង់ជា ៤ គន្លង តួផ្លូវមាន ទទឹង ២៥,៥ ម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក ដែលរួចរាល់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងបាវិត នឹងបង្កើន កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសលើ ការតភ្ជាប់ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅចូលរួមចំណែកក្នុងការ លើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ផងដែរ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត