ចាប់ពីដើមឆ្នាំ២០២២ កន្លងមកនេះសមិទ្ធផលមិនតិចនោះទេដែលត្រូវបានសាងសង់រួចរាល់ និងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ផ្លូវការ។ យ៉ាងណាសម្រាប់នៅចុងឆ្នាំនេះវិញ ក៏នៅមានសមិទ្ធផលសំខាន់ៗមួយចំនួនទៀតផងដែរ ដែលនឹងត្រូវបញ្ចប់ ព្រមទាំងដាក់ឲ្យប្រើប្រាស់ដូចគ្នា។ ហើយពេលនេះ Business Cambodia នឹងលើកយកគម្រោងធំៗចំនួន ២ ដែលនឹងសម្រេចរួចរាល់នៅចុងឆ្នាំនេះ។
១. ព្រលានយន្ដហោះអន្ដរជាតិតារាសាគរ
ព្រលានយន្ដហោះអន្ដរតារាសាគរ គឺជាគម្រោងធំមួយរបស់ខេត្ដកោះកុង។ តាមការគ្រោងទុកគម្រោងគ្រោងនឹងដាក់ឲ្យដំណើរការតាំងពីចុងឆ្នាំ២០២១ មកម៉្លេះ ប៉ុន្ដែដោយសារបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឲ្យការងារមួយចំនួនក្នុងគម្រោងត្រូវបានពន្យាពេល។
ប៉ុន្ដែតាមការលើកឡើងពីឯកឧត្ដម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីពេលកន្លងទៅបានឲ្យដឹងថា តាមការគ្រោងទុករបស់ក្រុមហ៊ុនចិន Union Development Group ដែលជាក្រុមហ៊ុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិនេះ គឺគ្រោងនឹងដំណើរការប្រតិបត្តិការហោះហើរសាកល្បងនៅខែកក្កដា ឆ្នាំ ២០២២ នេះ ប៉ុន្ដែបើតាមល្បឿននៃការធ្វើតេស្តសាកល្បងនេះ ការបើកដំណើរការអាចមានភាពយឺតយ៉ាវជាងការគ្រោងទុកបន្តិច។
សូមជម្រាបថា ព្រលានយន្ដហោះអន្ដរជាតិតារាសាគរ ត្រូវបានសាងសងលើផ្ទៃដី ៤.៥ ហិចតា មានទីតាំងស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ខណៈការចំណាយក្នុងដំណាក់កាលទី១ មានប្រមាណ ២០០ លានដុល្លារ។ ពេលសាងសង់រួចរាល់ព្រលានថ្មីនេះមានសមត្ថភាពផ្ទុកយន្តហោះធុន Boeing 777 និងAirbus A34០ ដែលជាប្រភេទ យន្តហោះ ខ្នាតធំ។ ហើយបើសិនមានតម្រូវការបន្ថែមក្រុមហ៊ុននឹងពង្រីកបន្ថែមទៀត។
២. ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
ផ្លូវ១ខ្សែរនេះ គឺជាផ្លូវល្បឿនលឿនបំដូងបំផុតនៅកម្ពុជា។ គម្រោងនេះគ្រោងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃរយៈពេលមួយខែផងដែរ។ នេះបើប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែង ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កាលពីអំឡុងខែកញ្ញាកន្លងទៅ។
សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ចំណាយថវិកាសរុបចំនួន ២០១៩ លានដុល្លារ។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
អត្ថបទ៖ កឹម ប៊ុនធឿន