ថ្ងៃមុនទើបតែដខាតលុយអស់ជាង៦០ពាន់លានដុល្លារ ឥឡូវនេះកំពូលមហាសេដ្ឋី Elon Musk ត្រូវបានវិនិយោគិន Dogecoin ប្ដឹងទាមទារសំណងប្រមាណ ២៥៨ពាន់លាន$ ដោយចោទប្រកាន់ពីបទដំណើរការគម្រោងពីរ៉ាមីតដើម្បីគាំទ្ររូបិយប័ណ្ណគ្រីបតូ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
នៅក្នុងពាក្យបណ្ដឹងដែលដាក់ទៅកាន់តុលាការសហព័ន្ធក្នុងទីក្រុង Manhattan ដើមបណ្ដឹងKeith Johnson បានចោទប្រកាន់ម្ចាស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ពីបទបំផុសបំផុលធ្វើឱ្យវិនិយោគិនយល់ថាតម្លៃរបស់ Dogecoin នឹងឡើងថ្លៃ ប៉ុន្តែមិនត្រឹមតែមិនឡើងវាបែរជាធ្លាក់ចុះលើសដើម។
ដើមចោទបាននិយាយនៅក្នុងពាក្យបណ្ដឹងទៀតថា “Elon Musk បានដឹងតាំងពីឆ្នាំ២០១៩ រួចហើយថា Dogecoin មិនទាន់មានតម្លៃដែលសមនឹងផ្សព្វផ្សាយឱ្យមានការជួញដូរដើម្បីទទួលបានប្រាក់ចំណេញទេ” ប៉ុន្តែ “គាត់បែរជាប្រើភាពជាកំពូលមហាសេដ្ឋីលេខ១នៅលើពិភពលោកមកធ្វើប្រតិបត្តិការនិងរៀបចំគម្រោងឆបោក Dogecoin ទម្រង់ជាប៉ារ៉ាមីត ដើម្បីរកប្រាក់ចំណេញ”។
ជាក់ស្ដែងមកទល់ពេលនេះ ទាំងភាគីខាង Tesla ទាំងSpaceX និងមេធាវីរបស់ Elon Musk មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើរសុំការអត្ថាធិប្បាយនៅឡើយទេ។ ចំណែកឯខាង មេធាវីរបស់ដើមចោទវិញក៏មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើរសុំការអត្ថាធិប្បាយ ទៅលើភស្ដុតាងជាក់លាក់ដែលកូនក្ដីរបស់ខ្លួនមាន ឬរំពឹងថានឹងមាន ដើម្បីអាចបញ្ជាក់ថា Dogecoin គ្មានតម្លៃ ហើយElon Musk បានដំណើរការគម្រោងពីរ៉ាមីត ជាការពិត។
លោក Johnson បានលើកឡើងបន្តថា ការលក់ចេញរបស់ Dogecoin គឺចាប់ផ្ដើមនៅអំឡុងពេលដែល Elon Musk ធ្វើជាម្ចាស់កម្មវិធី Show ឈ្មោះថា “Saturday Night Live and, playing a fictitious financial expert on a “Weekend Update” ដែលហៅថា Dogecoin “a hustle” របស់ទូរទស្សន៍ NBC។
ទន្ទឹមនឹងនោះដែរ លោក Johnson បានរកឃើញថាការខូចខាតដែលបណ្ដាលដោយការធ្លាក់ចុះនៃទីផ្សាររបស់ Dogecoin ចាប់តាំងពីខែឧសភា មានចំនួន ៨៦ពាន់លានដុល្លារ ហើយគាត់ក៏បានដាក់នៅក្នុងពាក្យបណ្ដឹងថាចង់ទាមទារសំណងគុណនឹង៣នៃតម្លៃខាតបង់នោះពី Elon Musk។ មិនតែប៉ុណ្ណោះគាត់ក៏ចង់រារាំង Elon Musk និងក្រុមហ៊ុនរបស់គាត់ ពីការផ្សព្វផ្សាយ Dogecoin ព្រមទាំងចង់ឱ្យចៅក្រមធ្វើសេចក្ដីប្រកាសថា ការជួញដូរ Dogecoin គឺជាការលេងល្បែងនៅក្រោមច្បាប់សហព័ន្ធ និងច្បាប់របស់ទីក្រុងញូវយ៉ក៕
អត្ថបទដោយ៖ សូ សុខលី