មហាសេដ្ឋីលេខមួយលើលោក Elon Musk បានប្រកាសកាលពីថ្ងៃពុធ អំពីការបង្កើតក្រុមហ៊ុនបញ្ញាសិប្បនិម្មិតថ្មីឈ្មោះ xAI ដោយមានគោលដៅធំគឺ «ស្វែងយល់អំពីធម្មជាតិពិតនៃសកលលោក»។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNBC នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងនោះសមាជិកក្រុមដែលឈរពីក្រោយ xAI រួមមានអតីតវិស្វករ និងអ្នកវិទ្យាសាស្ត្រជាច្រើននាក់មកពី DeepMind, Alphabet-owned (GOOGL.O) Google, Microsoft, OpenAI, Twitter និង Tesla ដែលពួកគេទាំងនោះសុទ្ធតែធ្លាប់បានធ្វើការលើគម្រោងរួមទាំងកម្មវិធីកំពូល DeepMind’s, AlphaCode, OpenAI’s GPT-3.5 និង GPT-4 chatbots។
យ៉ាងណាមិញ លោក Elon Musk ហាក់ដូចកំពុងដាក់ទីតាំងក្រុមហ៊ុនកូនពៅរបស់ខ្លួន xAI ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនចាស់វស្សាដូចជា OpenAI, Google និង Anthropic ដែលនៅពីក្រោយ chatbots ឈានមុខគេលើពិភពលោកដូចជា ChatGPT, Bard និង Claude ជាដើម។
គួរជម្រាបផងដែរថា ក្រុមហ៊ុន start-up ថ្មីនេះនឹងត្រូវដឹកនាំដោយលោក Elon Musk តែម្នាក់គត់ដែលជានាយកប្រតិបត្តិ និងលោក Jared Birchall ជានាយកគ្រប់គ្រងការិយាល័យ។ xAI ក៏កំពុងស្វែងរកវិស្វករ និងអ្នកស្រាវជ្រាវដែលមានបទពិសោធន៍បន្ថែមផងដែរ ដើម្បីចូលរួមក្រុមរបស់ខ្លួនក្នុងនាមជាបុគ្គលិកបច្ចេកទេសនៅតំបន់ Bay Area ហើយលោក Elon Musk នឹងរៀបចំព្រឹត្តិការណ៍ Twitter Spaces នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)