នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ នៅក្នុងរបាយការរបស់គេហទំព័រ Forbes បានបង្ហាញឱ្យឃើញថាកំពូលមហាសេដ្ឋី Elon Musk បានបាត់បង់តំណែងលេខ១របស់ខ្លួន ដោយសល់ទ្រព្យត្រឹមតែ ១៨២.៨ពាន់លានដុល្លារប៉ុណ្ណោះ។
អ្នកដែលឡើងជាមហាសេដ្ឋីលេខ១ ជំនួស Elon Musk គឺជាម្ចាស់ក្រុមហ៊ុន LV លោក Bernard Arnault ដែលមានទ្រព្យសរុបប្រមាណ ១៨៦.២ពាន់លានដុល្លារ។ ពោលគឺលើស Elon Musk ជាង ៣,៤ពាន់លានដុល្លារ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes បានឱ្យដឹងថា មូលហេតុសំខាន់នៅពីក្រោយការបាត់បង់ទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋី Elon Musk គឺដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កំពុងធ្លាក់ចុះជាខ្លាំង។ ចាប់តាំងពី Elon Musk បានចុះកិច្ចព្រមព្រៀងទិញក្រុមហ៊ុនបណ្ដាញសង្គម Twitter នៅក្នុងតម្លៃ៤៤ពាន់លានដុល្លារកាលពីខែមេសា ដែលប្រើប្រាស់កម្ចីដោយយក Tesla ធ្វើជាជំហរ បាននាំឱ្យតម្លៃហ៊ុនរបស់ Tesla ធ្លាក់ចុះភ្លាមៗជាង ៥០% និងបន្តធ្លាក់រហូតមកដល់សព្វថ្ងៃនេះ។
គួរបញ្ជាក់ផងដែរថា ទ្រព្យរបស់ Elon Musk មានប្រភពពីក្រុមហ៊ុន២ធំៗគឺ SpaceX និង Tesla។ ដូច្នេះប្រសិនបើភាគហ៊ុនរបស់ Tesla រងការរង្គោះរង្គើរ Elon Musk ក៏ពិបាកឈរជើងឱ្យនឹងដែរ។ ហេតុនេះហើយទើបការធ្លាក់ថ្លៃភាគហ៊ុន Tesla លើកនេះធ្វើឱ្យ Elon Musk បាត់បង់តំណែងជាមហាសេដ្ឋីលេខ១លើលោក។
អ្នកជំនាញវិភាគមកពី Wedbush បានគូសបញ្ជាក់ផងដែរថា “ទោះជា Elon Musk កំពុងព្យាយាមរកដំណោះស្រាយយ៉ាងណាក៏ដោយ ក៏សុបិនអាក្រក់នៅតែបន្តមានសម្រាប់អ្នកកាន់ភាគហ៊ុន Tesla ទាំងអស់”៕
អត្ថបទដោយ៖ សូ សុខលី