ឈ្មោះរបស់មហាសេដ្ឋី Elon Musk ត្រូវបានគេចុះនៅក្នុងកំណត់ត្រាពិភពលោកមួយឈ្មោះថា Guinness ខណៈដែលលោកជាប់ឈ្មោះជាមហាសេដ្ឋីដែលបាត់បង់ទ្រព្យអស់ច្រើនបំផុត ពោលគឺបាត់រហូតដល់ទៅជាង ១៨២ពាន់លានដុល្លារឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ប្រភពដដែលបានឱ្យដឹងថា មូលហេតុសំខាន់ដែលធ្វើឱ្យ កំពូលមហាសេដ្ឋីរូបនេះ ត្រូវបាត់បង់ទ្រព្យដ៏ច្រើនសន្ធឹកបែបនេះ គឺដោយសារតែ ការធ្លាក់ចុះយ៉ាងខ្លាំងនៃភាគហ៊ុនរបស់ក្រុមហ៊ុនឡានអគ្គិសនី Tesla របស់គាត់។ ភាគហ៊ុននៃក្រុមហ៊ុនខ្នាតយក្សមួយនេះ បានបង់បង់តម្លៃអស់ប្រមាណជាង ៦៥% នៃតម្លៃសរុបរបស់វា ដោយសារតែស្ថានភាពដ៏អាប់អួលរបស់សេដ្ឋកិច្ច។
គួរបញ្ជាក់ផងដែរថា កាលពីនៅចុងឆ្នាំ២០២១ ទ្រព្យរបស់មហាសេដ្ឋីវ័យ៥១ឆ្នាំរូបនេះ ធ្លាប់ហក់ឡើងដល់ខ្ទង់ ៣២០ពាន់លានដុល្លារឯណោះ។ ក៏ប៉ុន្តែបើគិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ទ្រព្យរបស់គាត់ត្រូវបានគេប៉ាន់ប្រមាណថាសល់ត្រឹម ១៤២.១ពាន់លានដុល្លារប៉ុណ្ណោះ។ តួលេខនេះបានបញ្ជាក់ឱ្យឃើញថា ទ្រព្យរបស់លោក Elon Musk ត្រូវបានបាត់បង់អស់ជាងពាក់កណ្ដាលទៅហើយ។
សូមជម្រាបផងដែរថា ការខាតបង់ដ៏ច្រើនលើសលុបនេះ គឺវាល្មមគ្រប់គ្រាន់ដែលអាចទាញឱ្យ កំពូលមហាសេដ្ឋី Elon Musk ត្រូវបាត់បង់តំណែងជាមហាសេដ្ឋីលេខ១របស់ពិភពលោក។ តំណែងមហាសេដ្ឋីលេខ១លើលោកនេះ ត្រូវបានជំនួសដោយម្ចាស់ក្រុមហ៊ុន LV (LOUIS VUITTON) គឺលោក Bernard Arnault ជំនួសវិញ ដែលឥឡូវគាត់មានទ្រព្យប្រមាណ ២០០ពាន់លានដុល្លារ៕
អត្ថបទដោយ៖ សូ សុខលី