សម្ព័ន្ធក្រុមហ៊ុន East Group បានធ្វើការស្នើសុំរាជរដ្ឋាភិបាលកម្ពុជាក្នុងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី នៅក្នុងខេត្ដព្រះសីហនុ។ ខណៈការស្នើសុំនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្ដម ស៊ុន ចានថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងតំណាងក្រុមហ៊ុនកាលពីពេលថ្មីៗនេះ។
តាមចុះផ្សាយដោយ CDC បានឲ្យដឹងថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ដឹកនាំដោយ អ្នកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល និង លោកឧកញ៉ា ណាង សុធី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមរយៈជំនួបពិភាក្សាការងារនេះដែរ អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានគោរពស្នើសុំការចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេស មានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការ។
សូមជម្រាបថា ខេត្ដព្រះសីហនុ គឺជាខេត្ដដ៏មានសក្ដានុពលមួយ និងតែងតែទទួលបានគម្រោងវិនិយោគជាហូរហែរ ពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះតែម្ដង។ ជាក់ស្ដែងកាលពីថ្ងៃទី១០ ខែមករា ក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) ក៏បានបើកសម្ពោធជាផ្លូវការ តំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនលើផ្ទៃដី ៨០០ ហិកតា ដែលមានទីតាំងតាមបណ្ដោយផ្លូវល្បឿលល្បឿន។
ទន្ទឹមជាមួយគ្នានេះដែរ កាលពីថ្ងៃទី២២ ខែមករា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានឯកភាពជាគោលការណ៍ស្នើសុំអភិវឌ្ឍន៍គម្រោងតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត ដែលមានឈ្មោះថា Cambodia Global-Tech Special Economic Zone (CSEZ) មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុផងដែរ៕