ការសេពគប់មិត្តក្នុងសង្គម គឺជាផ្នែកមួយនៃជីវិត បើគប់ត្រូវដើរផ្លូវត្រូវ គប់ខុសនាំក្តីអន្តរាយដល់ខ្លួន។ យ៉ាងណាមិញបើយោងតាមអ្នកចិត្តសាស្រ្តមកពី Hack Sprit បានបញ្ជាក់ថា អត្តចរិតរបស់មិត្ត៥ប្រភេទខាងក្រោមនេះ អាចរាប់ថាជាមិត្តល្អមិនងាយរក ហើយអាចសេពគប់គ្នាពេញមួយជីវិតបើអ្នកចេះរក្សាទំនាក់ទំនង។
១. ពួកគេនឹងមិនយល់ស្របតាមគ្រប់ពេលទេ៖ មិត្តល្អមិនមែនតែងតែនៅខាងអ្នកគ្រប់ពេលនោះទេ។ មិត្តដែលគាំទ្រអ្នកពិតប្រាកដ នឹងមិនយល់ស្របចំពោះអ្វីគ្រប់យ៉ាង ដែលអ្នកនិយាយឬធ្វើនោះទេ ពួកគេនឹងជំទាស់គំនិត ឬស្វែងយល់ហេតុផលរបស់អ្នកមុនសិន នៅពេលអ្នកចង់ធ្វើអ្វីមួយ ដោយផ្តល់ទស្សនៈនិងការយល់ឃើញខុសគ្នាឱ្យអ្នកពិចារណាមុនសម្រេចចិត្ត ហើយអាចដាស់តឿនអ្នកនៅពេលធ្វើខុស។
ដូច្នេះនៅពេលដែលអ្នកនៅក្បែរពួកគេហើយ គេមិនមែនចាំតែ ហៃអឺបន្ទារ តាមអ្នកនោះ វាជាសញ្ញាមួយដែលបង្ហាញថាពួកគេជាមិត្តស្មោះត្រង់ និងអាចក្លាយជាមិត្តពេញមួយជីវិតរបស់អ្នក។
២. តែងតែនៅក្បែរភាពបរាជ័យរបស់អ្នក៖ មិត្តពិតមិនត្រឹមតែនៅជាមួយអ្នកពេលជោគជ័យនោះទេ គេនឹងនៅក្បែរអ្នកពេលដែលជីវិតអ្នករញ៉េរញ៉ៃ ដោយមិនវិនិឆ្ឆ័យ បង្អាប់ឬស្តីបន្ទោសអ្វីឡើយ ពោលគឺជាអ្នកព្យាយាមស្តាប់បញ្ហារបស់អ្នកច្រើនជាង។
បើតាមអ្នកចិត្តសាស្រ្ត Carl Rogers បានបញ្ជាក់ថា៖ “នៅពេលដែលនរណាម្នាក់ពិតជាបានស្តាប់អ្នក ដោយមិនមានការវិនិច្ឆ័យលើអ្នក មិនព្យាយាមបង្អាប់អ្នក ទោះបីជាអ្នកមិនល្អបំផុតក៏ដោយ នោះជាសញ្ញាមួយថាពួកគេអាចជាមិត្តពេញមួយជីវិតរបស់អ្នក”។
៣. អ្នកអាចជាខ្លួនឯងបាន ពេលនៅក្បែរពួកគេ៖ មិត្តភាពដ៏ល្អបំផុតមិនទាមទារការប្រឹងប្រែងក្នុងការធ្វើពុតដើម្បីរាប់អានគ្នាឡើយ។ ដូច្នេះនៅពេលដែលអ្នកអាចនៅក្បែរពួកគេ ហើយអ្នកនៅតែអាចធ្វើជាខ្លួនឯងពេញលេញ មិនលាក់ពុត លាក់ចរិតនោះ ជាសញ្ញាមួយបញ្ជាក់ថាពួកគេអាចជាមិត្តអស់មួយជីវិតរបស់អ្នក។
៤. និយាយពាក្យដែលអ្នកមិនចង់ឭ៖ មិត្តពិតនឹងមិនគ្រាន់តែប្រាប់អ្នកពីអ្វីដែលអ្នកចង់ឮនោះទេ ពួកគេនឹងប្រាប់អ្នកពីអ្វីដែលអ្នកត្រូវស្តាប់ បើទោះបីជាវាមិនមែនជាពាក្យដែលអ្នកចង់ឮក៏ដោយ។ ដូច្នេះប្រសិនបើមិត្តរបស់អ្នក សុខចិត្តប្រាប់អ្នកអំពីការពិត មិនថាវាជាចំណុចអាក្រក់បំផុតរបស់អ្នក ឱ្យអ្នកបានដឹងដោយមិនខ្លាចអ្នកខឹងនោះ គឺជាសញ្ញាមួយបញ្ជាក់ថាពួកគេអាចជាពេញមួយជីវិតរបស់អ្នក។
៥. ពួកគេគាំទ្រការរីកចម្រើនរបស់អ្នក៖ មិត្តល្អបំផុតមិនគ្រាន់តែទទួលយកអ្នកជាអ្នកនោះទេ ពួកគេក៏យកចិត្តទុកដាក់ និងលើកទឹកចិត្តអ្នកឱ្យរីកចម្រើនទៅមុខបន្ថែមទៀត សម្រាប់ជាកំណែល្អបំផុតសម្រាប់អ្នកខ្លួនឯង។
ពួកគេព្យាយាមឱ្យអ្នកក្លាហានដើរចេញពីភាពសុខស្រួល ព្យាយាមជំរុញអ្នកនៅពេលអ្នកសង្ស័យខ្លួនលើឯង តែងតែរំលឹកអំពីអ្វីជាសក្តានុពល និងអ្វីដែលអ្នកមានសមត្ថភាពអាចធ្វើបាន។ ដូច្នេះនៅពេលដែលអ្នកមានមិត្តប្រភេទនេះ ជាសញ្ញាមួយបញ្ជាក់ថាពួកគេអាចជាមិត្តរបស់អ្នកពេញមួយជីវិត។
ពិតណាស់ការសេពគប់មិត្តគឺការជ្រើសរើស ប្រកបដោយការត្រិះរិះពិចារណា ដូចសង្ឃដីកាទូន្មានជនប្រុសស្រីរបស់ សម្តេចព្រះសង្ឃរាជកម្ពុជា ជោតញ្ញាណោ ជួន ណាត បានពោលថា ៖ “គប់ពាលរែងរាលទៅរកខុស គប់ប្រាជ្ញស្រីប្រុសរែងបានត្រូវ គប់មិត្តអបលក្ខណ៍រែងអាស្រូវ ខុសត្រូវកើតពីការសេពគប់”៕
អត្ថបទដោយ៖ ពីង ជូអេង