ក្រុមហ៊ុនចំនួន ២ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េគឺ ក្រុមហ៊ុន N.H.O និង Atomy Global Group បានសហការគ្នានៅក្នុងការអភិវឌ្ឍន៍គម្រោងលំនៅឋានថ្មីមួយមានឈ្មោះថា DreamVille ដែលមានទីតាំងនៅជាប់ផ្លូវបំបែកផ្លូវជាតិលេខ៦ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមព័ត៌មានដែល Business Cambodia ទទួលបានកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្នុងពិធីបើកដំណើរការសាងសង់បានឲ្យដឹងថា គម្រោងលំនៅឋានថ្មីនេះត្រូវនឹងអភិវឌ្ឍន៍នៅលើផ្ទៃដីសរុប ៣៥.៤ ហិកតា ដោយនៅក្នុងនោះក្រៅពីការសាងសង់ផ្ទះដ៏ទំនើបក្រុមហ៊ុនក៏បានធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា៖ សាលារៀន សួនកម្សាន្ដ មណ្ឌលសុខភាព និងហាងលក់ទំនិញជាដើម។ ដោយក្នុងនោះក្រុមហ៊ុនបានចំណាយផ្ទៃដីជាង១៩ ហិកតា ស្មើនិង៥៥%នៃផ្ទៃដីសរុប សម្រាប់ការសាងសង់សួនច្បារ និងកន្លែងសម្រាប់សកម្មភាពសហគមន៍នេះ។
សូមជម្រាបថា N.H.O គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលបានប្តេជ្ញាចិត្តក្នុងការបង្កើតសហគមន៍ឱ្យកាន់តែប្រសើរឡើងឆ្លងតាមរយៈគម្រោងលំនៅដ្ឋានគុណភាពខ្ពស់ សមស្របទៅតាមតំបន់នីមួយៗ។ ដោយក្នុងនោះក្រុមហ៊ុនបានសាងសង់ផ្ទះសរុបជាង ៣ ម៉ឺនខ្នង ដែលត្រូវបាននិងកំពុងអភិវឌ្ឍនៅក្នុងប្រទេសវៀតណាម ថៃ និងកម្ពុជា។ ក្រៅពីគម្រោង DreamVille នេះ កាលពីឆ្នាំ២០១៧ ក្រុមហ៊ុនក៏បានបើកសណ្ឋាគារ Sarai Resort & Spa ដ៏ល្បីនៅក្នុងខេត្ដសៀបរាមផងដែរ។
ដោយឡែកសម្រាប់ក្រុមហ៊ុន Atomy គឺជាក្រុមហ៊ុនពាណិជ្ជកម្មសកលដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបើកដំណើរការនៅជាង២០ប្រទេស មានបណ្តាញសមាជិកជាង១៦លាននាក់។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងពង្រីកទៅក្នុងវិស័យសំខាន់ៗរួមមាន៖ ការអប់រំ អចលនទ្រព្យ និងការថែទាំសុខភាពជាដើម។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងគម្រោងលំនៅឋានខាងលើ លោកអ្នកអាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនបានតាមរយៈគេហទំព័រ៖ www.dreamville.net ឬលេខទូរស័ព្ទ៖ ០៧៧ ៩២១ ១៤១៕