ក្រុមហ៊ុន Delivery Hero របស់អាឡឺម៉ង់ កំពុងចរចាលក់ យីហោ Foodpanda ទៅឱ្យក្រុមហ៊ុនដឹកជញ្ជូន Grab របស់សិង្ហបុរី ក្នុងតម្លៃប្រមាណ ១ពាន់លានអឺរ៉ូ (ប្រហែល ១.០៧ពាន់លានដុល្លារ)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
ប្រភពដដែលបានឱ្យដឹងថាដឹកជញ្ជូនអាហារ Delivery Hero មានគម្រោងលក់សកម្មភាពអាជីវកម្ម Foodpanda របស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានដូចជាប្រទេស សិង្ហបុរី កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងប្រទេសថៃ។
នាយកប្រតិបត្តិនៃក្រុមហ៊ុន Delivery Hero លោក Niklas Oestberg បានលើកឡើងថា «អាស៊ីគឺជាឱកាសធំមួយ សម្រាប់ការវិនិយោគលើវិស័យដឹកជញ្ជូនម្ហូបអាហារតាមអ៊ីនធឺណិត»។ ប៉ុន្តែនៅរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៣នេះ Foodpanda រងការខាតបង់ដល់ទៅ ៣២៣លានអឺរ៉ូ (ជាង ៣៤៣លានដុល្លារ) បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩។
លោក Niklas បានបន្ថែមទៀតថា បានជា Delivery Hero សម្រេចចិត្តចង់លក់ Foodpanda ឱ្យទៅ Grab ដែលជាក្រុមហ៊ុនរកស៊ីលើវិស័យដឹកជញ្ជូននៅអាស៊ីដូចគ្នា ព្រោះថាគិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ដូចគ្នា Grab មិនខាតទេ ផ្ទុយទៅវិញបែរជាអាចបង្កើតប្រាក់ចំណេញបានរហូតដល់ទៅ ៥៦៧លានដុល្លារឯណោះ។
យ៉ាងណាមិញ ភាគីខាងក្រុមហ៊ុន Grab នៅមិនទាន់បានឆ្លើយតបទៅនឹងសំណើរសុំបកស្រាយបន្ថែមពីសំណាក់ភ្នាក់ងារសារព័ត៌មាន Reuter នៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយក្រោយពេលដែលដំណឹងនៃការលក់ក្រុមហ៊ុន Foodpanda ត្រូវបានផ្សព្វផ្សាយមិនប៉ុន្មានផង វិនិយោគិនបានដកភាគហ៊ុនរបស់ខ្លួនរហូតដល់ទៅ ១៣.៥%។
សូមជម្រាបផងដែរថា Delivery Hero គឺជាក្រុមហ៊ុនដែលរកស៊ីលើវិស័យ ដឹកជញ្ជូនម្ហូបអាហារតាមអ៊ីនធឺណិតមួយរបស់អាឡឺម៉ង់ ដែលបង្កើតឡើងតាំងពីឆ្នាំ២០១១។ ក្រុមហ៊ុននេះធ្វើប្រតិបត្តិការនៅក្នុងប្រទេសចំនួន 70+ ជាអន្តរជាតិនៅអឺរ៉ុប អាស៊ី អាហ្រ្វិក ឡាទីន និងអាមេរិកខាងត្បូង ព្រមទាំងមជ្ឈិមបូព៌ា និងជាដៃគូជាមួយភោជនីយដ្ឋានជាង ៥០ម៉ឺនកន្លែង៕
អត្ថបទដោយ៖ សូ សុខលី