ការស្ទង់មតិដោយសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ ដែលបានធ្វើឡើងកាលពីដើមខែកញ្ញា បានបង្ហាញថា ពលរដ្ឋថៃ ក្នុងមួយគ្រួសារជំពាក់បំណុលជាមធ្យម ១ម៉ឺន៨ពាន់ដុល្លារ ដោយកើនឡើង ៨,៤% បើធៀបនឹងឆ្នាំ២០២៣ ខណៈតួលេខនេះហក់ខ្ពស់បំផុតចាប់តាំងពីការស្ទង់មតិក្នុងឆ្នាំ២០០៩ មក។
ក្នុងនោះ លោក Pol Col Krissana Pattanacharoen អ្នកនាំពាក្យរដ្ឋាភិបាលថៃ ធ្លាប់បានលើកបង្ហាញអំពីក្បួនបោកល្បីកក្រើកទាំង៥ ក្នុងប្រទេសថៃ រួមមានដូចខាងក្រោម៖
១/. ការងារចំណូលខ្ពស់តាមអនឡាញ៖ ជនខូចខិលបានធ្វើការផ្ញើសារ ផ្សព្វផ្សាយពាណិជ្ជកម្ម ឬខលទៅផ្ទាល់ៗ ដោយសន្យាជាមួយជនរងគ្រោះថានឹងផ្ដល់ឱកាសការងារល្អ ចំណូលខ្ពស់ ងាយស្រួលរកលុយតាមអនឡាញ។ ប៉ុន្តែតម្រូវឱ្យពួកគេត្រូវបង់ប្រាក់ថ្លៃសេវាជួយរកការងារឱ្យជាមុនសិន ទើបទទួលបានការងារ លុះបានលុយហើយជនឆបោកទាំងនោះក៏បាត់ស្រមោលឈឹងតែម្ដង។
២/. ការផ្សព្វផ្សាយលក់ទំនិញប្រេនៗ៖ ក្រុមអ្នកឆបោក បានបង្ហោះនៅលើបណ្ដាញសង្គមលក់ទំនិញស្អាតៗទាក់ទាញ ដែលមានតម្លៃទាបខ្លាំងដូចជាការ order ដោយផ្ទាល់ពី website ល្បីៗមួយចំនួន។ ពេលមានអ្នកបញ្ជាទិញទំនិញទាំងនោះ ក្រុមខូចខិលបានស្នើឱ្យធ្វើការបង់បា្រក់ជាមុន ក្រោយជនរងគ្រោះផ្ញើលុយទៅរួច គឺគ្មានអ្នកណាទទួលបានអីវ៉ាន់ឡើយ។
៣/. រៀនវគ្គខ្លីតាមអនឡាញ៖ ជនឆបោក បានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មអំពីការបង្រៀនជំនាញតាមអនឡាញ ដូចជារបៀបកាត់តវីដេអូសម្រាប់អ្នកមិនទាន់ចេះសោះជាដើម។ វគ្គសិក្សាដែលពួកគេបង្កើត ច្រើនតែជាជំនាញដែលទាក់ទាញ ប៉ុន្តែពេលចុះឈ្មោះចូលរៀនគឺតែងតែទាមទារឱ្យបង់ប្រាក់មុន ក្រោយបានលុយពួកគេក៏ទៅបាត់ឈឹង។
៤/. សេវាជួយផ្សព្វផ្សាយផលិតផល៖ ជនខូចខិល បានតាំងខ្លួនជាអ្នកជំនាញ ហើយធានាលើការជួយផ្សព្វផ្សាយផលិតផលឱ្យលក់ដាច់ និងចំណាយលុយតិចជាងជួល Influencer ដោយពួកគេអះអាងថា គេមានក្រុម មានផេកធំៗអាចជួយទាញអតិថិជនឱ្យបានច្រើន។ ក្រោយបញ្ចុះបញ្ចូលឱ្យជនរងគ្រោះជឿជាក់ ពួកគេក៏ទាមទារឱ្យបង់ប្រាក់មុន ពេលបានលុយហើយក៏លែងឆ្លើយតបតែម្ដង។
៥/. ការផ្សាយពាណិជ្ជកម្មរកជួលអ្នកបម្រើសេវាផ្លូវភេទ៖ ល្បិចបោកមួយនេះ ភាគច្រើនអូសទាញបានជាយុវជនដែលត្រូវការលុយកាក់ខ្លាំងឱ្យក្លាយជាជនរងគ្រោះ។ ប៉ុន្តែលោក Krissana មិនបានបកស្រាយលម្អិតពីរបៀបដែលជនខិលខូចធ្វើការអូសទាញឡើយ។
យ៉ាងណាមិញ លោក Krissana បានគូសបញ្ជាក់ផងដែរថា៖ «ជនរងគ្រោះភាគច្រើនត្រូវជាប់អន្ទាក់របស់ពួកឆបោកដោយសារតែត្រូវការលុយ និងចង់ចំណេញលុយ»។ ដូច្នេះហើយលោកបានផ្ដាំដល់មនុស្សគ្រប់គ្នាថា កុំជឿអ្វីដោយងាយឱ្យសោះ ព្រោះថារបស់ដែលចំណេញស្រួលហានិភ័យក៏ខ្ពស់ខ្លាំងដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook