បំណុ.លក៏អស់លុ.យក៏សល់ច្រើន! ស្រ្ដីវ័យ៣៤ឆ្នាំ ប្រើក្បួន CRUSH ដោះបំណុ.ល៣០ម៉ឺ.ន$ ចាយពេលត្រឹម៣ឆ្នាំ
Toeuy HongJUNE 30 20242.4 K views

ធ្លាប់តែរស់ស្រួល មានឪពុកម្ដាយពូកែចាត់ចែងលុយមិនដែលស្គាល់ពាក្យខ្វះខាត តែក្រោយពេលចេញប្រឡូកក្នុងសង្គមជាក់ស្ដែងដោយខ្លួនឯង បែរជាលង់ខ្លួនចូលទៅក្នុងរណ្ដៅបំណុលដល់ទៅ ៣០ម៉ឺនដុល្លារ។ នេះជាសាច់រឿងពិតរបស់ អ្នកស្រី Bernadette Joy បច្ចុប្បន្នជាម្ចាស់កម្មវិធីហិរញ្ញវត្ថុមួយនៅសហរដ្ឋអាមេរិកឈ្មោះថា  CRUSH YOUR MONEY GOALS។

តាមការចុះផ្សាយរបស់គេហទំព័រ GMA ​បាន​ឱ្យដឹងថា បំណុល៣០ម៉ឺនដុល្លារ របស់អ្នកស្រី Joy គឺកើតឡើងពីកម្ចីសិក្សា ព្រមទាំងការបង់រំលស់ផ្ទះដល់ទៅ២ខ្នងក្នុងពេលតែមួយ។ ក្រោយមកអ្នកស្រីក៏បានរកឃើញក្បួនពិសេស៥ជំហានដោយគាត់ដាក់ឈ្មោះ CRUSH  ដែលបានជួយគាត់ឱ្យចេញផុតពីបំណុលទាំងស្រុង ត្រឹមរយៈពេល៣ឆ្នាំប៉ុណ្ណោះ។ ខាងក្រោមនេះជារបៀបដែល CRUSH ដំណើរការ៖

១/. C = Create a new money mindset៖ បំណុលអាក្រក់កើតឡើងដោយសារតែការចាត់ចែងលុយខុស ដូច្នេះកូនសោរសំខាន់ដែលអាចដោះស្រាយវាបានគឺ ចាប់ផ្ដើមពីការកែប្រែទម្លាប់ប្រើប្រាស់លុយកាក់។ ដំបូងត្រូវពិនិត្យមើលរបាយការចំណាយប្រចាំខែ ឬអង្គុយបូកត្រួសៗដើម្បីឱ្យដឹងថា លុយដែលរកបានរាល់ខែ ចេញទៅច្រកណាខ្លះ ហើយមានប្រយោចន៍ដែរឬទេ?

បន្ទាប់ពីកត់ត្រាប្រភេទចំណាយរួច ត្រូវដកខ្ទង់ចំណាយឥតបានការមួយចំនួនចេញ ព្រោះបើចាយទៅមិនចំណេញកុំចាយអី ទុកលុយដោះបំណុលសិន។ ខ្ទង់ចំណាយដែលត្រូវទុក គួរជាចំណាយដែលចាំបាច់សម្រាប់ជីវិតរស់នៅដូចជា ចំណាយថ្លៃស្នាក់នៅ ហូបចុកល្មមៗមិនពោរពាសពេក និងចំណាយទៅលើកន្លែងដែលនាំប្រាក់ចំណេញមកវិញជាដើម។

២/. R = Reverse engineer your life goals៖ ជំហានបន្ទាប់គឺ ចាត់ទុកការដោះបំណុលគឺជាគោលដៅធំបំផុតដែលអ្នកត្រូវបំពេញឱ្យបានឆាប់។ ធ្វើបែបនេះ ដើម្បីឱ្យថាមពលទាំងអស់ដែលអ្នកមាន​មិនបែកខ្ញែកទៅគិតរឿងដទៃច្រើន នាំឱ្យស្មុគស្មាញគំនិត។ ការចំណាយពេលផ្ដោតតែលើរឿងរកផ្លូវចេញពីបំណុលមួយមុខ ជួយឱ្យអ្នកមានសមត្ថភាពរកដំណោះស្រាយបានកាន់តែប្រសើរជាងពេលដែលផ្ដោតលើច្រើនរឿងក្នុងពេលតែមួយ។

៣/. U = Use the tools available to you៖ បន្ទាប់ពីមានទម្លាប់ចាត់ចែងលុយល្អ និងមានឆន្ទៈកាន់តែខ្ពស់ អ្នកត្រូវប្រើប្រាស់យុទ្ធសាស្រ្តតាមលទ្ធភាពរបស់អ្នក។ មានន័យថាអ្នកអាចចាត់ចែងតតាំងជាមួយនឹងបំណុលទៅតាមសមត្ថភាពជាក់ស្ដែងរបស់អ្នក។ បើមានតិចសម្រុកតាមតិច បើមានច្រើនសម្រុកតាមច្រើន ប៉ុន្តែត្រូវប្រាកដថាអ្នកខំឱ្យអស់ពីលទ្ធភាព មិនថាការសន្សំសំចៃ ការចូលខ្លួនចរចាជាមួយសម្ចាស់បំណុល ឬការរកផ្លូវបង្កើនចំណូលឡើយ។

៤/. S = Spend unapologetically on what you love៖ បើទោះបីជាដំណាក់កាលនេះជាពេលដែលអ្នកត្រូវក្បិតក្បៀតខ្លាំងក៏ដោយ តែច្បាប់​ CRUSH របស់អ្នកស្រី Joy នៅត្រង់ចំណុចនេះបញ្ជាក់ថា អ្នកមិនត្រូវរំលងក្ដីសុខផ្ទាល់ខ្លួនឡើយ។ មានន័យថា អ្នកត្រូវតែដកលុយមួយចំណែកតូច ទុកសម្រាប់ធ្វើអ្វីដែលអ្នកស្រលាញ់ចូលចិត្តខ្លាំងបំផុត ដើម្បីឱ្យខ្លួនឯងមានកម្លាំងបន្តដំណើរទៅមុខជានិច្ច។

៥/. H = Hustle, hustle, hustle៖ ចំណុចចុងក្រោយនិងសំខាន់បំផុតគឺ ការរកផ្លូវបង្កើនចំណូល ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ ចាប់ផ្ដើមពីការមើលសកម្មភាពដែលអ្នកចំណាយពេល២៤ម៉ោងក្នុងមួយថ្ងៃ តើធ្វើរឿងអ្វីបានខ្លះ? ហើយរឿងទាំងនោះអាចរកចំណូលឱ្យអ្នកបានប៉ុន្មាន? បន្ទាប់មកគិតថាតើមានអ្វីដែលអ្នកអាចធ្វើបានទៀតទេ?

អ្នកអាចរកអ្វីថ្មីដែលអាចបង្កើតចំណូលបានច្រើន មកធ្វើជំនួសឱ្យសកម្មភាពមួយចំនួនដែលចំណាយពេលដូចគ្នាតែរកចំណូលបានតិចជាងឬមិនបានទាល់តែសោះ។ ច្នៃពេលទំនេរឱ្យក្លាយជាពេលបង្កើតលុយ ដូចជាធ្លាប់តែសៅរ៍អាទិត្យទំនេរនៅផ្ទះអត់អ្វីធ្វើ ប្ដូរទៅជារកការងារបន្ថែម ឬដាំដំណាំជុំវិញផ្ទះ ដើម្បីកាត់បន្ថយចំណាយ ឬប្រមូលលក់ជាដើម។

សូមជម្រាបផងដែរថា មិនថាអ្នកមានបំណុលធំឬតូច ចំណូលតិចឬច្រើន អ្នកនៅតែអាចនាំខ្លួនឯងឱ្យចេញផុតពីបញ្ហាលុយកាក់ប្រភេទនេះបាន។ គ្រប់យ៉ាងវាអាស្រ័យលើការតាំងចិត្ត ការខិតខំប្រឹងប្រែងមិនព្រមបោះបង់ ព្រមទាំងទំនួលខុសត្រូវ។ ចង់ឱ្យឆាប់ផុតបំណុលអ្នកគួររកវិធីសាស្រ្តឱ្យត្រូវនឹងស្ថានភាព ទិចនិចខាងលើគ្រាន់តែជាផ្លូវមួយជ្រុង។ បើវាមិនត្រូវនឹងអ្នកចូរទៅរកវិធីសាស្រ្តផ្សេងទៀត តែបើសមនឹងអ្នកហើយ យកវាទៅប្រើទៅ សូមឱ្យឆាប់រួចផុតពីបំណុលណា!!!

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia