អ្នកជំនាញពន្យល់មូលហេតុអ្នកមិនគួរទិញឡានមានតម្លៃលើសពី៥០ភាគរយនៃចំណូលសរុបប្រចាំឆ្នាំរបស់អ្នក
Toeuy HongJULY 2 2024554 views

ឡានគឺជាមធ្យោបាយធ្វើដំណើរដែលពេញនិយមបំផុតនៅលើពិភពលោកព្រោះវាជួយសម្រួលដល់ការធ្វើដំណើរទៅទីជិតឆ្ងាយហើយក៏អាចដឹកជញ្ជូលក្រុមគ្រួសារទៅដើរលេងកម្សាន្តនៅកន្លែងនានាបានគ្រប់ពេលវេលាបើយើងមានឡានប្រើប្រាស់ផ្ទាល់ខ្លួន។

 យ៉ាងណាមិញទាក់ទងនឹងឡាននេះដែរ លោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុល្បីឈ្មោះរបស់អាមេរិកបានលើកឡើងថាតម្លៃឡានឬយានយន្តគ្រប់ប្រភេទមិនគួរមានតម្លៃសរុបលើសពី៥០ភាគរយនៃចំណូលសរុបប្រចាំឆ្នាំរបស់អ្នកនោះទេ។ ឧទាហរណ៍បើអ្នកមានចំណូលសរុបប្រចាំឆ្នាំ២៤,០០០ដុល្លារ អ្នកគួរមានឡានតម្លៃត្រឹមតែ១២,០០០ដុល្លារបានហើយ។

 លោក Dave Ramsey បានពន្យល់ថាមូលហេតុដែលអ្នកមិនគួរមានឡានមានតម្លៃលើសពី៥០%នៃចំណូលសរុបប្រចាំឆ្នាំរបស់អ្នកគឺដោយសាររថយន្តនិងយានយន្តគ្រប់ប្រភេទ តម្លៃរបស់វាកាន់តែបាត់បង់តម្លៃពោលគឺតម្លៃកាន់តែធ្លាក់ចុះហើយប្រើយូរៗទៅវានឹងខូចប្រើលែងកើតតទៅទៀត។

 តាមពិតបើអ្នកចង់កសាងទ្រព្យ មានទ្រព្យច្រើនជាងបំណុល អ្វីដែលបានរៀបរាប់ខាងលើគឺអ្នកគួរយកចិត្តទុកដាក់ធ្វើវា។ កាលណាទ្រព្យសម្បត្តិសរុបរបស់អ្នកភាគច្រើនស្ថិតនៅក្នុងរបស់ដែលកាន់តែបាត់បង់តម្លៃនោះ អ្នកមិនងាយកសាងទ្រព្យដើម្បីបង្កើតភាពមានបានក្នុងជីវិតបានឡើយ។

 ឧទាហរណ៍ បើអ្នកមានទ្រព្យសរុបចំនួន១លានដុល្លារ ប៉ុន្ដែទ្រព្យសរុប១លានដុល្លារនេះ ៧០ម៉ឺនដុល្លារគឺស្ថិតនៅក្នុងទ្រព្យដែលមិនកើនតម្លៃដូចជាឡាននិងរបស់ផ្សេងៗទៀត នោះមានន័យថាមិនយូរនោះទេទ្រព្យសរុបរបស់អ្នកនឹងធ្លាក់ចុះក្រោម១លានដុល្លារយ៉ាងឆាប់រហ័ស។ ជាក់ស្ដែងរថយន្តរបស់អ្នកតម្លៃធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយប្រើយូរទៅវានឹងចាស់ខូចប្រើលែងកើត អ្នកនឹងត្រូវចំណាយលុយដើម្បីទិញឡានថ្មីមួយទៀតដែលធ្វើឲ្យទ្រព្យរបស់អ្នកធ្លាក់ចុះក្រោម១លានដុល្លារជាមិនខាន។

 ដូច្នេះបើចង់មាន អ្នកគួរកសាងទ្រព្យដែលវាអាចកើនតម្លៃនិងទ្រព្យដែលអាចបង្កើតចំណូលប្រចាំខែ។ ឧទាហរណ៍ មានដីដែលតម្លៃវាកើនឡើង មានភាគហ៊ុននៅក្នុងក្រុមហ៊ុនដែលអ្នកអាចទទួលបានប្រាក់ចំណូលតាមរយៈភាគលាគពេលក្រុមហ៊ុនរកស៊ីចំណេញ មានផ្ទះដែលអាចដាក់ជួលបង្កើតចំណូលប្រចាំខែ នឹងធ្វើឲ្យអ្នកអាចកសាងទ្រព្យក្លាយជាអ្នកមានបាន។ យ៉ាងណាមិញបើអ្នកមានទ្រព្យដែលតម្លៃវាកាន់តែធ្លាក់ថ្លៃដូចជាឡាននោះ អ្នកមិនងាយកសាងភាពមានបានបានឡើយ។ ផ្ទុយទៅវិញទ្រព្យរបស់អ្នកនឹងកាន់តែថយហើយពេលខ្លះអាចធ្លាក់ទៅក្នុងបញ្ហាបំណុលទៀតផង។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia