មានប្រទេសជាច្រើនដែលដាក់កាតព្វកិច្ចយោធាសម្រាប់ពលរដ្ឋខ្លួន ដើម្បីមានឱកាសបម្រើជាតិមាតុភូមិ។ បើតាមប្រភពពី World Population Review បានឱ្យដឹងថាយ៉ាងហោចណាស់មានប្រទេសចំនួន៨៦ បានអនុវត្តន៍កាតព្វកិច្ចយោធាសម្រាប់ពលរដ្ឋរបស់ពួកគេ។
យ៉ាងណាមិញក្នុងចំណោមនោះមានប្រទេសចំនួន៥ខាងក្រោមនេះ ដែលយើងនឹងលើកមករៀបរាប់ អំពីលក្ខខណ្ឌច្បាប់និងរយៈពេលចូលបម្រើការ ខណៈប្រទេសខ្លះតម្រូវឱ្យហ្វឹកហាត់១០ឆ្នាំក៏មាន។
១. ប្រទេសកូរ៉េខាងត្បូង៖ កាតព្វកិច្ចយោធានៅក្នុងប្រទេសកូរ៉េខាងត្បូងគឺតម្រូវឱ្យពលរដ្ឋចូលបម្រើកងទ័ពរយៈពេល១៨ខែទៅ២១ខែ ហើយជាកាតព្វកិច្ចសម្រាប់បុរសដែលមានសម្បទារាងកាយមាំមួន មានអាយុពី ១៨ ទៅ ៣៥ឆ្នាំ។ ចំពោះស្រ្តីកូរ៉េខាងត្បូងមិនចាប់ចូលជាកាតព្វកិច្ចទេ តែជាការស្ម័គ្រចិត្ត។
ការអនុវត្តច្បាប់កាតព្វកិច្ចយោធាកូរ៉េខាងត្បូងត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងឆ្នាំ ១៩៥៧។ ក្នុងនោះការលើកលែងសម្រាប់អ្នកដែលមានពិការភាពជាក់លាក់ និងពន្យារពេលសម្រាប់អ្នករកស៊ីចិញ្ចឹមគ្រួសារតែម្នាក់ឯង ឬអ្នកដែលមានទេពកោសល្យពិសេស អត្តពលិកក្នុងកីឡា ឬតន្ត្រី។
២. ប្រទេសកូរ៉េខាងជើង៖ កាតព្វកិច្ចបម្រើយោធានៅក្នុងប្រទេសកូរ៉េខាងជើងគឺតម្រូវឱ្យពលរដ្ឋចូលបម្រើកងទ័ពរយៈពេលយូរជាងគេបំផុតលើពិភពលោក ពោលគឺចាប់ពី៧ឆ្នាំដល់១០ឆ្នាំ។ ក្នុងនោះស្រ្តីគឺតម្រូវឱ្យចូលហ្វឹកហ្វឺនយោធារយៈពេល ៧ ឆ្នាំ និងរយៈពេល១០ ឆ្នាំសម្រាប់បុរស។ ដោយពលរដ្ឋទាំងពីរភេទត្រូវជាប់កាតព្វកិច្ចពីអាយុចាប់ពី១៧ឆ្នាំដល់៣០ឆ្នាំ។
ការអនុវត្តច្បាប់កាតព្វកិច្ចយោធាកូរ៉េខាងជើងត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ ១៩៥៧ ហើយយុវជនដែលមកពីគ្រួសារឥស្សរជននយោបាយ ត្រូវបានលើកលែងពីការធ្វើទាហាន។
៣. ប្រទេសសិង្ហបុរី៖ កាតព្វកិច្ចយោធានៅក្នុងប្រទេសសិង្ហបុរីគឺតម្រូវឱ្យពលរដ្ឋជាបុរសចូលបម្រើកងទ័ពរយៈពេល២២ខែ សម្រាប់បុរសដែលមានអាយុចាប់ពី១៨ឆ្នាំ និងអាចបន្តជាកងទ័ពពេញសិទ្ធិរហូតដល់អាយុ៥០ឆ្នាំ។ ដោយករណីលើកលែងគឺសម្រាប់អ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងការបន្តការសិក្សា។ ចំពោះស្រ្តីមិនជាប់កាតព្វកិច្ចនោះទេ ដោយសម្រេចតាមគោលការណ៌ស្ម័គ្រចិត្ត។
ការអនុវត្តច្បាប់កាតព្វកិច្ចយោធាសិង្ហបុរីត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងក្នុងឆ្នាំ ១៩៦៧ ដើម្បីជួយកសាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសដែលទើបតែទទួលបានឯករាជ្យពីរឆ្នាំមុនក្នុងឆ្នាំ ១៩៦៥។
៤. ប្រទេសរុស្ស៊ី៖ កាតព្វកិច្ចយោធានៅក្នុងប្រទេសរុស្ស៊ីគឺតម្រូវឱ្យពលរដ្ឋជាបុរសចូលបម្រើកងទ័ព រយៈពេល១២ខែ ដោយមិនមានប្រាក់ខែ។ បុរសជាប់កាតព្វកិច្ចគឺមានអាយុពី ១៨ ទៅ 30 ឆ្នាំ ហើយមានករណីលើកលែងមានកំណត់។ ចំពោះស្ត្រីគឺមិនស្ថិតក្រោមការកំណត់ច្បាប់នោះ តែពួកគេអាចស្ម័គ្រចិត្តបម្រើយោធាបាន។
ការអនុវត្តច្បាប់កាតព្វកិច្ចយោធាក្នុងប្រទេសរុស្ស៊ីមានតាំងពីយូរយារណាស់មកហើយ តាំងពីចក្រភពរុស្ស៊ី ដែលត្រូវបានផ្តួចផ្តើមដោយលោក Dmitry Milyutin ក្នុងឆ្នាំ ១៨៧៤។
៥. ប្រទេសថៃ៖ កាតព្វកិច្ចយោធានៅក្នុងប្រទេសថៃគឺតម្រូវឱ្យពលរដ្ឋចូលបម្រើកងទ័ពរយៈពេល២៤ខែ សម្រាប់បុរសដែលត្រូវបានជ្រើសរើសដោយការចាប់ឆ្នោតនៅអាយុ ២១ឆ្នាំ។ អ្នកដែលចាប់បានកាតក្រហមក្នុងការចាប់ឆ្នោតតម្រូវឱ្យបម្រើយោធា ចំណែកអ្នកដែលចាប់បានកាតខ្មៅត្រូវបានលើកលែង។
ការអនុវត្តច្បាប់កាតព្វកិច្ចយោធាថៃត្រូវបានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៩៥៤ ហើយសម្រាប់បុរសដែលមានអប់រំខ្ពស់អាចកាត់បន្ថយរយៈពេលបម្រើកងទ័ពបាន ខណៈស្ត្រីថៃអាចចូលរួមដោយស្ម័គ្រចិត្ត។
ដោយឡែកសូមរំលឹកផងដែរថាចាប់ពីឆ្នាំ២០២៦ទៅ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ប្រទេសកម្ពុជានឹងផ្តើមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប ដោយច្បាប់នេះនឹងត្រូវធ្វើសេចក្តីព្រាងឱ្យសមស្របនឹងស្ថានភាពនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន៕
អត្ថបទដោយ៖ ពីង ជូអេង