ដោយសារតែហត់នឿយនឹងការងារពេញម៉ោងពីម៉ោង៩ដល់៥រសៀល កញ្ញា Anna-Marie Ortiz មានវ័យ៣០ឆ្នាំ មកពីរដ្ឋ Oregon នៃសហរដ្ឋអាមេរិក បានសម្រេចចិត្តយកលុយសន្សំចំនួន២ពាន់ដុល្លារ បើកអាជីវកម្មសេវាកម្មសម្អាត អាចទាញចំណូល១ខែ១ម៉ឺនដុល្លារពេញ១ឆ្នាំ២០២៤ បន្ទាប់ពីចាប់ផ្តើមធ្វើរបរនេះនៅខែកក្កដា ឆ្នាំ២០២៣។
សេវាកម្មសម្អាត Cool Aunt Cleaners មានកញ្ញា Anna-Marie Ortiz ជាម្ចាស់បានប្រាប់កាសែត CNBC ថាការចាប់ផ្តើមអាជីវកម្មគឺមានហានិភ័យ ដូចជាការចាប់សន្លឹកឆ្នោតដើម្បីមានឱកាសត្រូវឆ្នោតជារៀងរាល់ថ្ងៃ ត្បិតខ្លួនធ្លាប់បរាជ័យបិទរបរចំនួន២ និងបោះបង់ការសិក្សាចំនួន២លើករួចទៅហើយ ខណៈពេល នាងទើបមានវ័យជាង២០ឆ្នាំប៉ុណ្ណោះ។
ធំឡើងជាមួយគ្រួសារដែលជាមានឪពុកម្តាយជាកសិករនៅរដ្ឋ Kansa កញ្ញា Anna-Marie Ortiz ពិតជាស្រេកឃ្លានការផ្លាស់ប្តូរនៅក្នុងជីវិត នាងប្រាប់CNBC ថានាងមិនចង់រស់នៅដើម្បីតែរកលុយ បង់វិក្ក័យបត្រវិលជុំនោះទេ ហេតុដូច្នេះហើយក្នុងឆ្នាំ២០១២ នាងក៏បានចូលរៀននៅមហាវិទ្យាល័យ Butler Community College ថ្នាក់អាហារូបករណ៍កម្ចីសិស្សផ្នែកជំនួញ មិនបាន១ឆ្នាំស្រួលបួលផងនាងក៏ឈប់រៀន។
ដោយមិនប្រាកដប្រជាក្នុងចិត្តអំពីផ្លូវអាជីពទៅខាងមុខ នាងបានទៅធ្វើការងារជាច្រើននៅទីក្រុង Lawrence រដ្ឋ Kansas ដូចជាអ្នកឆុងកាហ្វេតាមជីវិតជាយុវវ័យ ដើម្បីបានប្រាក់ខែ។
ឆ្លងកាត់ការងារជាច្រើននៅទីក្រុង នាងក៏បានជួបជាមួយអតិថិជននៅហាងកាហ្វេដែលនាងធ្វើការ តាមរយៈការរៀបអានគេក៏បានអញ្ជើញនាងឱ្យចូលរួមជាមួយ ក្នុងគម្រោងបង្កើតអាជីវកម្ម ពោលគឺដាក់ទុនរកស៊ីជាមួយគ្នាធ្វើអាជីវកម្មបែប fintech ។
ក្នុងរយៈពេលពីរបីឆ្នាំបន្ទាប់ Ortiz បានធ្វើការជាមួយស្ថាបនិកលើគម្រោងនោះជាបន្តបន្ទាប់ ការងារនោះហាក់ដូចជាស្រពិចស្រពិលរកកោះត្រើយមិនឃើញ ដូច្នេះនាងក៏បោះបង់។
តាមរយៈបទសម្ភាសន៍ជាមួយកាសែត CNBC នាងបានបន្តថា ប៉ុន្តែនៅក្នុងដំណើរការនៃការធ្វើការងារលើគម្រោងអាជីវកម្មនោះ នាងទទួលបានវិញ្ញានបណ្ឌបត្រសិក្សា ឆ្លងកាត់ការបង្វឹកអាជីវកម្មលក្ខណៈស្តង់ដារចំនួន៤ឆ្នាំ និងការកសាងជំនាញក្នុងការលក់ ការធ្វើទីផ្សារ និងការគ្រប់គ្រងគម្រោង។
បន្ទាប់ពីបោះបង់ការងារនេះរួចនាងក៏បានត្រឡប់ទៅទីកំណើតវិញនិងបានត្រលប់ទៅទីក្រុង Wichita រដ្ឋ Kansa ហើយចុះឈ្មោះចូលរៀនវិញនៅមហាវិទ្យាល័យក្នុងអំឡុងឆ្នាំ ២០១៨-២០១៩។
ប៉ុន្តែនៅឆ្នាំ ២០២០កញ្ញា Ortiz បានសម្រេចចិត្តបើកហាងលក់រុក្ខជាតិជាមួយមិត្តដែលរៀនវិទ្យាល័យជាមួយគ្នាហើយផ្អាករៀនសិន។ ជាអកុសល ហាងនេះបានបើកដំណើរការមិនបានប៉ុន្មាន ការរាតត្បាតនៃជំងឺ Covid-19 ក៏ចូលមកហើយនាងក៏បែរទៅជំរុញការលក់តាមអ៊ីនធឺណិត តែក៏នៅតែមិនអាចរកប្រាក់ចំណេញ បានហាងនេះក៏បិទនៅដើមឆ្នាំ២០២១។
បន្ទាប់ពីការស្រាវជ្រាវអស់ជាច្រើនខែ នៅខែកក្កដា ឆ្នាំ ២០២៣ នាងក៏ចាប់ផ្តើមបើកអាជីវកម្មសម្អាត ជាមួយនឹងប្រាក់សន្សំរបស់នាងចំនួន២ពាន់ដុល្លារ ដោយនាងប្រើលុយទាំងនេះចំណាយលើការផ្គត់ផ្គង់ បង្កើតគេហទំព័រ រកអ្នកជំនាញរចនាឡូហ្គោ និងបានចុះបញ្ជីអាជីវកម្មរបស់នាងជាក្រុមហ៊ុនខ្នាតតូច រកស៊ីក្រៅម៉ោង ក្រៅពីអាជីពពេញម៉ោងរបស់នាងដែលជាបុគ្គលិកនៅក្រុមហ៊ុនមួយ។
ក្នុងនោះនាងបានកំណត់គោលដៅអតិថិជនសម្អាតផ្ទះ ខុនដូ និង ការរើផ្ទះនិងការិយាល័យ របស់អ្នកជំនាញវ័យក្មេងដែលមមាញឹកនិងមានប្រាក់ចំណូលច្រើន ដោយនាងជ្រើសរើសឈ្មោះ Cool Aunt Cleaners ដើម្បីទាក់ទាញអតិថិជនវ័យក្មេង។ ដើម្បីបង្រួញអាជីវកម្ម Ortiz បានដាក់ខិត្តប័ណ្ណ និងចែកប័ណ្ណអាជីវកម្មនៅក្នុងសង្កាត់គោលដៅដែលក្មេងៗសម័យថ្មីរស់នៅច្រើន ដើម្បីកាត់បន្ថយការចំណាយលើការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតផងដែរ។
ជាមួយនឹងម៉ាស៊ីនសម្អាតស្ពាយជាប់ខ្នងតែម្នាក់ឯង Ortiz អាចរកបានត្រឹមតែ ២៥៩៥ដុល្លារប៉ុណ្ណោះក្នុងខែដំបូងរបស់ខ្លួន ប៉ុន្តែនាងបានរក្សាវា ហើយបានសម្រេចចិត្តផ្តោតលើ Cool Aunt Cleaners ពេញម៉ោងនៅខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនាងបានជួលបុគ្គលិកសម្អាតក្រៅម៉ោងចំនួន៤នាក់ថែមទៀត។
បច្ចុប្បន្ននេះក្រុមហ៊ុននាងមានអតិថិជនចាស់ដដែលៗប្រហែលពី ១៥ទៅ២០នាក់ ខលមកជួលសេវាកម្មសម្អាតរបស់នាង ហើយ Ortiz និងបុគ្គលិករបស់នាងធ្វើការសម្អាតរហូតដល់ ១០ដងក្នុងមួយសប្តាហ៍ ជួនកាលនាងខ្លួនឯងមិនចាំបាច់ទៅធ្វើការដោយផ្ទាល់នោះទេ។
យ៉ាងណាមិញត្បិតអាជីវកម្មនេះមានទំហំតូច ប៉ុន្តែអាចចំណេញច្រើន ព្រោះបន្ទាប់ពីការចំណាយដែល ធំជាងគេគឺប្រាក់ខែសម្រាប់បុគ្គលិករបស់នាងហើយ កញ្ញា Ortiz អាចទូទាត់រកប្រាក់ចំណេញសុទ្ធបានប្រហែល ២៩០០០០ ឯណោះដុល្លារក្នុងមួយឆ្នាំ។
ទោះជានាងមិនមានសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ប៉ុន្តែកញ្ញា Anna-Marie Ortiz នាងនៅតែបន្តការរៀនសូត្រដោយខ្លួនឯង និងស្វែងរកការសិក្សាបន្តទៀត ដើម្បីដើរតាមចក្ខុវិស័យរបស់នាងពង្រីក Cool Aunt Cleaners ឱ្យរីកសាខាពាសពេញរដ្ឋនៅទូទាំងអាមេរិក៕
អត្ថបទដោយ៖ ពីង ជូអេង