នាពេលបច្ចុប្បន្ននេះរាជធានីភ្នំពេញ បានក្លាយជាទីតាំងសំខាន់ខ្លាំងមែនទែននៅក្នុងការសាងសង់អគារពាណិជ្ជ និងខុនដូរខ្ពស់ៗរបស់ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកផងដែរ។ ជាមួយគ្នានោះដែរ នាពេលខាងមុខនេះ ក៏នឹងមានវត្តមានខុនដូរទំនើប និងសណ្ឋាគារលំដាប់ផ្កាយកម្ពស់ ៦៥ ជាន់ដែលមានតម្លៃប្រមាណ១០០លានដុល្លារ លេចរូបរាងឡើងនៅចំកណ្តាលទីក្រុងភ្នំពេញតែម្តង។
ចំពោះគម្រោងអគារ G.A.T.O TOWER ដ៏ធំស្កឹមស្កៃនេះត្រូវបានវិនិយោគឡើងដោយក្រុមហ៊ុនជប៉ុន MIRAKU CAPITAL & DEVELOPMENT CO., LTD នឹងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យកម្ពុជាឈានមុខគេ WH LIVING & PROPERTIES CO., LTD ខណៈអគារនេះនឹងសាងសង់ឡើងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០៣០ ខាងមុខនេះ។
លោក ញឹម រាសី និងលោកស្រី នៅ សុគន្ឋារី ដែលជាដៃគូវិនិយោគគិនក្នុងស្រុក និងជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអភិវឌ្ឍន៍ MIRAKU បានឱ្យដឹងថា អគារថ្មីនេះនេះគឺប្រភេទខុនដូសម្រាប់ស្នាក់នៅ និងសណ្ឋាគារលំដាប់ផ្កាយ ដោយមានកម្ពស់ ៦៥ ជាន់។ អគារថ្មីនេះត្រូវបានក្រុមហ៊ុនស្ថាបត្យករជប៉ុនដែលល្បីឈ្មោះជាងគេនៅប្រទេសជប៉ុនបានកំពុងធ្វើការសិក្សាលំអិត ដើម្បីនាំយកមកនូវការរចនាដែលល្អបំផុតសំរបទៅតាមរបថរស់នៅថ្មីក្នុងប្រទេសកម្ពុជា។
លោក ញឹម រាសី បានគូសបញ្ជាក់ថា ចំពោះគម្រោងខុនដូរនេះគឺមានកន្លែងទទួលភ្ញៀវដ៏ស្អាតប្រណិតរួមដោយធម្មជាតិ សួនលើអាកាស កន្លែងក្មេងលេង កន្លែងហាត់ប្រាណ ស្ទីម និងសូណា Private Lounge ហាងកាហ្វេ និងកន្លែងអង្គុយធ្វើការ។
លើសពីនេះទៅទៀត ក្រៅពីសណ្ឋាគារលំដាប់ផ្តាយ នៅផ្នែកជាន់ខាងលើនៃអគារក៏មានខុនដូរសំរាប់ស្នាក់នៅ ហើយសំរាប់ជាន់ទី៦០ដល់៦៤ គឺត្រូវបានរចនាសំរាប់ជា Penthouse ដែលមានលក្ខណៈឯកជន និងប្រណិតភាពបំផុត។ ជាពិសេស G.A.TO TOWER នឹងមានស្កាយបារ៍ និងអាងហែលទឹកដែលស្ថិតនៅលើជាន់ខ្ពស់បំផុតផងដែរ ដែលអាចមើលឃើញទេសភាពយ៉ាងស្អាតនៃទីក្រុងភ្នំពេញផងដែរ៕