កោះនរាគឺជាទីក្រុងរណបថ្មី ដែលត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Overseas Cambodia investment Corp Ltd (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ។ ទីក្រុងមួយនេះត្រូវបានចាប់ផ្ដើមសាងសង់តាំងពីខែមករាឆ្នាំ ២០២០ មក ដែលបានអភិវឌ្ឍន៍លើផ្ទៃដី ប្រមាណ ១២៥ ហិកតា។ ក្នុងនោះដែរនាពេលថ្មីៗខាងក្រុមហ៊ុនក៏បានបង្ហាញទំហំទឹកប្រាក់ដែលបានចាក់ចូលទៅក្នុងការអភិវឌ្ឍទីក្រុងថ្មីនេះផងដែរ។
បើតាមការបញ្ជាក់ពីក្រុងកោះនរា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា «គិតត្រឹមថ្ងៃនេះ ទីក្រុងនរាចំណាយថវិកាប្រមាណ ៣០០ លានជាងដុល្លារអាមេរិក និងគ្រោងចំណាយខ្ទង់រយលានដុល្លារអាមេរិកបន្ថែមដើម្បីបន្តអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍន៏ទៅជាទីក្រុងឆ្លាតវៃ»។
ប្រភពដដែលបន្ដថា បច្ចុប្បន្នភាព ក្រៅពីស្ពានកោះនរា ស្ពាននាគភ្លោះ ផ្លូវបេតុង បេតុងច្រាំងទន្លេ ប្រព័ន្ធលូបង្ហូរក្រោមដី (លូទឹកភ្លៀង និងលូទឹកកខ្វក់) ប្រព័ន្ធទឹកស្អាត ប្រព័ន្ធ Camera សុវត្ថិភាព ស្ថានីយបូមទឹក - ឥឡូវនេះ យើងអភិវឌ្ឍន៏ដល់ផ្លូវបេតុង ទន្លេតូច នៅក្នុងតំបន់ Q3 (ក្រោយគម្រោង Norea Square) ហើយ ដែលផ្តល់ភាពកាន់តែងាយស្រួលដល់បងប្អូនយើង។
សូមជម្រាបថា កោះនរា ស្ថិតនៅតាមដងទន្លេមេគង្គដែលជាកោះមួយស្ថិតចំនុចកណ្ដាលនៃទីក្រុងរណបកោះពេជ្យ និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គម្រោងអភិវឌ្ឍន៍កោះនរា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានប្រគល់សិទ្ធទៅឱ្យក្រុមហ៊ុន OCIC ក្នុងការអភិវឌ្ឍន៍កោះនរា ឱ្យទៅជាទីក្រុងរណបមួយថ្មីក្នុងរាជធានីភ្នំពេញ៕