ដីល្អ! អ្នកជំនាញ ២ រូបបង្ហាញទីតាំងដីត្រូវប៉ាន់នៅខេត្តចំនួន៤ ទិញហើយអាចមានឱកាសចំណេញ
Bunthoeun KoemJANUARY 30 20232 K views

មែនទែនទៅការជ្រើសរើសដីដើម្បីទៅវិនិយោគគឺជារឿងដែលវិនិយោគិនគ្រប់រូបតែងតែគិតមុននឹងបោះលុយទៅវិនិយោគ ព្រោះថាបើជ្រើសរើសត្រូវទីតាំងក៏ជាផ្លូវមួយដែលជួយពួកគាត់មានឱកាសចំណេញច្រើន។ ហើយបច្ចុប្បន្នមនុស្សមិនតិចនោះទេដែលទទួលបានផលចំណេញនៅក្នុងការវិនិយោគវិស័យមួយនេះ ដោយសារតែជ្រើសរើសត្រូវទីតាំងនិងយល់ពីស្ថានភាពអំពីវិស័យនេះផងដែរ។

យ៉ាងណាមិញទាក់ទងនិងការជ្រើសរើសទីតាំងនេះផងដែរក៏មានអ្នកជំនាញ២ រូបបានបង្ហាញពីដីត្រូវប៉ាន់ចំនួន៤ បើទិញហើយអាចមានឱកាសចំណេញ៖

ថ្លែងប្រាប់ Business Cambodia  លោក ច្រឹក សុខនីម​ ជាអត្តិតសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) អណត្តិទី៦ និងអណត្តិទី​៧ (២០២១-២០២២) បានបង្ហើបពីដីត្រូវប៉ាន់ចំនួនពីរកន្លែងដែលអ្នកវិនិយោងគួរសម្លឹង ក្នុងនោះរួមមាន ខេត្តកណ្ដាល និង ខេត្តកំពង់ស្ពឺ។

ច្រឹក សុខនីម​

១. ខេត្តកណ្ដាល

ចំពោះខេត្តនេះ អត្តិតប្រធានសមាគមខាងលើ បានលើកឡើងថាបច្ចុប្បន្ននេះគេកំពុងពង្រីកនៅតំបន់បឹងតាម៉ោក ដែលនៅតំបន់មានក្រសួងការពារជាតិ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម រួមទាំងស្ថាប័នរដ្ឋផ្សេងៗទៀតផងដែរ។ លោកក៏បានបន្ដថាដូច្នេះនៅពេលដែលស្ថាប័នរដ្ឋនៅតំបន់នោះកាន់តែច្រើន តម្រូវការសម្រាប់ប្រើបែបលំនៅឋាននឹងមានការកើនឡើង។

២. ខេត្តកំពង់ស្ពឺ

រីឯខេត្តកំពង់ស្ពឺវិញដីដែលមានទីតាំងល្អគឺនៅផ្លូវ ៥១  ដោយចាប់ពីតំបន់ផ្លូវ៥១ ចុះមកក្រោមគឺជាតំបន់លំនៅឋាន( ទៅខាងខេត្តកំពត) ហើយចាប់ពីផ្លូវ៥១ ទៅខាងខេត្តកំពង់ស្ពឺជាតំបន់រោងចក្រ ឧស្សាហកម្ម។ យ៉ាងណាមិញការអភិវឌ្ឍ​ឧស្សាហកម្មបាន និងកំពុងតែមានការរីកចម្រើនយ៉ាងខ្លំាង ហើយបានប្រែក្លាយខេត្តកំពង់ស្ពឺ ទៅជាតំបន់សក្តានុពលវិនិយោគលើពាណិជ្ជកម្ម និងលំនៅឋាន ដែលអាចទាក់ទាញបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន។

ដោយឡែកចំពោះខេត្តចំនួន២ ទៀតលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ( CVEA )សម្រាប់អាណត្តិទី​៨ ឆ្នាំ២០២៣-២០២៤  បានបង្ហើបពីត្រូវប៉ាន់ចំនួនពីរកន្លែងទៀតដែលតំបន់ដែលមានសក្កានុពលគឺមាន ខេត្តព្រះសីហនុ និង ខេត្តសៀមរាប។

9e61b786 2061 4784 8b19 6b7fab072aa4

៣.ខេត្តព្រះសីហនុ

បច្ចុប្បន្នខេត្តព្រះសីហនុកំពុងអភិវឌ្ឍន៍ខ្លាំង បន្ទាប់ពីមានផ្លូវល្បឿនលឿនចូលមក។ បើនិយាយចំពោះទីតាំងវិញតំបន់ដែលល្អមាននៅតំបន់ដែលជាប់ឆ្នេរ ឬនៅជិតផ្សារជាដើម ប៉ុន្ដែទីតាំងដែលមានសក្កានុពលបំផុតគឺនៅតំបន់រាម ។ ប្រធានសមាគមខាងលើបានបញ្ជាក់ថាមូលហេតុដែលរាមជាទីតាំងល្អក៏ព្រោះតែនៅទីនោះគឺមានផ្លូវធំជាច្រើនខ្សែរ និងសម្បូរទៅដោយដីធំៗ ហើយក៏សម្បូរអ្នកវិនិយោគធំៗចូលទៅផងដែរ។

៤.ខេត្តសៀមរាប

ចំពោះខេត្តសៀមរាបវិញគឺជាខេត្តមួយដែលជាប៉ូលសេដ្ឋកិច្ចយ៉ាងសំខាន់របស់កម្ពុជាដែលអាចទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិបានរាប់ពាន់អ្នកក្នុងមួយថ្ងៃៗ។ នៅក្នុងខេត្តនេះគឺមានតំបន់លេខ១ និងតំបន់លេខ២។

ចំពោះលេខ១ គឺនៅទិសខាងកើតដែលជាទិសទៅខាងរាជធានីភ្នំពេញ តំបន់នេះគឺជាតំបន់មួយដែលមានសក្ដានុពលរីកចម្រើនខ្ពស់ដោយយោងថា ជាទិសដៅទៅកាន់រាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច។​ មួយវិញទៀតដោយសារតែព្រលានយន្តហោះថ្មីគឺនៅទិសខាងកើតដូច្នេះការតភ្ជាប់សំណង់ផ្សេងៗគឺសុទ្ធតែចូលក្នុងក្រុងសៀមរាប អ៊ីចឹងការវិនិយោគនៅតំបន់ខាងកើតដែលរួមមាន ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី និងស្រុកសូទ្រនិគម សុទ្ធតែជាតំបន់ល្អ។

ចំពោះតំបន់លេខ២ វិញ គឺទិសខាងលិច គឺជាទិសដែលភ្ជាប់ទៅកាន់ព្រំដែនថៃ ដែលមានខេត្តបន្ទាយមានជ័យ ម្យ៉ាងវិញទៀតថ្មីៗនេះរាជរដ្ឋាភិបាលក៏បានលើកឡើងពីគម្រោងផ្លូវថ្មីមួយដែលភ្ជាប់ពីសៀមរាបទៅកាន់បាត់ដំបង ដូច្នេះធ្វើឱ្យចរាចរណ៍ក៏ដូចជាចំនួនមនុស្ស និងចរាចរណ៍ទំនិញចូលខេត្តសៀមរាបនឹងមានចំនួនកាន់តែច្រើន ហើយតំបន់ខាងលិចរួមមាន ស្រុកពួក និងស្រុកក្រឡញ់ ដោយហើយរាប់ជាមួយនិងផ្លូវជាតិលេខ៦ ផងដែរ៕

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia