អាយុ២៩ឆ្នាំ សល់លុយ ២លាន$ Charlie Chang ថាជំនាញពិសេស៥នេះ អាចរកចំណូលច្រើនជាងមុន១០០ដង
Kan DaraJANUARY 13 20231 K views

បុរសវ័យក្មេង Charlie Chang អាចរកចំណូលបាន១១ម៉ឺនដុល្លារក្នុង១ខែ បច្ចុប្បន្នលោកអាចសល់ទ្រព្យជាង២លាន ៣០ម៉ឺនដុល្លារហើយ បន្ទាប់ពីគាត់បានចាយពេលជាង៦ឆ្នាំ ក្នុងនាមជា Youtuber ផលិតមាតិកាអំពីលុយ និងការប្រើ​ប្រាស់លុយកាក់។ ធ្លាប់ជាក្មេងប្រុសដែលម្តាយបង្ខំឱ្យរៀនជំនាញដែលខ្លួនមិនចូលចិត្ត ទោះខំរៀនយ៉ាងណាក៏មិនចេះ ធ្វើការច្រើនមុខ ប៉ុន្តែគាត់បែរជាមកកាក់កប នឹងជំនាញ៥ដែលនាំឱ្យគាត់អាចរកចំណូលច្រើនជាងមុន១០០ដងឯណោះ។

១.ជំនាញសរសេរ

បុរសវ័យ២៩ឆ្នាំរូបនេះ គឺជាអ្នកធ្វើវីដេអូយូធូប ដូច្នេះហើយគាត់និយាយថាវីដេអូតម្រូវឱ្យគាត់នៅមុខកាមេរ៉ាវាមិនមែនដោយសារគាត់អាចនិយាយវាចេញមកដោយឯកឯងហើយត្រូវរហូតនោះទេ គឺវាបានមកពីជំនាញសរសេរ ដែលគាត់អាចសរសេរ សាច់រឿងនិងប៉ារ៉ូលសម្រាប់និយាយឱ្យបានច្បាស់ល្អ និងមានប្រធានប​ទល្អ ដើម្បីវីដេអូគុណភាព។

ជំនាញសរសេរនេះវាផ្តល់សារៈសំខាន់ខ្លាំងណាស់ ព្រោះថាវាធ្វើឱ្យគាត់មានភាពច្នៃប្រឌិត ចងចាំបានល្អ និងមានគំនិតថ្មីជាហូរហែ ម្យ៉ាងវិញទៀតវាមិនមែនសំខាន់ទាល់តែចេះឆ្អិនអីណាស់ណានោះទេ ​សំខាន់ឱ្យតែចាប់ផ្តើមសរសេរអ្វីដែលអ្នកនឹកឃើញ​ យ៉ាងហោចណាស់ចាយពេលជាមួយការសរសេរឱ្យបាន១០នាទីក្នុង១ថ្ងៃអ្នកនឹងឃើញរឿងអស្ចារ្យស្មានមិនដល់​ ។

២. ជំនាញនិយាយ

ការនិយាយគឺមានសារៈសំខាន់ណាស់ ព្រោះវាជាធ្នាក់សម្រាប់ទាក់អ្នកទិញ ហើយវាជាស្នៀតពិសេសមួយដែលបានកើតចេញពីការសរសេរ ពាក្យពេចន៍ល្អៗនិងប្រយោគទាក់ចិត្ត ជំនាញនេះអាចនាំអ្នកចាប់យកឱកាសថ្មីៗ និយាយឱ្យគេសប្បាយចិត្ត ទាក់បេះដូងភ្ញៀវជាដើម។ ដូចជាមហាសេដ្ឋីល្បីៗនៅជុំវិញពិភពលោក សុទ្ធតែជាវាគ្មិនពូកែនិយាយនិងមានជំនាញលក់។

សាកស្រមៃបន្តិចទៅមើល ប្រសិនបើអ្នកជាអ្នកលក់ផលិតផលអ្វីមួយ តើអ្នកអាចនិយាយអំពីការលក់បានល្អដោយរបៀបម៉េច តើអ្នកនឹងពន្យល់អតិថិជន អ្នកដោយលម្អិតនឹងខ្លីខ្លឹមដោយរបៀបណា? ការនិយាយល្អគឺកើតចេញពីការស្តាប់ ការសរសេរ និងការអាន។

៣.ជំនាញលក់

ជំនាញមួយនេះគឺជាជំនាញដែលសហគ្រិនភាគច្រើនចេះស្រាប់  ព្រោះវាជាជំនាញមួយដែលមិនអាចខ្វះបាន និងជាជំនាញដែលអាចប​ង្កើនប្រាក់ចំណេញដែលជាចំណូលមិនចេះចាស់គំរិលនោះទេ ។ ក្រៅពីរកស៊ីលក់ដូរខ្លួនឯង យើងអាចធ្វើជាឈ្មួលកណ្តាលលក់និងផ្សាយផលិតផលឱ្យគេ។ ជំនាញនេះវាកើតចេញពីការរៀនពីទំនាក់ទំនង  រៀនពីបុគ្គលពូកែលក់ និងការអនុវត្តផ្ទាល់ ហើយវាបង្កប់ទៅដោយទំនុកចិត្តលើផលិតផលរបស់ខ្លួនយើងផ្ទាល់ គួបផ្សំនឹងការបម្រើសេវាកម្មទៅដល់អតិថិជនឱ្យល្អបំផុតតាមដែលយើងអាចធ្វើបាន។

៤. ជំនាញបង្រៀន

ជំនាញដែលមិនត្រឹមតែបានលុយនោះទេ ថែមទាំងបាននូវគុណតម្លៃទៀត ព្រោះយើងបានបង្រៀនមនុស្សឱ្យចេះអ្វីដែលថ្មី។ ជារួមការបង្រៀននេះវាមិនចាំបាច់ទាល់តែអ្នកចេះគ្រប់យ៉ាងនោះទេ តែប្រាកដថាអ្នកមានជំនាញបង្រៀន​អ្ន​កដទៃនូវអ្វីដែលអ្នកបានចេះ។

ឧទាហរណ៍ Charlie Chang គាត់បានបើកវគ្គសិក្សាអំពីរបៀបធ្វើវីដេអូយូធូប ​និងលក់ផលិតលើអនឡាញខណៈដែលគាត់កំពុងអនុវត្តន៍វាស្រាប់  ហើយនេះជាអ្វីដែលគាត់អាចរកចំណូលបានមួយប្រភពទៀតដោយគាត់យកបទពិសោធន៍គាត់ក្នុងការធ្វើវាយកទៅបង្រៀនគេបន្តទៀត ឱ្យយល់នឹងអនុវត្តបាន ហើយគាត់បើក វគ្គសិក្សាតាមកម្មវិធី Zoom និងគិតតម្លៃ ៥០០ដុល្លារក្នុង១ម៉ោង អំពីរបៀបរកលុយ។

៥.ជំនាញគ្រប់គ្រង

ជំនាញដឹកនាំក្រុម គឺអាចនាំអ្នកដទៃធ្វើការឱ្យអ្នកដោយរីករាយនឹងរួមការងារជាមួយគ្នា ការគ្រប់គ្រងមនុស្សគឺជារឿងមួយដែលលំបាក។ ប៉ុន្តែ Charlie Chang និយាយថា​គាត់គឺជាអ្នកធ្វើវីដេអូហើយគាត់គួរតែរកនរណាម្នាក់មកកាត់វីដេអូឱ្យគាត់គឺល្អបំផុតហើយ ព្រោះអ្នកធ្វើអាជីវកម្មគ្មានអ្វីក្រៅពីយកពេលទៅវិនិយោគលើលុយ ហើយយកលុយមកវិនិយោគលើពេលវេលា​វិញដើម្បីភាពរីកចម្រើនមិនចេះរីងស្ងួតនោះទេ៕

គួរជម្រាបផងលោក  Charlie Chang គឺជាសហគ្រិនវ័យ២៩ឆ្នាំ ជាជនជាតិជប៉ុន-អាមេរិក កើតក្នុងឆ្នាំ១៩៩២ នាទីក្រុង Los Angles សហរដ្ឋអាមេរិក។ នាពេលបច្ចុប្បន្ននេះ​ មាតិកានិងការធ្វើយូធូបរបស់គាត់អាចទាញអ្នកតាមដានប្រមាណជាង ៨៧ម៉ឺននាក់ជាង និងរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយខែៗ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia