ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា(ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤)- ក្រុមហ៊ុន សែលកាត ដែលជាអ្នកផ្តល់សេវាទូរគមនាគមន៍ឈានមុខរបស់ប្រទេសកម្ពុជា មានមោទកភាពក្នុងការប្រកាសភាពជាដៃគូជាមួយអង្គការផេពភី លើកកម្ពស់យុវជន និងជាអង្គការមិនរកប្រាក់ចំណេញ ដើម្បីផ្តល់សិទ្ធិអំណាចដល់យុវជននៅកម្ពុជា។ ក្រុមហ៊ុន សែលកាត បានឧបត្ថម្ភលំដាប់ប្រាក់ សម្រាប់មហោស្រពសហគ្រិន ២០២៤ និងបានចូលរួមក្នុងព្រឹត្តិការណ៍នេះ នៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប។
កម្មវិធី មហោស្រពសហគ្រិន ២០២៤នេះ គឺជាវេទិកាបង្កើតឡើង ដើម្បីជំរុញស្មារតីសហគ្រិន ដល់យុវជនកម្ពុជាទាំងអស់ ដោយធ្វើបទបង្ហាញ ពីការចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុត្តន៍ និងទំនាក់ទំនងជាមួយភាគីសំខាន់ៗនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃការផ្តើមអាជីវកម្ម។ ការចូលរួមរបស់ក្រុមហ៊ុន សែលកាតនៅក្នុងព្រឹត្តិការណ៍នេះ ស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយលើកម្ពស់ ដល់ការអភិវឌ្ឍយុវជន និងគាំទ្រនវានុត្តន៍ឌីជីថល នៅកម្ពុជា។
នៅក្នុងកម្មវិធី មហោស្រពសហគ្រិននេះ ក្រុមហ៊ុន សែលកាត ក៏មានស្តង់មួយ ដែលអាចផ្តល់ជូនអ្នកចូលរួម រួមទាំងសិស្សានុសិស្ស គ្រូបង្រៀន សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនដែលទើបចាប់ផ្តើម អាចស្វែងយល់បន្ថែមអំពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនសែលកាត បានផងដែរ។ ក្រុមហ៊ុនបានផ្តល់ជូនពិសេស និងការបញ្ចុះតម្លៃដល់អ្នកចូលរួម ដោយលើកទឹកចិត្តពួកគេឲ្យស្វែងយល់ សម្រាប់ឲ្យក្រុមហ៊ុន សែលកាត អាចគាំទ្រសហគ្រិនភាពរបស់ពួកគេ។
លោក Johnny Wong អគ្គនាយកប្រតិបត្តិ នាយកដ្ឋានពាណិជ្ជកម្ម នៃក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា "យើងខ្ញុំ ពិតជារំភើបក្នុងការចាប់ដៃគូជាមួយ អង្គការផេពភី ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ សហគ្រិនភាព គឺជាកម្លាំងដ៏មានឥទ្ធិពលសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ហើយយើងជឿជាក់ថា យុវជនកម្ពុជាមានសក្តានុពលពេញលេញ និងជាកត្តាលិករក្នុងការធ្វើឲ្យមានបម្រែបម្រួលនេះ។ យើងខ្ញុំ មានមោទកភាពក្នុងការគាំទ្រ ការខិតខំប្រឹងប្រែងរបស់ពួកគាត់" ។
លោក មាន លុជ្យ នាយកគ្រប់គ្រងអង្គការផេពភី លើកកម្ពស់យុវជន បានមានប្រសាសន៍ថា “អង្គការផេពភី លើកកម្ពស់យុវជន មានមោទកភាព ដែលបានក្រុមហ៊ុន សែលកាត គាំទ្រកម្មវិធី មហោស្រព សហគ្រិន នៅឆ្នាំនេះ។ ទស្សនៈវិស័យ របស់យើងក្នុងការគាំទ្រយុវជន និងការអប់រំ គឺស្របគ្នាជាមួយនឹងការវិនិយោគរបស់ក្រុមហ៊ុន សែលកាត សម្រាប់នវានុវត្តន៍ឌីជីថលយុវជន ដែលគាត់ជាអនាគតនៃសេដ្ឋកិច្ចកម្ពុជា។ ខ្ញុំរីករាយណាស់ ដែលអាចឲ្យការសហការនេះ ក្លាយជាចំណែកមួយ ស្ថិតក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។”
ការចូលរួមរបស់ក្រុមហ៊ុន សែលកាត នៅក្នុងកម្មវិធី មហោស្រពសហគ្រិន ជាមួយអង្គការផេពភី គ្រាន់តែជាឧទាហរណ៍មួយ នៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះទំនួលខុសត្រូវសង្គម និងការយកចិត្តទុកដាក់ក្នុងការគាំទ្រយុវជននៅកម្ពុជា។ តាមរយៈការគាំទ្រគំនិតផ្តួចផ្តើមបែបនេះ ក្រុមហ៊ុន សែលកាត មានគោលបំណងបង្កើតឲ្យមានផលវិជ្ជមានជាច្រើន ដល់អនាគតរបស់ប្រទេសជាតិ។
អំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ( សែលកាត)
ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។
ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។