កម្ពុជាត្រូវបានវាយតម្លៃជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានប្រជាជនពូកែចងមិត្តភាព មានភាពរួសរាយរាក់ទាក់ជាងគេលើលោក វ៉ាដាច់ប្រទេសជិតខាងដូចជាថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងឡាវ ក្នុងចំណោមប្រទេសចំនួន១០។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍។
ការវាយតម្លៃនេះធ្វើឡើងដោយភ្នាក់ងារផ្សព្វផ្សាយទេសចរណ៍និងណែនាំភ្ញៀវពិភពលោក Rough Guide ដោយកម្ពុជាជាប់លេខ១ ហ្វីលីពីនជាប់លេខ២ ឡាវជាប់លេខ៣ នេប៉ាល់ជាប់លេខ៤ ថៃជាប់លេខ៥ មីយ៉ាន់ម៉ាជាប់លេខ៦ ឥណ្ឌូនេស៊ីជាប់លេខ៧ ហ្វីជី(Fiji) ជាប់លេខ៨ ស្កុតឡែនជាប់លេខ៩ និងស្រីលង្កាជាប់លេខ១០។
គួរជម្រាបផងដែរថាភ្នាក់ងារផ្សព្វផ្សាយទេសចរណ៍ Rough Guide បានបង្កើតឡើងក្នុងឆ្នាំ១៩៨២ ក្រុមហ៊ុន Rough Guides Ltd នេះគឺជាគ្រឹះស្ថានបោះពុម្ពផ្សាយឌីជីថល នៅចក្រភពអង់គ្លេសអំពីសៀវភៅមគ្គុទ្ទេសក៍ ជាសៀវភៅណែនាំការធ្វើដំណើរទេសចរណ៍ជុំវិញពិភពលោក និងជាក្រុមហ៊ុនដឹកនាំការធ្វើដំណើរភ្ញៀវទេសចរផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង