ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ “ពន្លកបៃតង” និងការប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមទូទាំងប្រទេសក្នុងឆ្នាំ២០២៥ ក៏មានចែកកូនឈើជាច្រើនប្រភេទដោយឥតគិតថ្លៃរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នៅវិមានឈ្នះ-ឈ្នះ។
ជាមួយគ្នានោះដែរ ក្នុងពិធីបើកប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥ ខែសីហា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ក្នុងកំលុងពេល៣ថ្ងៃនៃព្រឹត្តិការណ៍នេះ មានការដាក់តាំងបង្ហាញសមិទ្ធផលនានារបស់ក្រសួងបរិស្ថាន អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសមាគមយុវជន ព្រមទាំងផលិតផលខ្មែរ និងផលិតផលជីវៈចម្រុះពីសហគមន៍។ ក្នុងព្រឹត្តិការណ៍នេះ ការចែកកូនឈើដល់សាធារណជន ជាការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្រឡាញ់ និងចូលរួមដាំដើមឈើ បង្កើនវិសាលភាពគម្របព្រៃឈើនៅកម្ពុជា សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រិតកាបូននៅឆ្នាំ២០៥០។
សូមរំលឹកផងដែរថា គិតត្រឹមថ្ងៃទី១០កក្កដា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន បានចែកកូនឈើសរុបចំនួន៧៧៧៩៦៨ដើម ក្នុងនោះកូនត្នោតចំនួន១៨៩០៦៨ដើម, កូនឈើព្រៃ៥៤១៥៤៩ដើម និងកូនឈើហូបផ្លែចំនួន ៤៧៣៦១ដើម៕