កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ រាជធានីភ្នំពេញ បានប្រកាសដល់ម្ចាស់ទីតាំងអាជីវកម្មបញ្ចាំទាំងអស់នៅរាជធានីភ្នំពេញ ដែលមានលិខិតអនុញ្ញាតទីតាំងអាជីវកម្មផុតសុពលភាព និង ពុំមានលិខិតអនុញ្ញាតទីតាំងអាជីវកម្មពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវមកបំពេញបែបបទស្នើសុំលិខិតអនុញ្ញាតជាបន្ទាន់ ខណៈទុកពេលឲ្យ ៣០ថ្ងៃ។
យោងតាចសេចក្ដីជូនដំណឹង ការប្រកាសនេះធ្វើឡើងក្រោយរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយនិយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ហាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទួលគោក ចុះពិនិត្យឃើញថា ទីតាំងអាជីវកម្មបញ្ចាំភាគច្រើនមាន លិខិតអនុញ្ញាតត្រឹមត្រូវពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬ ក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែ ទីតាំងខ្លះ លិខិតអនុញ្ញាតទីតាំងអាជីវកម្មផុតសុពលភាព ហើយទីតាំងខ្លះទៀត ពុំមានលិខិតអនុញ្ញាតទីតាំង អាជីវកម្មបញ្ចាំពីរដ្ឋបាលរាជធានីភ្នំពេញ។
ជាមួយគ្នានេះក្រុមការងារក៏បានពិនិត្យឃើញថា ទីតាំង អាជីវកម្មមួយចំនួនបានអនុវត្តខុសពីគោលការណ៍ និងលក្ខខណ្ឌផ្សេងៗរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបញ្ចាំរថយន្ត ម៉ូតូ និងសម្ភារៈមានតម្លៃផ្សេងៗ ដោយមិនមាន លិខិតស្នាមច្បាស់លាស់។
ដូច្នេះដើម្បីចូលរួមអនុវត្ដគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងកាត់បន្ថយបទល្មើសផ្សេងៗនៅរាជធានីភ្នំពេញ ជាពិសេសអនុវត្ដតាមគោលការណ៍ និងលក្ខខណ្ឌផ្សេងៗរបស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មដែលមានបញ្ហាដូចបានរៀបរាប់ខាងលើ ត្រូវមកបំពេញបែបបទស្នើសុំលិខិតអនុញ្ញាតទីតាំងអាជីវកម្មឲ្យបានរួសរាន់ ក្នុងរយៈពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃទីជូនដំណឹងតទៅ។
ជាមួយគ្នានេះ ប្រសិនបើម្ចាស់ទីតាំងអាជីវកម្មដែលមិនបានបំពេញនៅក្នុងរយៈពេលដែលបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់បិទទីតាំងអាជីវកម្មមិនឲ្យបើកដំណើរការតទៅទៀតឡើយ៕