ស្ពានខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជាដែលមានកម្ពស់ ៩០ ម៉ែត្រលើបណ្តោយផ្លូវជាតិលេខ ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុងបានសម្រេចការសាងសង់ប្រមាណ ៩០ភាគរយហើយ គ្រោងនឹងដាក់ឲ្យដំណើរការសាកល្បងជាចុងខែមីនា ឆ្នាំ២០២៥។ នេះបើយោងតាមការបញ្ជាក់ពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។
សូមជម្រាបថា ស្ពានខ្ពស់ជាងគេនេះ មានចំណុចកណ្តាលស្ពានស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់តាមជ្រលងស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ ៩០ដឺក្រេ។ សំណង់ផ្នែកខាងលើមានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកើតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹមប្រអប់ខ្សែកាបទាញមាន៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ។
ចំណែកឯសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និងប្រភេទគ្រឹះខួង ព្រមទាំងធ្នឹមទទឹងប្រើសសរបែបជញ្ជាំងជួរឈរ និងប្រភេទគ្រឹះខួង។
គួរជម្រាបផងដែរថា គម្រោងស្ពានលេខ២៨នេះ បានបើកការដ្ឋានសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២៣ និងចំណាយរយៈពេលសាងសង់ចំនួន ២៨ ខែ។ ខណៈតួរស្ពានត្រូវបានរចនាឡើងតាមចិនហាយវ៉េកម្រិត ៣ ដែលមានបន្ទុក ( Design Load) ចំនួន ៥៥ តោន៕