ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានបង្កើតការអភិឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាផ្លូវថ្នល់ ផ្លូវដែក ស្ពាន អាកាសយានដ្ឋាន និងកំពងផែជាដើម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺពេលនេះ កម្ពុជាបានលេចរូបរាងនូវគម្រោងធំៗចំនួន ខណៈកន្លងមកគម្រោងទាំងនេះគឺធ្លាប់តែឃើញមាននៅក្នុងប្រទេសផ្សេងៗតែប៉ុណ្ណោះ។ ដោយគម្រោងទាំង ២ នោះរួមមាន៖
១. ស្ពានខ្ពស់ជាងគេកម្ពស់៧៥ ម៉ែត្រ
ស្ពានតភ្ជាប់បណ្ដោយផ្លូវជាតិលេខ ១០ ស្ថិតនៅក្នុងខេត្ដស្ថិតនៅក្នុងខេត្ដពោធិ៍សាត់ មានកម្ពស់រហូតដល់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ជាស្ពានខ្ពស់ ជាងស្ពានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ ក៏បានធ្វើការចុះពិនិត្យទីតាំងស្ពានមួយកន្លែងនេះផងដែរ។
២. ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា ហើយកន្លងមកយើងធ្លាប់តែឃើញផ្លូវប្រភេទនេះ នៅក្នុងប្រទេសធំៗលើពិភពលោកតែប៉ុណ្ណោះ។ យ៉ាងណាគិតមកដល់ពេលនេះការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះបានសម្រេចការសាងសង់ជាង ៩០ ភាគរយៈហើយ ហើយតាមគ្រោងទុកអាចនឹងបើកដំណើរការនៅចុងឆ្នាំនេះ។
ជាក់ស្ដែងយើងតាមការដកស្រង់ពីផេក ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី ២១ ខែមិថុនា ការក្រាលផ្លូវកៅស៊ូរបស់ការដ្ឋានទី១ ដែលជាខ្សែផ្លូវសំខាន់នៃគម្រោងផ្លូវល្បឿនលឿនការសាងសង់ត្រូវបានបញ្ចប់ដោយជោគជ័យ។
សូមជម្រាបថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ខណៈអ្នកទទួលការសាងសង់ផ្លូវនេះ គឺក្រុមហ៊ុន ឆាយណា រ៉ូដ អេន ប្រ៊ីដ។ ហើយចំពោះថវិកាដែលចំណាយលើការសាងសង់វិញមានប្រមាណ២ ០០០លានដុល្លារអាមេរិក៕
អត្ថបទ៖ កឹម ប៊ុនធឿន