សេដ្ឋី Bill Gates ប្រាប់រឿងពីបច្ចេកវិទ្យាថ្មី១ ដែលមកជំនួស Amazon&Google នាពេលខាងមុខ
Kan DaraJUNE 1 20231.4 K views

បច្ចេកវិទ្យាឆ្លាតវៃ AI គឺជារបរគំហើញថ្មីមួយដែលមានគុណប្រយោជន៍ អាចចូលមកសម្រួលការងាររបស់មនុស្ស ប៉ុន្តែពិភពលោកក៏កំពុងមានការព្រួយបារម្ភអំពីគុណវិបត្តិរបស់វាខ្លាំងផងដែរស្របពេលដែលគេពុំនឹកស្មានដល់ថាវាអាចនឹងចូលមកជំនួសការងារច្រើនពេកនិងអាចក្លាយជាគូប្រជែងយ៉ាងងាយស្រួលជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក​ CNBC។

តាមប្រភពដដែលបន្តឱ្យដឹងថាមហាសេដ្ឋី Bill Gates ​បានលើកឡើងអំពីបច្ចេកវិទ្យា AI personal assistant ដែលជាបច្ចេកវិទ្យាថ្មី១ មានទម្រង់ដូចជាមនុស្សអាចយល់អំពីអ្វីដែលអ្នកប្រើប្រាស់និយាយទៅកាន់វា​ អាចស្ទង់ដឹងទម្លាប់ និងអ្វីដែលអ្នកប្រើប្រាស់ចង់បាន ហើយមុខងារនេះនឹងចូលមកជំនួសតំណែងបច្ចេកវិទ្យាយក្ស Amazon និង Google លើរឿងធំៗ៣ខាងក្រោមនេះ៖

ទី១នៅពេលដែលគេចង់ដឹងអ្វីមួយគេនឹងលែងវាយពាក្យថា Search នៅលើកម្មវិធី Google ឬក៏ Microsoft Bing ទៀតហើយព្រោះនៅពេលដែលយើងសួរអ្វីមួយទៅកាន់ AI នោះវានឹងអាចឆ្លើយបានយ៉ាងឆ្លាតវៃដូចជាការសន្ទនារវាងមនុស្សនិងមនុស្សដូចគ្នា ព្រមទាំងអាចឆ្លើយបាននូវគ្រប់សំណួរដែលយើងត្រូវការចង់ដឹង។

ចំណែកឯទី២ បច្ចេកវិទ្យាដ៏ខ្លាំងក្លានេះ ​នឹងអាចវាស់ស្ទង់ដឹងពីចិត្តនិងទម្លាប់របស់អ្នកប្រើប្រាស់វាថែមទៀត ដូចជាដឹងថាអ្វីដែលមនុស្សត្រូវការនៅលើ Internet កំពុងចង់រកអ្វី​​ នោះវានឹងអាចជួយបានឱ្យងាយស្រួលជាងមុន។ ឧទាហរណ៍ដូចជាអ្នកត្រូវការស្បែកជើងមួយគូឬរបស់ប្រើប្រាស់ណាមួយនោះ អ្នកមិនចាំបាច់កម្មង់ឬទិញនៅលើអនឡាញនោះទេវានឹងប្រាប់កន្លែងហាងណាដែលលក់របស់ដែលអ្នកកំពុងត្រូវការនោះបាន ដោយនៅទីតាំងជិតអ្នកបំផុត។ 

លើសពីនេះទៀតរឿងទី៣នោះគឺ Amazon ក៏AI អាចជំនួសបានដែរដោយវានឹងធ្វើយ៉ាងណាជួយមនុស្សដែលចង់កាត់បន្ថយចំណាយលុយផ្តាសផ្តោសលើការទិញទំនិញអនឡាញ ប៉ុន្តែមិនអាចហាមឃាត់ខ្លួនឯងបាននោះវានឹងផ្តល់ជម្រើសយ៉ាងណាឱ្យមនុស្សឈប់ចំណាយច្រើន។ ឧទាហរណ៍អ្នកចង់ទិញសៀវភៅនៅលើAmazon នោះវានឹងប្រាប់អ្នកអំពីប្រភេទសៀវភៅដែលអ្នកចង់បាននោះថាមាននៅក្នុងបណ្ណាល័យណាមួយ ជំនួសឱ្យអ្នកចំណាយលុយទិញវានៅតាមអ៊ីនធើណេត។

ទាំងអស់នេះជាអ្វីដែលបិតាបច្ចេកវិទ្យា Bill Gates បានមានប្រសាសន៍នៅក្នុងកម្មវិធី Goldman Sachs នៅទីក្រុង San Francisco នៅថ្ងៃទី២២ខែឧសភាកន្លងទៅ។ គួរជម្រាបផងដែរថាមហាសេដ្ឋីវ័យ៦៧ឆ្នាំរូបនេះបានសង្កត់ធ្ងន់ដែរថា “រឿងទាំងនេះអាចមានឱកាសកើតឡើងក្នុងចន្លោះ ៥០/៥០% ប៉ុណ្ណោះព្រោះបច្ចេកវិទ្យា Artificial intelligence (AI)  គឺត្រូវការពេលវេលាវិវត្តន៍ខ្លួនដើម្បីក្លាយជាដៃគូប្រកួតប្រជែងលើក្រុមហ៊ុនយក្សចាស់វស្សាផ្សេងៗក្នុងវិស័យតិចណូឡូជី៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia