កាន់តែចំណេញពេល ខណៈផ្លូវកាត់ថ្មី​ពីបាត់ដំបង​ទៅសៀមរាប ​ប្រើពេលតែជាង១ម៉ោងប៉ុណ្ណោះ                                                                  
Bunthoeun KoemFEBRUARY 1 2023678 views

ចំពោះបងប្អូនដែលធ្វើដំណើរចេញពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាបឬពីសៀមរាបមកបាត់ដំបងនឹងលែងពិបាកវៀងផ្លូវឆ្ងាយទៀតហើយ ខណៈរាជរដ្ឋាភិបាលនឹងសាងសង់ផ្លូវកាត់ប្រវែង ៧៤ គីឡូម៉ែត្រ ដែលចំណាយពេលវេលាធ្វើដំណើរប្រហែលមួយម៉ោងប៉ុណ្ណោះ។ ហើយចំពោះការសាងសង់វិញក៏អាចនឹងចាប់ផ្ដើមនៅក្នុងឆ្នាំ២០២៤ ខាងមុខផងដែរ។ 

ជាក់ស្ដែងយោងតាមប្រសាសន៍របស់ឯកឧត្តម ព្រួញ រិទ្ធិ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងក្នុងសន្និសីទ​សារព័ត៌មាន​ ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង» កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា​ «ផ្លូវបាត់ដំបង-សៀមរាប យើងអាចដំណើរការ២០២៤។ ផ្លូវនេះគឺជាសរសៃឈាមមួយសម្រាប់ទំនាក់ទំនង ជាពិសេសភ្ញៀវជាតិ និងអន្ដរជាតិ គឺយើងអាចធ្វើដំណើរពីសៀមរាបមកលេងបាត់ដំបងគឺរយៈពេលចំណាយយ៉ាងតូចគឺ១ម៉ោង។ ហើយគម្រោងនេះគឺជាគម្រោងអទិភាពរបស់រាជរដ្ឋាភិបាល»។

Photo 2023 02 01 16 54 47 (2)

នៅក្នុងសន្និសីទសារព័ត៌មានខាងលើនេះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងក៏បានលើកឡើងពីគុណប្រយោជន៍នៃគម្រោងផ្លូវកាត់នេះផងដែរ។ ដោយក្រៅតែជួយកាត់បន្ថយការធ្វើដំណើរ ផ្លូវនេះក៏ជួយស្រូបទាញភ្ញៀវទេសចរមកលេងខេត្ដបាត់ដំបងកាន់តែច្រើនថែមទៀតផង

ដោយក្នុងឯកឧត្ដមអភិបាលខេត្ដបានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ផ្លូវបាត់ដំបងទៅសៀមរាប ដែលជាផ្លូវកាត់ប្រវែង ៧៤ គីឡូម៉ែត្រនេះ បើយើងបានដំណើរកសាងហើយទទួលបានសមិទ្ធផលនេះគឺអស្ចារ្យណាស់។ ពីសៀមរាបមកបាត់ដំបងគឺធ្វើដំណើរប្រហែលតែមួយម៉ោងប៉ុណ្ណឹង អ៊ីចឹងទេប្រាដកណាស់នឹងនាំទេសចរណ៍ពីសៀមរាបទៅបាត់ដំបងបន្ថែមទៀត ដើម្បីផ្ដល់កំណើតសេដ្ឋកិច្ចដល់បងប្អូនខេត្ដបាត់ដំបង»

សូមជាម្រាបផងដែរថា គម្រោងផ្លូវដ៏សំខាន់នេះ ត្រូវបានលើកយកមកពិភាក្សា ក្រោយមានសំណើពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទាំងពីដើមឆ្នាំ ២០២០មកម៉្លេះ។ ហើយគម្រោងស្ថាបនាផ្លូវជាតិថ្មីមួយខ្សែនេះ នឹងសាងសង់ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ហើយនៅពេលផ្លូវនេះលេចចេញជារូបរាងវានឹងជួយកាត់បន្ថយចម្ងាយធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមកខេត្ដទាំងពីរជិត១០០គីឡូម៉ែត្រឯណោះ៕

អត្ថបទដោយ៖ ឌឿក ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia