ប្រវត្តិសាស្រ្តថ្មី! Apple ក្លាយជាម៉ាកទី១លើលោក មានតម្លៃ១ទ្រីលា.នដុល្លា.រ ដោយសារហេតុផលនេះ
Ping Chou EngJUNE 14 2024317 views

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានក្លាយជាម៉ាកយីហោ (Brand Name) ដំបូងគេនៅលើពិភពលោកដែលមានតម្លៃម៉ាក ១ទ្រីលានដុល្លារ ពោលគឺកើនឡើង ១៥% ធៀបនឹងឆ្នាំមុន នេះបើយោងតាមចំណាត់ថ្នាក់សកលរបស់ Kantar ដែលបានចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា។

ចំពោះការកើនឡើងតម្លៃនៃឈ្មោះយីហោរហូតដល់កម្រិត១ទ្រីលានដុល្លារនេះដែរ គឺដោយសារផលិតផលរបស់ Apple កំពុងមានការគាំទ្រខ្លាំងទូទាំងសកលលោក ហើយក្រុមហ៊ុនតែងតែស្វែងរកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីអាចបំពេញតម្រូវការអតិថិជនគ្រប់មជ្ឈដ្ឋានបាន។

តាមប្រភពពីទីភ្នាក់ងារសារព័ត៌មានReuters បាន​ឱ្យដឹងថា រយៈពេល៣ឆ្នាំជាប់ៗគ្នា Apple បាន​រក្សា​តំណែង​របស់​ខ្លួន​ជា​ម៉ាក​យីហោ​ដ៏​មាន​តម្លៃ​បំផុត​របស់​ពិភពលោកនិងបានកើនឡើងដល់១ទ្រីលានដុល្លារក្នុងឆ្នាំ២០២៤នេះ ដោយតាមពី​ក្រោយ​ក្រុមហ៊ុន Google Alphabet ដែលមានតម្លៃម៉ាក៧៥៣ ពាន់​លាន​ដុល្លារ និងក្រុមហ៊ុន Microsoft មានតម្លៃ​ម៉ាក៧១៣ពាន់​លាន​ដុល្លារ។

យ៉ាងណាមិញកាលពីដើមសប្តាហ៍នេះ Apple ក៏បានបញ្ចេញមុខងារ AI ថ្មីផងដែរ ដែលក្រុមហ៊ុនរំពឹងថាមុខងារនេះនឹងជំរុញនូវតម្រូវការប្រើប្រាស់ iPhones ហើយប្រឆាំងការធ្លាក់ចុះនៃការលក់ លើផលិតផលស្មាតហ្វូនរបស់ខ្លួន ដែលត្រូវបានរងផលប៉ះពាល់ ដោយការប្រែប្រួលនៃការចំណាយរបស់អ្នកប្រើប្រាស់ និងការប្រកួតប្រជែងកាន់តែខ្លាំងពីគូប្រជែងក្នុងវិស័យបច្ចេកវិទ្យាស្មាតហ្វូន។

ជាការពិតណាស់ត្បិតតែ Apple កំពុងមានតម្លៃម៉ាកយីហោ១ទ្រីលានដុល្លារ ប៉ុន្តែបើប្រៀបធៀបតម្លៃក្រុមហ៊ុនក្នុងទីផ្សារភាគហ៊ុន Apple មានតម្លៃទីផ្សារត្រឹម ៣.១៨ទ្រីលានដុល្លារប៉ុណ្ណោះ ដែលកំពុងដើរតាមពីក្រោយក្រុមហ៊ុន Microsoft ដែលមានតម្លៃទីផ្សារប្រមាណ .២២ទ្រីលានដុល្លារឯណោះ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia