យោងតាមការចុះពីក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នេះបានឲ្យដឹងថា អាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដំបូងគេនៅកម្ពុជារបស់អង្គរវ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម នឹងបើកដំណើរការនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២។
គម្រោងអាងពិព័រណ៍នេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩ ហើយបានបញ្ចប់ជាស្ថាពរ ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ ២០២២។ អាងពិពណ៌ត្រីនេះមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប នឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមានស្រាប់ក្នុងព្រះរាជាណាចក្រកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។ ក្នុងដំណាក់កាលទី១ ក៏មានតាំងពិពណ៌សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និងក្រពើភ្នំ...។ល។
គម្រោងនេះសង្កត់ធ្ងន់លើការអភិរក្ស អប់រំ និងទេសចរណ៍ជាមួយនឹងកន្លែងកំសាន្តប្លែកៗ សំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ ភ្ញៀវទេសចរទាំងអស់នឹងទទួលបានផលិតផលទេសចរណ៏ប្លែកមួយដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម។
តាមការបញ្ជាក់ពីអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម បន្ទាប់ពីបើកដំណើរការដំណាក់កាលទី១ ក្រុមហ៊ុននឹងបន្តសាងសង់ដំណាក់កាលទី២ និងដំណាក់កាលបន្តបន្ទាប់លើផ្ទៃដីសរុប ១០០ហិចតា។ សូមជម្រាបថា អង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម មានអាសយដ្ឋាននៅតាមបណ្ដោយ ផ្លូវជាតិលេខ៦A, ភូមិក្បូន, ឃុំខ្ចាស់, ស្រុកសូទ្រនិគម, ខេត្តសៀមរាប៕
អត្ថបទ៖ កឹម ប៊ុនធឿន